អន្តរជាតិ
សង្ខេប​ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំ​សប្តាហ៍
16, May 2021 , 10:29 pm        
រូបភាព
ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ បញ្ហាកូវីដ-១៩ នៅតែជាប្រធានបទដ៏ក្តៅ ខណៈករណីឆ្លងនៅឥណ្ឌាហាក់ថយចុះ ប៉ុន្តែអ្នកស្លាប់នៅតែបន្តកើនឡើងខ្ពស់។ ការវាយប្រហារគ្នាទៅវិញទៅមករវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល បានកើនឡើងជាថ្មី ដែលក្រុមហាម៉ាស់ បានបាញ់គ្រាប់រ៉ុក្កែកច្រើនជាង ២០០០គ្រាប់ទៅក្នុងដីអ៊ីស្រាអែល។

 
ខាងក្រោមនេះ គឺជាព្រឹត្តិការណ៍សង្ខេបសំខាន់ៗប្រចាំសប្តាហ៍៖ 
 
ថ្ងៃទី១០ ខែឧសភា 
 
អង្គការសុខភាពពិភពលោក (WHO) បានបញ្ចូលជំងឺកូវីដ-១៩ ដែលរក ឃើញដំបូងនៅឥណ្ឌា ទៅក្នុងប្រភេទគួរឱ្យបារម្ភ (variant of concern) ។
 
ក្រុមហ៊ុនឱសថអាល្លឺម៉ង់ BioNTech ដែលសហការផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាមួយក្រុមហ៊ុន Pfizer នឹងបើកស្នាក់ការប្រចាំតំបន់នៅសិង្ហបុរី។ ក្រុមហ៊ុន ក៏នឹងបោះទុនបង្កើតរោងចក្រផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ និងឱសថផ្សេងទៀតផងដែរ។ 
 
ថ្ងៃទី១១ ខែឧសភា
 
របាយការណ៍ដែលចេញដោយវិទ្យាស្ថានស្ថិតិរបស់ចិន អះអាងថា ចំនួនប្រជាជនសរុបរបស់ចិនកើនដល់១,៤១១ពាន់លាននាក់ឯណោះ ខណៈចំនួនប្រជាជនចិនក្នុងការធ្វើស្ថិតិចុងក្រោយនៅឆ្នាំ២០១០ មានចំនួន១,៣៧ពាននាក់។
 
ការវាយប្រហាររវាងអ៊ីស្រាអែល និងក្រុមយុទ្ធជនប៉ាឡេស៊្ទីនពីតំបន់កាហ្សា ស្រ្ទីប ទៅវិញទៅមក បានបង្កឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ៣៥នាក់។
 
ថ្ងៃទី១២ ខែឧសភា
 
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបន្ទាន់មួយទៀត ដើម្បីជជែកពីការប្រទូស្តរ៉ាយរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។ យ៉ាងណាមិញ កិច្ចប្រជុំបន្ទាន់មួយនេះ នៅតែមិនអាចចេញសេចក្តីថ្លែងការណ៍រួមបានឡើយ ដោយសារអាមេរិកជំទាស់។
 
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក ប្រកាសថា ខ្លួនបានរកឃើញករណីកំណកឈាមសរុប២៨ករណី ដែលកើតឡើងក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ របស់ក្រុមហ៊ុន Johnson & Johnson ។
 
ថ្ងៃទី១៣ ខែឧសភា 
 
នាយិកា CDC អាមេរិក លោកស្រី Rochelle Walensky បានលើកឡើងថា ពលរដ្ឋអាមេរិកដែលទទួលបានវ៉ាក់សាំងបង្ការកូវីដ-១៩ រួចរាល់ នឹងមិនចាំបាច់ពាក់ម៉ាស់ទៀតឡើយនៅស្ទើរគ្រប់កន្លែង មិនថានៅខាងក្រៅ ឬខាងក្នុងអាគារឡើយ និងការធ្វើដំណើរនានា។
 
ប្រមុខការទូតអាមេរិក អាន់តូនី ប្ល៊ីងខិន ប្រកាសនៅចំពោះមុខសមភាគីអូស្ត្រាលីថា អាមេរិកនឹងមិន ទុកឱ្យអូស្ដ្រាលីប្រឈមមុខតែឯងនឹងការបិទផ្លូវសេដ្ឋកិច្ចដោយចិនឡើយ។
 
ថ្ងៃទី១៤ ខែឧសភា
 
អ្នកកាសែតជប៉ុនម្នាក់ដែលត្រូវចាប់ខ្លួន និងចោទប្រកាន់នៅមីយ៉ាន់ម៉ា ត្រូវបានដោះលែង និងបញ្ជូនទៅកាន់ជប៉ុនវិញ។
 
រុស្ស៊ី កាលពីថ្ងៃទី១៤ ខែឧសភា បានសម្រេចដាក់អាមេរិក និងសាធារណរដ្ឋឆែក ក្នុងបញ្ជីជា «រដ្ឋអមិត្ត» ស្របពេលទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាមួយនឹងរុស្ស៊ី កំពុងស្ថិតក្នុងស្ថានភាពល្អក់កករ។
 
ថ្ងៃទី១៥ ខែឧសភា
 
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអាន់តូនីញ៉ូ ហ្គូតេរ៉េស បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញការវាយប្រហាររបស់អ៊ីស្រាអែលលើអាគារស្នាក់នៅរបស់អ្នកសារព័ត៌មានអន្តរជាតិ។ បើតាមលោក ហ្គូតេរ៉េស ការវាយប្រហារមិនរើសមុន គឺជាការបំពានច្បាប់អន្តរជាតិ។ 
 
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ បានសន្យា បន្តវាយប្រហារតាមផ្លូវអាកាសលើក្រុមហាម៉ាស់ ស្របពេលការបាញ់ប្រហារទៅវិញទៅមករវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ឈានដល់ថ្ងៃទី៧៕
 

© រក្សាសិទ្ធិដោយ thmeythmey.com