អន្តរជាតិ
ថៃមានអ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃដល់ទៅជិត១ម៉ឺននាក់ ក្រោយផ្ទុះករណីឆ្លងក្នុងគុក
17, May 2021 , 11:59 am        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ថៃ នៅថ្ងៃទី១៧ ខែឧសភា បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃចំនួន៩៦៣៥ករណី ដែលជាចំនួនឆ្លងប្រចាំថ្ងៃច្រើនបំផុត។ ភាគច្រើននៃអ្នកឆ្លងនេះជាអ្នកទោស និងមន្រ្តីពន្ធនាគារក្នុង ទីក្រុងបាងកកដែលមានដល់៦៨៥៣នាក់។ ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះកំពុងតែប្រយុទ្ធជាមួយ រលកទី៣នៃជំងឹកូវីដ-១៩ ខណៈយុទ្ធនាការចាក់វ៉ាក់សាំងនៅមិនទាន់បានធ្វើឡើងទូទាំងប្រទេសនៅ ឡើយ។


 
ចំនួនករណីវិជ្ជមានប្រចាំថ្ងៃជិត១ម៉ឺនករណី ជាតួលេខឆ្លងខ្ពស់បំផុតរបស់ថៃមិនធ្លាប់មានឡើយ តាំងពីការផ្ទុះជំងឺកូវីដ-១៩ មក។ ក្នុងចំណោមករណីថ្មីនេះ អ្នកឆ្លងជំងឺកូវីដ-១៩ ពីក្នុងពន្ធនាគារ ទីក្រុងបាងកកមានដល់ទៅ៦៨៥៣នាក់ និងក្នុងសហគមន៍មានចំនួន២៧៨២នាក់។ 
 
ស្របពេលករណីឆ្លងបន្តកើនឡើង ថៃប្រឈមមុខបញ្ហាវ៉ាក់សាំងថែមទៀត។ យុទ្ធនាការចាក់វ៉ាក់សាំង ថៃនៅមានភាពយឺតយ៉ាវនៅឡើយដោយមិនទាន់បានចាប់ផ្តើមចាក់ជូនប្រជាជនទូទៅនោះទេ។ ថៃ ទើបតែបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានជាង២លានដូសដល់បុគ្គលិកជួរមុខ និងក្រុមមនុស្ស ដែលប្រឈមហានិភ័យខ្ពស់ប៉ុណ្ណោះ។ ថៃបានប្រើវ៉ាក់សាំក្រុមហ៊ុន Sinovac Biotech របស់ចិន និង AstraZeneca។
 
កម្មវិធីចាក់វ៉ាក់សាំងបង្ការទ្រង់ទ្រាយធំនៅថៃ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅខែមិថុនាខាងមុន ជាមួយវ៉ាក់សាំង AstraZeneca ដែលផលិតក្នុងស្រុក។ ការចុះឈ្មោះចាក់វ៉ាក់សាំងត្រូវបានបើក ឱ្យជាសាធារណៈនៅចុងសប្តាហ៍មុន ដោយថៃគោលដៅចាក់វ៉ាក់សាំងឱ្យមនុស្សពេញវ័យឱ្យបាន៧០ ភាគរយនៃចំនួនប្រជាជនសរុបជាង៦៦លាននាក់។
គិតត្រឹមថ្ងៃទី១៧ ខែឧសភា ថៃមានករណីឆ្លងជំងឺកូវីដ-១៩ សរុប១១១,០៨២នាក់ ខណៈចំនួន ករណីស្លាប់សរុបឡើងដល់៦១៤នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com