អន្តរជាតិ
អារ៉ាប៊ីសាអូឌីត លើកលែងការធ្វើចត្តាឡីស័កលើអ្នកដំណើរផ្លូវអាកាសដែលចាក់វ៉ាក់សាំងកូវីដ-១៩ រួច
17, May 2021 , 1:59 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ ជា ពេជ្រដាឡែន
ជនបរទេសធ្វើដំណើរតាមជើងយន្ដហោះចូលអារ៉ាប៊ីសាអូឌីតដែលបានចាក់វ៉ាក់សាំងរួច ឬបានជា សះស្បើយពីជំងឺកូវីដ-១៩ មិនតម្រូវឱ្យធ្វើចត្តាឡីស័កទៀតនោះទេ។ នេះបើតាមការប្រកាសរបស់ អាជ្ញាធរអាកាសចរណ៍ស៊ីវិលអារ៉ាប៊ីសាអូឌីត (GACA) នៅថ្ងៃទី១៦ ខែឧសភា។ ប៉ុន្តែប្រទេសនេះ បន្តហាមឃាត់អ្នកដំណើរទៅពីប្រទេសមួយចំនួនទៀតដដែល។

 
ក្នុងសេចក្ដីប្រកាសរបស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី២០ ខែឧសភា អ្នកដំណើរតាមផ្លូវអាកាសមកពីប្រទេសដែលអាចធ្វើដំណើរចូលអារ៉ាប៊ីសាអូឌីតបាន ហើយបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់ ឬធ្លាប់ឆ្លងជំងឺនេះ មិនចាំបាច់ធ្វើចត្តាឡីស័កចំនួន៧ថ្ងៃនៅកន្លែងរៀបចំដោយអាជ្ញាធរឡើយ។ ពួកគេ ត្រូវបង្ហាញលិខិតទទួលបានវ៉ាក់សាំងរួចរាល់ពេលទៅដល់អារ៉ាប៊ីសាអូឌីត។
 
ចំណែកជនបរទេសចាប់ពីអាយុ៨ឆ្នាំឡើងហើយមិនទាន់បានចាក់វ៉ាក់សាំង នៅតែតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេលប្រាំពីរថ្ងៃដោយចំណាយផ្ទាល់ខ្លួន។ ការធ្វើចត្តាឡីស័ករយៈពេលប្រាំពីរថ្ងៃ គឺក្នុងករណី អ្នកដំណើរទទួលបានលទ្ធផលតេស្ដអវិជ្ជមាននៅថ្ងៃទី៦គិតចាប់ពីថ្ងៃទៅដល់។ បន្ថែមពីនេះ ជន បរទេសមិនទាន់ចាក់វ៉ាក់សាំង ក៏តម្រូវឱ្យបង្ហាញឯកសារធានារ៉ាប់រងសុខភាពដែលមាន សុពលភាព និងលទ្ធផលតេស្ត PCR អវិជ្ជមាន ដែលបានធ្វើក្នុងអំឡុងពេល៧២ម៉ោង មុនការចេញដំណើរមក អារ៉ាប៊ីសាអូឌីតផងដែរ។
 
យ៉ាងណាមិញ អារ៉ាប៊ីសាអូឌីត នៅបន្តហាមឃាត់អ្នកធ្វើដំណើរមកពីប្រទេសចំនួន២០ចូលប្រទេសខ្លួនដដែល ដោយប្រទេសទាំងនោះស្ថិតក្នុងក្រុមប្រទេសហានិភ័យ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។ ប្រទេសទាំង២០មានអាមេរិក ឥណ្ឌា អង់គ្លេស អាល្លឺម៉ង់ បារាំង អេមីរ៉ាតអារ៉ាប់រួម អាហ្សង់ទីន ឥណ្ឌូណេស៊ី អៀរឡង់ អ៊ីតាលី ប៉ាគីស្ថាន ប្រេសីល ព័រទុយហ្គាល់ តួកគី អាហ្វ្រិកខាងត្បូង ស៊ុយអែត អ៊ីស្វាទីនី លីបង់ អេហ្ស៊ីប និង ជប៉ុន។
 
ដោយឡែក ក្រសួងមហាផ្ទៃអារ៉ាប៊ីសាអូឌីត បានប្រកាសថា ប្រជាជនអារ៉ាប៊ីសាអូឌីត នៅតែមិន អាចធ្វើដំណើរទៅកាន់ប្រទេសចំនួន១៣ដែលមានហានិភ័យឆ្លងជំងឺកូវីដ-១៩ខ្ពស់ ប្រសិនបើមិនមានការអនុញ្ញាតពីអាជ្ញាធរ។ ១៣ប្រទេសដែលមានហានិភ័យឆ្លងជំងឺកូវីដ-១៩ខ្ពស់មាន លីប៊ី ស៊ីរី លីបង់ យេមែន អ៉ីរ៉ង់ តួកគី  អាមេនី សូម៉ាលី សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អាហ្វហ្គានីស្ថាន បេឡារុស និងឥណ្ឌា។
 
គិតត្រឹមថ្ងៃទី១៦ ខែឧសភា អារ៉ាប៊ីសាអូឌីត មានករណីឆ្លងជំងឺកូវីដ-១៩ ជាង៤៣ម៉ឺននាក់ និងអ្នកស្លាប់ជាង៧ពាន់នាក់៕ 
 

Tag:
 អារ៉ាប៊ីសាអូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com