អន្តរជាតិ
UNICEF ស្នើប្រទេសអ្នកមានបរិច្ចាគវ៉ាក់សាំងឱ្យ COVAX ខណៈការផ្គត់ផ្គង់ពីឥណ្ឌាជួបបញ្ហា
17, May 2021 , 4:21 pm        
រូបភាព
រូបថត AFP
រូបថត AFP
អង្គការ UNICEF នៅថ្ងៃទី១៧ ខែឧសភា បានស្នើឱ្យប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) និងអឺរ៉ុបផង ជួយបរិច្ចាគវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាបន្ទាន់ដល់យន្តការ COVAX ដើម្បីដោះស្រាយ កង្វះខាតវ៉ាក់សាំងសម្រាប់ប្រទេសក្រីក្រ។ យន្តការ COVAX ជួបបញ្ហាខ្វះវ៉ាក់សាំង ក្រោយឥណ្ឌា ដែលជាប្រភពផ្គត់ផ្គត់សំខាន់ បានផ្អាកនាំចេញវ៉ាក់សាំងដើម្បីបំពេញតម្រូវការក្នុងស្រុកសិន។

 
ការផ្ទុះករណីឆ្លងជំងឺកូវីដ-១៩ នៅឥណ្ឌា បានប៉ះពាល់ខ្លាំងដល់ការចែកចាយវ៉ាក់សាំងបង្ការទៅកាន់ ប្រទេសក្រីក្រក្រោមយន្តការ COVAX ។ ដោយហេតុនេះ អង្គការ UNICEF ដែលដឹកនាំយន្តការ COVAX បានជំរុញឱ្យប្រទេសមានសេដ្ឋកិច្ចអភិវឌ្ឍទាំង៧ (G7) បរិច្ចាគវ៉ាក់សាំងឱ្យ COVAX ដែល កំពុងខ្វះខាតវ៉ាក់សាំងសម្រាប់ចែកចាយដល់បណ្តាប្រទេសក្រីក្រ។  
 
កិច្ចប្រជុំកំពូលមេដឹកនាំ G7 នឹងធ្វើឡើងនៅអង់គ្លេស ក្នុងខែមិថុនាខាងមុខ។ ក្រុមប្រទេសទាំងនេះ មានអាមេរិក អាល្លឺម៉ង់ បារាំង កាណាដា ជប៉ុន អ៊ីតាលី និងអង់គ្លេសផ្ទាល់។ កន្លងមក អាមេរិកធ្លាប់ ប្រកាសថា នឹងផ្ដល់វ៉ាក់សាំងរបស់ AstraZeneca ដែលខ្លួនមិនប្រើ ចំនួន៦០លានដូសផងដែរ។
 
«ការចែករំលែកវ៉ាក់សាំងដែលមានលើសតម្រូវការ ហើយអាចប្រើបានភ្លាមៗ ជាវិធានការដែលចាំបាច់ និងបន្ទាន់ ដើម្បីបញ្ឈប់ការខ្វះខាតវ៉ាក់សាំងនៅពេលនេះ»។ នាយិកាអង្គការ UNICEF លោកស្រី Henrietta Fore បានលើកឡើងបែបនេះនៅថ្ងៃទី១៧ ខែឧសភា មុនបន្ថែមថា ការធ្វើដូចនេះនឹងអាច ជួយការពារប្រទេសដែលងាយរងគ្រោះពីការរីករាលដាលនៃជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ទៀត។
 
បើតាមប្រមុខ UNICEF ប្រទេស G7 នឹងអាចផ្គត់ផ្គង់វ៉ាក់សាំងបានចំនួន ១៥៣លានដូសសម្រាប់ ខែមិថុនា ខែកក្កដា និងខែសីហា ប្រសិនបើពួកគេចែករំលែកតែ២០ភាគរយនៃវ៉ាក់សាំងដែលមាន ក្នុងមួយប្រទេស។ អង្គការ UNICEF បានប៉ាន់ប្រមាណថា ការផ្គត់ផ្គង់វ៉ាក់សាំង នៅខ្វះខាតចំនួន ១៤០លានដូសនៅចុងខែឧសភា និងប្រហែល ១៩០លានដូសនៅចុងខែមិថុនា។ 
 
តាំងពីដើមមក ឥណ្ឌា ជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងដ៏ធំទៅឱ្យយន្តការ COVAX ។ បន្ទាប់ពីរងការវាយប្រហារ ដោយរលកទី២ នៃជំងឺកូវីដ-១៩ ឥណ្ឌា បានពន្យាពេល និងផ្អាក់ការនាំចេញវ៉ាក់សាំង Covishield  ដែលផលិតដោយវិទ្យាស្ថាន Serum របស់ខ្លួនទៅក្រៅប្រទេស ក៏ដូចជាទៅឱ្យយន្តការ COVAX ដោយ ទុកចាក់ឱ្យប្រជាជនខ្លួនមុន ខណៈប្រទេសនេះកំពុងជួបវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ។ 
 
បន្ថែមពីលើបញ្ហាផ្គត់ផ្គង់របស់ឥណ្ឌា UNICEF បញ្ជាក់ថា ការផ្គត់ផ្គង់វ៉ាក់សាំងឱ្យយន្តការ COVAX ពីប្រភពដទៃក៏មានការយឺតយ៉ាវដែរ តែនឹងរំពឹងថាអាចដោះស្រាយបាននៅចុងខែមិថុនា។ យន្តការ COVAX ដែលគាំទ្រដោយ UNICEF សហការដឹកនាំជាមួយអង្គការសុខភាពពិភពលោក និងសម្ពន្ធ GAVI មានគោលបំណងប្រមូលវ៉ាក់សាំងឱ្យបាន២ពាន់លានដូសក្នុងឆ្នាំ២០២១។ មកទល់ពេលនេះ យន្តការ COVAX បានចែកចាយវ៉ាក់សាំងជិត៦០លានដូស ឱ្យទៅប្រទេសជាសមាជិកចំនួន១២២ មកហើយ៕ 
 

Tag:
 UNICEF
  COVAX
© រក្សាសិទ្ធិដោយ thmeythmey.com