អន្តរជាតិ
RSF ស្នើ ICC ស៊ើបអង្កេតករណីយោធាអ៊ីស្រាអែលបាញ់អាគារអ្នកសារព័ត៌មាន
17, May 2021 , 6:29 pm        
រូបភាព
រូបភាព៖ AP
រូបភាព៖ AP
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) នៅថ្ងៃទី១៦ ខែឧសភា បានលើកឡើងយ៉ាងច្បាស់ៗថា យោធាអ៊ីស្រាអែល មានបំណងវាយប្រហារលើអង្គភាពព័ត៌មាន និងសម្ភាររបស់ពួកគេ។ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ក៏បានស្នើឱ្យតុលាការអន្តរជាតិបើកការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្រ្គាមផងដែរ។

 
បន្ទាប់ពីវាយប្រហារលើអាគារស្នាក់នៅរបស់អ្នកសារព័ត៌មាន AP, Al-Jazeera និងព័ត៌មានផ្សេងទៀត អ៊ីស្រាអែល បានរងការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ជាពិសេសពីសំណាក់អ្នកសារព័ត៌មាន។ ការវាយប្រហារលើអាគារកម្ពស់ ១២ជាន់នោះ ត្រូវបានអ៊ីស្រាអែលការពារថា អាគារនោះ មានវត្តមានមន្រ្តីចារកិច្ចក្រុមហាម៉ាស់។ 
 
ទាក់ទិននឹងបញ្ហាខាងលើ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បានស្នើឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បើកការស៊ើបអង្កេតលើការវាយប្រហារអាគារនោះ។ ក្នុងលិខិតដាក់ទៅអគ្គរដ្ឋអាជ្ញា ICC អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បានសង្កត់ធ្ងន់ថា ខ្លួនមានហេតុផលត្រឹមត្រូវ ដោយជឿ យោធាអ៊ីស្រាអែល មានបំណងក្នុងការវាយប្រហារមកលើអង្គការសារព័ត៌មាន និងការបំផ្លាញសម្ភារប្រើប្រាស់របស់ពួកគេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។ 
 
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បានបន្តថា ការវាយប្រហាររបស់អ៊ីស្រាអែល គឺជាចេតនាកាត់បន្ថយការផ្សាព្វផ្សាយព័ត៌មាន ឬជូនដំណឹងទៅសាធារណជន។ 
 
ក្នុងលិខិតដដែលនេះ RSF បានលើកឡើងពីការប្រហាររបស់អ៊ីស្រាអែល ទៅលើការិយាល័យរបស់អង្គការសារព័ត៌មានអន្តរជាតិ និងក្នុងស្រុកចំនួន២៣ ក្នុងរយៈពេលត្រឹមតែ ៦ថ្ងៃប៉ុណ្ណោះ។ ក្នុងន័យនេះ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនបានស្នើឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ ដាក់បញ្ចូលការវាយប្រហារលើអាគារកម្ពស់១២ ជាន់នេះ ទៅក្នុងការស៊ើបអង្កេតរបស់ ICC លើលទ្ធភាពដែលអ៊ីស្រាអែលបង្កឧក្រិដ្ឋកម្មសង្រ្គាមលើទឹកដីប៉ាឡេស្ទីន។ ការស៊ើបអង្កេត ចាប់ផ្ដើមកាលពីខែមីនា។
 
ក្នុងថ្ងៃដដែល លោកស្រី Sally Buzbee និពន្ធនាយកនៃទីភ្នាក់ងារ AP បានអះអាងថា អ្នកសារព័ត៌មានខ្លួន មានវត្តមាននៅក្នុងអាគារកម្ពស់ ១២ជាន់នោះ រយៈពេល ១៥ឆ្នាំហើយ ប៉ុន្តែក៏មិនដែលដឹងពីវត្តមានក្រុមហាម៉ាស់ក្នុងអាគារនោះឡើយ។ មកទល់ពេលនេះ សារព័ត៌មាន AP មិនទាន់ទទួលបានភស្តុតាងច្បាស់លាស់ណាមួយពីរដ្ឋាភិបាលអ៊ីស្រាអែលនៅឡើយទេ។ 
 
សូមបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន  បានជជែកជាមួយប្រធានទីភ្នាក់ងារ AP លោក Gary Pruitt ផងដែរ។ បើតាមលោក ប្លីងខិន លោកគាំទ្រអ្នកសារព័ត៌មាននៅទូទាំងពិភពលោកទាំងអស់ និងទទួលស្គាល់ពីការងារ ដែលមិនអាចខ្វះបានរបស់អ្នកសារព័ត៌មានក្នុងការរាយការណ៍ក្នុងតំបន់ជម្លោះ៕ 
 

Tag:
 RSF
  អ៊ីស្រាអែល
  ប៉ាឡេស្ទីន
  AP
© រក្សាសិទ្ធិដោយ thmeythmey.com