អន្តរជាតិ
មហាសន្និបាត UN នឹងពិនិត្យសេចក្ដីព្រាងដំណោះស្រាយលើការហាមឃាត់ការលក់អាវុធទៅមីយ៉ាន់ម៉ា
17, May 2021 , 8:59 pm        
រូបភាព
ប្រជាជនមីយ៉ាន់ម៉ា តវ៉ាប្រឆាំងរដ្ឋាភិបាលយោធា។ រូបថត AFP
ប្រជាជនមីយ៉ាន់ម៉ា តវ៉ាប្រឆាំងរដ្ឋាភិបាលយោធា។ រូបថត AFP
មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) គ្រោងពិនិត្យលើសេចក្តីស្នើសេចក្តីសម្រេច ដែលអំពាវនាវឱ្យហាមឃាត់ការផ្ទេរអាវុធទៅរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំនៅថ្ងៃទី១៨ ខែឧសភាខាងមុខ។ នេះបើតាមការអះអាងរបស់មន្រ្តីអង្គការសហប្រជាជាតិ នៅថ្ងៃទី១៦ ខែឧសភា។

 
ចាប់តាំងពីក្តោបក្តាប់អំណាចនៅដើមខែកុម្ភៈមក ក្រុមយោធាបានបង្រ្កាបលើក្រុមបាតុករ វាយប្រហារជាមួយជនជាតិភាគតិច ចាប់អ្នកនយោបាយ និងមនុស្សមួយចំនួនដាក់ឃុំ។ ដើម្បីដាក់សម្ពាធ បន្ថែមទៀត មហាសន្និបាទអង្គការសហប្រជាជាតិ គ្រោងពិនិត្យលើសេចក្តីព្រាងនៃសេចក្តីសម្រេចមួយ ដែលអំពាវនាវឱ្យផ្អាកការផ្ទេរអាវុធ ទៅរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។ 
 
ការពិនិត្យលើសេចក្តីព្រាងដំណោះស្រាយដែលស្នើឡើងដោយលិចតិនស្តាញ មានការគាំទ្រពីសហភាពអឺរ៉ុប អង់គ្លេស និងអាមេរិក  នឹងធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គនៅថ្ងៃទី១៨ ខែឧសភា។ អ្នកនាំពាក្យអង្គការសហប្រជាជាតិម្នាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា កិច្ចប្រជុំនោះនឹងធ្វើឡើងដោយជួបមុខផ្ទាល់។  
 
ការអនុម័តលើសេចក្ដីព្រាងដំណោះស្រាយដែលគ្មានកម្លាំងបង្ខំឱ្យអនុវត្តនេះ នឹងធ្វើតាមគោលការណ៍កុងសង់ស៊ីស (Consensus)។ ប្រសិនបើការព្រមព្រៀងបែបនេះ មិនអាចសម្រេចបាន មហាសន្និបាត នឹងប្រើនីតិវិធីបោះឆ្នោតតែម្តង។
 
សេចក្តីព្រាងនៃសេចក្តីសម្រេចខាងលើ ដែលបានចំណាយពេលចរចាជាច្រើនថ្ងៃកន្លងមក ត្រូវបានស្នើដោយប្រទេសចំនួន៤៨។ កូរ៉េខាងត្បូង ជាប្រទេសអាស៊ីតែមួយគត់គាំទ្រសេចក្ដីស្នើនេះ។ សេចក្តីព្រាងខាងលើ អំពាវនាវឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បញ្ចប់ការដាក់ប្រទេសក្នុងស្ថានភាពអាសន្ន, បញ្ឈប់ការប្រើហិង្សាលើក្រុមបាតុករ, និងដោះលែងអ្នកនយោបាយសំខាន់ៗ ដូចជាលោកស្រី អ៊ុងសាន ស៊ូជី ដោយគ្មានលក្ខខណ្ឌ, ហាមឃាត់ផ្គត់ផ្គង់ ផ្ទេរ ឬលក់អាវុធឱ្យមីយ៉ាន់ម៉ា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។ 
 
សេចក្តីព្រាងដដែលនេះ ក៏បានអំពាវនាវរបបសឹក ទទួលសេចក្តីស្នើរបស់អាស៊ានចំនួន ៥ចំណុច ដែលបានដាក់ចេញ កាលពីកិច្ចប្រជុំក្នុងខែមេសា, សម្របសម្រួលទស្សនកិច្ចប្រេសិត UN ទៅមីយ៉ាន់ម៉ា និងអនុញ្ញាតឱ្យជំនួយមនុស្សធម៌ចូលទៅក្នុងប្រទេសផងដែរ។ 
 
គួររំលឹកថា អង្គការក្រៅរដ្ឋាភិបាលជាច្រើន នៅពេលកន្លងទៅ បានអំពាវនាវសហគមន៍អន្តរជាតិដូចជាចិន និងរុស្ស៊ីដាក់ទណ្ឌកម្មហាមឃាត់ការលក់ ឬផ្ទេរអាវុធទៅមីយ៉ាន់ម៉ា។ មកទល់ពេលនេះ ចិន រុស្ស៊ី និងឥណ្ឌាជាដើម ដែលជាប្រទេសសំខាន់ជាងគេ ក្នុងការនាំអាវុធទៅមីយ៉ាន់ម៉ា មិនទាន់ដាក់ចេញចំណាត់ការណាមួយឡើយ៕ 
 

Tag:
 UN
  មីយ៉ាន់ម់ា
© រក្សាសិទ្ធិដោយ thmeythmey.com