អន្តរជាតិ
ចក្រភពអង់គ្លេស បន្តបន្ធូរវិធានការរឹតត្បិតថែមទៀត ទោះបារម្ភពីជំងឺកូវីដ-១៩ បំប្លែងថ្មី
17, May 2021 , 10:00 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ ឈួ ស៊ាវយីងជាវ

ចក្រភពអង់គ្លេស នៅថ្ងៃទី១៧ ខែឧសភា បានបន្តដកចេញវិធានការរឹតត្បិតមួយចំនួនដែលត្រូវដាក់ចេញរាប់ខែមកហើយដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ។ ការបន្ធូរបន្ថយវិធានការពេលនេះ ធ្វើឡើងស្របគ្នានឹងក្ដីបារម្ភពីការរីករាលដាលនៃវីរុសកូវីដ-១៩ ទម្រង់ថ្មីដែលរកឃើញនៅឥណ្ឌា។


ហាងស្រា ភោជនីយដ្ឋាន ហាងកាហ្វេ  រោងកុង សារមន្ទីរ និងកន្លែងកីឡាផ្សេងៗ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការទទួលភ្ញៀវទាំងក្នុងហាង និងក្រៅហាងជាធម្មតាវិញទូទាំងអង់គ្លេស វែល និងតំបន់មួយភាគធំនៃស្កុតឡែន។ នេះបើយោងតាមការបន្ធូរវិធានការថ្មីចាប់ពីថ្ងៃទី១៧ ខែឧសភាទៅ។ 
 
បើតាមទីភ្នាក់ងារព័ត៌មាន AFP លើសពីនេះ ប្រជាជនអង់គ្លេស ក៏អាចធ្វើដំណើរទៅលេងក្រុមគ្រួសារ តែត្រូវអនុវត្តវិធានការមួយចំនួន ស្របពេលការធ្វើដំណើរទៅក្រៅប្រទេសក៏បានចាប់ផ្តើមដំណើរការវិញដោយអនុញ្ញាតឱ្យធ្វើការហោះហើរទៅតាមបញ្ជីប្រទេសដែលមានអត្រាឆ្លងទាប។
 
«យើងបានឈានដល់ចំណុចមួយផ្សេងទៀតនៅលើផែនទីបង្ហាញផ្លូវរបស់ពួកយើងដោយចេញពីការរស់នៅពីការបិទខ្ទប់ ប៉ុន្តែយើងត្រូវតែឈានទៅជំហានបន្ទាប់ទៀតជាមួយការប្រុងប្រយ័ត្នខ្ពស់។ លោក បូរីស ចនសុន នាយករដ្ឋមន្រ្ដីអង់គ្លេស បានថ្លែងបែបនេះនៅថ្ងៃទី១៦ខែឧសភា។ លោករំឭកប្រជាជនអង់គ្លេសឱ្យបន្តប្រុងប្រយ័ត្ន ក្រោយពីអង់គ្លេសរកឃើញវីរុសកូវីដ-១៩បំប្លែងថ្មីដែលឆ្លងយ៉ាងរហ័សដែលមានប្រភពពីឥណ្ឌា។
 
កាលពីសប្តាហ៍មុន អ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មីដែលរកឃើញនៅឥណ្ឌា កើនឡើងច្រើនជាងទ្វេដងពីចំនួន៥២០ករណីទៅ១,៣១៣ករណី ។ យ៉ាងណាមិញ អង់គ្លេសក៏កំពុងបង្កើនល្បឿនយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួនផងដែរ។ គិតត្រឹមថ្ងៃទី១៦ ខែឧសភា នៅអង់គ្លេសចំនួនអ្នកទទួលវ៉ាក់សាំងដូសដំបូង មាន៣៦,៥៧៣,៣៥៤នាក់ និងទទួលគ្រប់ពីរដូសមានប្រមាណ២០,១០៣,៦៥៨នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com