អន្តរជាតិ
អាមេរិក៖ អ៊ីស្រាអែល និងប៉ាឡេស្ទីន ត្រូវទទួលខុសត្រូវការពារជនស៊ីវិល និងអ្នកសារព័ត៌មាន
18, May 2021 , 10:59 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន ។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន ។ រូបថត AFP
ប្រមុខការទូតអាមេរិក នៅថ្ងៃទី១៧ ខែឧសភា បានទទូចឱ្យអ៊ីស្រាអែល និងប៉ាឡេស្ទីន ការពារប្រជាជនស៊ីវិល និងកុមារ ដែលរងគ្រោះខ្លាំងនៅក្នុងការវាយប្រហារទៅវិញទៅមក។ ជាមួយគ្នានេះ រដ្ឋមន្រ្តីការបរទេសអាមេរិក ក៏បានលើកឡើងជុំវិញការការពារអ្នកសារព័ត៌មាន ក្នុងអំឡុងពេលជម្លោះផងដែរ។

 
 
ការប្រទូសរ៉ាយរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ជាងមួយសប្តាហ៍មកនេះ បានសម្លាប់មនុស្សច្រើនជាង ២០០នាក់ ដែលភាគច្រើនជាប្រជាជនស៊ីវិល និងកុមារនៅទឹកដីប៉ាឡេស្ទីន។ ទាក់ទិននឹងការបាត់បង់ជីវិតរបស់ប្រជាជនស៊ីវិលបែបនេះ អាមេរិក បានទទូចឱ្យក្រុមហាម៉ាស់បញ្ឈប់ការវាយប្រហារមកលើអ៊ីស្រាអែល ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះរវាងដែនដីទាំងពីរ។
 
ថ្លែងក្នុងសន្និសីទសារព័ត៌មានក្នុងអំឡុងទស្សនកិច្ចនៅដាណឺម៉ាក លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាមេរិក បានថ្លែងថា អ៊ីស្រាអែល និងប៉ាឡេស្ទីន ត្រូវតែការពារប្រជាជនខ្លួន និងកុមារ ដោយអ៊ីស្រាអែល ជាប្រទេសអនុវត្តលទ្ធិប្រជាធិបតេយ្យ ត្រូវមានបន្ទុកបន្ថែម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
«អ៊ីស្រាអែល មានការទទួលខុសត្រូវពិសេស ក្នុងការការពារប្រជាជន ក្នុងស្ថានភាពការពារខ្លួន ហើយនោះរួមបញ្ចូលទាំងអ្នកសារព័ត៌មានផងដែរ»។ លោក  ប្លីងខិន បានលើកឡើងបែបនេះ ដោយបន្ថែមថា អាមេរិក បារម្ភពីការពារអ្នកសារព័ត៌មាន ក្នុងអំឡុងពេលមានជម្លោះ។ 
 
ក្នុងសន្និសីទសារព័ត៌មានដដែល ប្រមុខការទូតអាមេរិក បានបន្តថា អាមេរិក បានស្នើទៅអ៊ីស្រាអែលរួចហើយ ដើម្បីឱ្យផ្តល់ព័ត៌មានលម្អិតជុំវិញការវាយប្រហារលើអាគារ ដែលជាកន្លែងស្នាក់នៅរបស់អ្នកសារព័ត៌មាន។ មកទល់ពេលនេះ រដ្ឋមន្រ្តីការបរទេសអាមេរិក ក៏មិនទាន់បានឃើញភស្តុតាងទាក់ទិននឹងការវាយប្រហារឡើយ ហើយលោកក៏មិនអាចបញ្ជាក់ពីភាពស្របច្បាប់នៃការវាយប្រហាររបស់អ៊ីស្រាអែលលើអាគារកម្ពស់ ១២ជាន់នោះបានផងដែរ។ 
 
មិនតែប៉ុណ្ណោះ ប្រមុខការទូតអាមេរិក ក៏បានការពារពីជំហររបស់ខ្លួន ដែលបានជំទាស់នឹងសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខផងដែរ ដោយអះអាងថា អាមេរិក នឹងមិនឈរបាំងផ្លូវការទូតឡើយ។ 
 
សូមបញ្ជាក់ថា នៅក្នុងកិច្ចសន្ទនាដោយឡែកមួយ ជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន បានអំពាវនាវឱ្យការពារប្រជាជនស៊ីវិល និងលើកឡើងពីជំហរគាំទ្របទឈប់បាញ់ និងពិភាក្សាជាមួយអេហ្ស៊ីប និងដៃគូផ្សេងទៀត ដើម្បីឈានទៅដល់បញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន៕
 

Tag:
 អាមេរិក
  អ៊ីស្រាអែល
  ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com