អន្តរជាតិ
លោក បៃឌិន ប្រកាសផ្ដល់វ៉ាក់សាំងកូវីដ-១៩ ប្រើក្នុងស្រុក២០លានដូសទៅបរទេសជាលើកដំបូង
18, May 2021 , 1:57 pm        
រូបភាព
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ប្រកាសពីសេតវិមាននៅថ្ងៃទី១៧ ខែឧសភា ថា នឹងបញ្ជូន វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យ៉ាងតិច២០លានដូសទៅបរទេសនៅចុងខែមិថុនា។ នេះជាលើកដំបូង ហើយដែលអាមេរិកប្រកាសចែកចាយវ៉ាក់សាំងដែលបានអនុម័តប្រើប្រាស់ក្នុងស្រុកទៅឱ្យបរទេស។


ជាលើកទីមួយ ប្រធានាធិបតីអាមេរិក ចូ បៃឌិន ប្រកាសបញ្ចេញវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដែល កំពុងប្រើនៅអាមេរិក ជាជំនួយទៅឱ្យបរទេស។ កន្លងមកអាមេរិកធ្លាប់បានប្រកាស ចែកចាយ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ប្រមាណ៦០លានដូស ដែលអាមេរិក មិនអនុម័តឱ្យប្រើប្រាស់ក្នុងស្រុកនៅឡើយ។ 
 
ពីសេតវិមាន លោក បៃឌិន បានប្រកាសថា រដ្ឋបាលរបស់លោក នឹងបញ្ជូនវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដែលអាមេរិកអនុម័តឱ្យប្រើប្រាស់ក្នុងស្រុករួមមានវ៉ាក់សាំងរបស់ Pfizer, Moderna និង Johnson & Johnson សរុបប្រមាណ២០លានដូសទៅប្រទេសដែលត្រូវការនៅចុងខែមិថុនា។
 
ការប្រកាសនេះ ត្រូវបានមើលឃើញថា ជាការផ្លាស់ប្ដូរគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន ដែល កន្លងមកផ្ដោតលើការចាក់វ៉ាក់សាំងតែប្រជាជនអាមេរិកប៉ុណ្ណោះ។​  រដ្ឋបាលអាមេរិក ទំនងជាកំពុង ប្រើប្រាស់ការផ្គត់ផ្គង់វ៉ាក់សាំងជាយុទ្ធសាស្ត្រការទូតមួយក្នុងពេលពិភពលោកកំពុងជួបប្រទះការ រាលដាលនៃជំងឺកូវីដ-១៩ ខណៈចិនបានធ្វើរឿងនេះយូរមកហើយដែរ។
 
«ដូចគ្នានៅក្នុងសង្គ្រាមលោកលើកទី២ អាមេរិក ជាឃ្លាំងនៃប្រជាធិបតេយ្យ រីឯពេលប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ-១៩  ប្រទេសយើងនឹងក្លាយជាឃ្លាំងនៃវ៉ាក់សាំងដែរ»។ លោក បៃឌិន បានមានលើកឡើងបែបនេះ មុនអះអាងថា គ្មានប្រទេសផ្សេងទៀតឡើយដែលនឹងបញ្ជូនវ៉ាក់សាំង ទៅបរទេសបានច្រើនជាងអាមេរិកឡើយ។ 
 
មកដល់ពេលនេះ អាមេរិកបានប្រើប្រាស់វ៉ាក់សាំង សម្រាប់ចាក់ឱ្យប្រជាជនខ្លួនអស់ជាង២៧២លាន ដូសរួចមកហើយ និងមានវ៉ាក់សាំងក្នុងដៃជាង៣៤០លានដូសទៀត។ 
 
យ៉ាងណាមិញ សេតវិមាននៅមិនទាន់បានបញ្ជាក់ច្បាស់នៅឡើយពីព័ត៌មានលម្អិតថា តើប្រទេសណា ខ្លះដែលនឹងទទួលបានវ៉ាក់សាំងអនុម័តដោយអាមេរិកចំនួន២០លានដូសនេះ។ ដោយឡែកសម្រាប់ វ៉ាក់សាំង AstraZeneca ចំនួន៦០លានដូស ដែលអាមេរិកមិនប្រើប្រាស់ ត្រូវបានបញ្ជូនទៅ កាណាដា និងម៉ិកស៊ិកប្រមាណ៤លានដូសមកហើយ៕ 
 

Tag:
 អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com