អន្តរជាតិ
វេទិកាសេដ្ឋកិច្ចពិភពលោក សម្រេចលុបចោលកិច្ចប្រជុំពិសេសប្រចាំឆ្នាំនៅសិង្ហបុរី
18, May 2021 , 3:34 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ ជា ពេជ្រដាឡែន 
វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) សម្រេចលុបចោលកិច្ចប្រជុំពិសេសប្រចាំឆ្នាំ ដែលគ្រោងនឹងធ្វើ ឡើងនៅខែសីហាខាងមុខនេះនៅសិង្ហបុរី ដោយសារតែភាពមិនប្រាកដប្រជានៃជំងឺកូវីដ-១៩។ WEF បានប្រកាសបែបនេះនៅថ្ងៃទី១៧ ខែឧសភា។


វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ជាជំនួបប្រជុំជារៀងរាល់ឆ្នាំរវាងអ្នកជំនួញ រដ្ឋាភិបាល មេដឹកនាំសង្គមផ្សេងៗមកពីបណ្ដាប្រទេសនានាដើម្បីពិភាក្សាជុំវិញប្រធានបទទាក់ទងទៅនិង សកលលោក តំបន់ និងឧស្សាហកម្មជាដើម។ រាល់ឆ្នាំ ជំនួបនេះ ធ្វើនៅទីក្រុង Davos ទឹកដីស្វ៊ីស តែសម្រាប់ឆ្នាំ២០២១ គ្រោងធ្វើនៅសិង្ហបុរីវិញ។ ប៉ុន្តែបីខែមុនជំនួប អ្នករៀបចំក៏ប្រកាសលុបចោលកម្មវិធីវិញ។

ក្នុងសេចក្ដីប្រកាសថ្ងៃទី១៧ ខែឧសភា WEFបានបង្ហាញការសោកស្ដាយចំពោះការអាក់ខានប្រារព្ធកិច្ចប្រជុំប្រចាំឆ្នាំក្នុងឆ្នាំ២០២១ ដោយលើកឡើងពីមូលហេតុនៃភាពមិនប្រាកដប្រជាដែលបង្កឡើងដោយជំងឺកូវីដ-១៩ លក្ខខណ្ឌការធ្វើដំណើរមកពីតំបន់ផ្សេងៗ ការទទួលបានវ៉ាក់សាំង និងការរីករាលដាលនៃវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីជាដើម។

នាយកប្រតិបត្តិ WEF សាស្ត្រាចារ្យ Klaus Schwab ចាត់ទុកការលុបចោលជំនួបនេះ ជាការសម្រេចចិត្តដ៏ពិបាកមួយព្រោះតែការចាប់អារម្មណ៍យ៉ាងខ្លាំងពីដៃគូក្នុងការចូលរួមដោយផ្ទាល់ ដើម្បីពិភាក្សា និងរកដំណោះស្រាយបញ្ហាពិភពលោក និងធ្វើឱ្យពិភពលោកកាន់តែមាននិរន្តរភាព។ ប៉ុន្តែ សុខភាព និងសុវត្ថិភាពរបស់អ្នកចូលរូម នៅតែជាការព្រួយបារម្ភខ្ពស់បំផុត។

កិច្ចប្រជុំឆ្នាំ២០២២ គ្រោងធ្វើនៅអំឡុងពាក់កណ្ដាលឆ្នាំតែម្ដង រីឯការកំណត់ទីតាំង និងកាលបរិច្ឆេទ ចុងក្រោយ នឹងត្រូវសម្រេចដោយផ្អែកលើការវាយតម្លៃនៃស្ថានភាពនៅចុងរដូវក្តៅនេះ។

ចំណែកក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរីវិញ អះអាងថា ខ្លួនទទួលស្គាល់ពីបញ្ហាប្រឈមក្នុងការរៀបចំជំនួបដ៏ធំបែបនេះ។ បើតាមទូរទស្សន៍ CNA ក្រសួងដដែលបន្តថា សិង្ហបុរីនឹងនៅតែបន្ត ធ្វើការយ៉ាងសកម្មជាមួយ WEF និងអង្គការអន្តរជាតិសំខាន់ៗដទៃទៀត ដើម្បីជំរុញ កិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធលើបញ្ហាដែលកើតមានលើសកលលោក៕









 

Tag:
 សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com