អន្តរជាតិ
ចិន ចោទនាវាអាមេរិកបើកចូលដែនទឹកខ្លួននៅសមុទ្រចិនខាងត្បូងដោយខុសច្បាប់
20, May 2021 , 10:29 pm        
រូបភាព
នាវា USS Curtis Wilbur។ រូបភាព៖ Reuters
នាវា USS Curtis Wilbur។ រូបភាព៖ Reuters
ចិន នៅថ្ងៃទី២០ ខែឧសភា បានចោទនាវាអាមេរិកថា បានបើកចូលដែនទឹករបស់ខ្លួន ដែលស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង ដោយគ្មានការអនុញ្ញាត។ ការអះអាងរបស់ចិនបែបនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាវាអាមេរិកមួយគ្រឿង បើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។



 
បញ្ហាសមុទ្រចិនខាងត្បូង នៅតែជាប្រធានបទដ៏ក្តៅនៅក្នុងអាណត្តិប្រធានាធិបតីអាមេរិក លោកចូ បៃឌិន។ អាមេរិក តែងបញ្ជូននាវារបស់ខ្លួនមកក្នុងសមុទ្រចិនខាងត្បូង និងបើកកាត់ច្រកសមុទ្រតៃវ៉ាន់ជាញឹកញាប់។ ប៉ុន្តែសកម្មភាពអាមេរិកទាំងនោះ ត្រូវបានចិនជំទាស់។ 
 
នៅថ្ងៃទី២០ ខែឧសភា ចិន បានចោទនាវាអាមេរិកថា បានបើកចូលមកក្នុងដែនទឹករបស់ខ្លួនដោយខុសច្បាប់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បញ្ជាការដ្ឋានភូមិភាគខាងត្បូងរបស់យោធាចិន បានអះអាងថា នាវាចម្បាំងអាមេរិក USS Curtis Wilbur បានចូលទៅក្នុងដែនទឹកក្បែរប្រជុំកោះបារ៉ាសែល (Paracel) ដោយគ្មានការអនុញ្ញាត។ យោធាចិន ក៏បានបញ្ជានាវា និងយន្តហោះ ដើម្បីឃ្លាំមើលសកម្មភាពរបស់អាមេរិកផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
ចិន ទាមទារដែនទឹកសមុទ្រចិនខាងត្បូងប្រមាណ៩០ភាគរយ ជាកម្មសិទ្ធិរបស់ខ្លួន ដោយរួមទាំងប្រជុំកោះបារ៉ាសែល និង និងស្ព្រាតលី (Spratly) ផងដែរ។ ជាមួយការទាមទារនេះ ចិន តែងជំទាស់ទង្វើរបស់អាមេរិក ដែលបំពានអធិបតេយ្យរបស់ខ្លួន និងបំផ្លាញស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់។ 
 
ការចោទរបស់ចិន ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអាមេរិក បានបញ្ជូននាវាចម្បាំង USS Curtis Wilbur ឱ្យបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ ទាក់ទិននឹងបញ្ហានេះ កងនាវាទី៧របស់កងទ័ពជើងទឹកអាមេរិក បានបញ្ជាក់ថា សកម្មភាពនាវាចម្បាំងនេះ គឺជាប្រតិបត្តិការបើកកាត់ច្រកសមុទ្រតៃវ៉ាន់ជាទម្លាប់ ដោយផ្អែកទៅតាមច្បាប់អន្តរជាតិ។ ប៉ុន្តែសកម្មភាពបែបនោះ ត្រូវបានចិនចាត់ទុកថា បង្កការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ 
 
គួររំលឹកថា អាមេរិក តែងបង្ហាញសាច់ដុំរបស់ខ្លួនដាក់ចិនជាញយៗ នៅក្នុងសមុទ្រចិនខាងត្បូង តាមរយៈសមយុទ្ធយោធា ដោយមានវត្តមានរបស់នាវាដឹកយន្តហោះចម្បាំងផង។ អាមេរិក បានចាត់ទុកដែនសមុទ្រនោះជា សមុទ្រអន្តរជាតិ និងផ្អែកតាមច្បាប់អន្តរជាតិ៕  
 

Tag:
 ចិន
  អាមេរិក
  សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com