អន្តរជាតិ
រដ្ឋមន្រ្តីការពារជាតិជប៉ុន៖ ក្រុងតូក្យូ ត្រូវបង្កើនសមត្ថភាពយោធា ដើម្បីទប់ឥទ្ធិពលក្រុងប៉េកាំង
21, May 2021 , 9:41 am        
រូបភាព
រដ្ឋមន្រ្តីការពារជាតិជប៉ុន Nobuo Koshi ។ រូបថត AFP
រដ្ឋមន្រ្តីការពារជាតិជប៉ុន Nobuo Koshi ។ រូបថត AFP
ដោយ: ថ្មីៗ
ដោយ ឈួ ស៊ាវយីងជាវ 
 ក្រុងតូក្យូ ត្រូវតែបង្កើនសមត្ថភាពយោធារបស់ខ្លួនក្នុងល្បឿនមួយដែលខុសពីអតីតកាល ដើម្បីទប់ទល់នឹងការកើនឡើងនៃសមត្ថភាពយោធារបស់ក្រុងប៉េកាំង។ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Nobuo Kishi  បានលើកឡើងបែបនេះ នៅក្នុងកិច្ចសម្ភាសមួយ ដែលបានចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា។​​

 
ពីមួយឆ្នាំទៅមួយឆ្នាំ រដ្ឋាភិបាលចិន បានបង្កើនថវិកាលើវិស័យយោធាជាប្រចាំ។ ដោយបារម្ភ ពីការកើនឡើងនៃសមត្ថភាពយោធារបស់ចិន រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Nobuo Kishi ទាមទារឱ្យរដ្ឋាភិបាលជប៉ុនបង្កើនសមត្ថភាពយោធារបស់ខ្លួន រួមទាំងវិស័យផ្សេងទៀត។ នៅក្នុងកិច្ចសម្ភាសជាមួយកាសែត Nikkei Asia លោក Kishi ព្រមានថា គម្លាតរវាងកម្លាំងយោធាជប៉ុននិងចិន កំពុងរីកធំឡើងពីមួយឆ្នាំទៅមួយឆ្នាំ។  
 
«យើងត្រូវតែបង្កើនសមត្ថភាពយោធា ក្នុងល្បឿនដែលខុសពីពេលមុនៗ»។ ប្រមុខការពារជាតិជប៉ុន បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ចិនបានបង្កើនការចំណាយយោធា និងផ្តោតលើវិស័យសង្រ្គាមថ្មីៗ រួមទាំងអវកាស, អ៊ីនធឺណិត និងអេឡិចត្រូម៉ាញ៉េទិចជាដើម។
 
ការលើកឡើងរបស់រដ្ឋមន្រ្តីការពារជាតិជប៉ុនបែបនេះ ហាក់បង្ហាញជាសញ្ញាថា ក្រុងតូក្យូចង់លុបចោលគោលនយោបាយដែលចំណាយថវិកាលើយោធាត្រឹមតែ១ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។ 
 
ម្យ៉ាងការលើកឡើងរបស់លោក Kishi ក៏បង្ហាញពីក្តីបារម្ភលើបញ្ហាសន្តិសុខក្នុងតំបន់ផងដែរ ស្របពេលចិនបានបង្ហាញពីកម្លាំងយោធា និងឥទ្ធិពលរបស់ខ្លួន។ បើតាមប្រមុខការពារជាតិជប៉ុន បញ្ហាសន្តិសុខនៅជុំវិញជប៉ុន បានផ្លាស់ប្តូរយ៉ាងរហ័ស និងមានភាពមិនប្រាកដប្រជា ដែលទាមទារឱ្យក្រុងតូក្យូ ត្រូវតែបែកចែកថវិកាយោធាឱ្យបានត្រឹមត្រូវ។ ក្នុងន័យនេះ ប្រមុខការពារជាតិ បានលើកឡើងពី នាវាល្បាតចិន ដែលបានបើកចូលដែនទឹកក្នុងសមុទ្រចិនខាងកើតនៅប៉ុន្មានខែមុន។  
 
តាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខុល (SIPRI) នៅខែមេសាកន្លងទៅ ចិន បានចំណាយថវិកាលើយោធាប្រមាណ ២៥២ពាន់លានដុល្លារ ខណៈជប៉ុនមានត្រឹមតែ៤៩,១ពាន់លានដុល្លារប៉ុណ្ណោះ។ 
 
គួររំឭកដែរថា កាលពីចុងឆ្នាំ២០២០ រដ្ឋាភិបាលជប៉ុន បានអនុម័តបង្កើនថវិកាយោធា៩ដងជាប់ៗគ្នាសម្រាប់ពង្រឹងកម្លាំងយោធារបស់ខ្លួន ប៉ុន្តែថវិកាចំណាយលើវិស័យយោធានោះ នៅតែស្ថិតក្រោម ១ភាគរយ នៃផលិតផលក្នុងស្រុកសរុប៕ 
 

Tag:
 ជប៉ុន
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com