អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រមុខការទូតជប៉ុន ព្រមានឈប់ផ្តល់ជំនួយទាំងអស់ទៅមីយ៉ាន់ម៉ា
22, May 2021 , 1:59 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសជប៉ុន លោក  Toshimitsu Motegi។ រូបភាព៖ AFP
រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Toshimitsu Motegi។ រូបភាព៖ AFP
រដ្ឋាភិបាលក្រុងតូក្យូ អាចនឹងបង្កកជំនួយទាំងអស់ទៅមីយ៉ាន់ម៉ា។ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Toshimitsu Motegi បានលើកឡើងបែបនេះ នៅក្នុងកិច្ចសម្ភាស ដែលចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា។ ការព្រមានរបស់រដ្ឋមន្រ្តីការបរទេសជប៉ុនបែបនេះ ធ្វើឡើងស្របពេលរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅតែបន្តបង្រ្កាបលើក្រុមអ្នកតវ៉ាក្នុងប្រទេស។


 
 
ស្របពេលមានការបង្រ្កាប និងបាញ់សម្លាប់លើក្រុមបាតុករមីយ៉ាន់ម៉ា ជប៉ុន នៅចុងខែមីនាកន្លងទៅ បានសម្រេចផ្អាកផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ទៅមីយ៉ាន់ម៉ា ដើម្បីដាក់សម្ពាធលើរបបសឹក។ យ៉ាងណាមិញ ការផ្តាច់ជំនួយនោះ មិនអាចគាបសង្កត់លើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាឡើយ។ 
 
ជាថ្មីម្តងទៀត ជប៉ុនបានព្រមានយ៉ាងធ្ងន់ៗថា ខ្លួននឹងបញ្ឈប់ការផ្តល់ជំនួសអភិវឌ្ឍទាំងអស់ទៅមីយ៉ាន់ម៉ា ប្រសិនបើស្ថានការណ៍ក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មិនមានការផ្លាស់ប្តូរ។ នៅក្នុងកិច្ចសម្ភាសជាមួយកាសែត Nikkei Asia រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Toshimitsu Motegi បានសង្កត់ធ្ងន់ថា បើសិនបើការបង្រ្កាប ឬការដឹកនាំដោយយោធានៅតែបន្ត ជប៉ុនគ្មានជម្រើសឡើងក្រៅពីគិតគូរម្តងទៀតលើជំនួយអភិវឌ្ឍន៍របស់ខ្លួនទៅមីយ៉ាន់ម៉ា។ 
 
«យើងមិនចង់ធ្វើបែបនោះឡើយ ប៉ុន្តែយើងត្រូវតែបញ្ជាក់ឱ្យច្បាស់ថា វានឹងមានផលវិបាក ប្រសិនបើមីយ៉ាន់ម៉ានៅបន្តស្ថិតក្នុងស្ថានភាពបែបនោះ»។ លោក Motegi បានបញ្ជាក់បែបនេះ ដោយបន្ថែមថា ជាប្រទេសដែលគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ា ជប៉ុននឹងតំណាងសហគមន៍អន្តរជាតិ និងប្រាប់ទៅរបបសឹកពីជំហររបស់ខ្លួន។ 
 
ជប៉ុន ជាម្ចាស់ជំនួយដ៏ធំ និងជាអ្នកវិនិយោគលំដាប់ទី៥ នៅមីយ៉ាន់ម៉ា។ ក្រសួងការបរទេសជប៉ុន បានអះអាងថា ជប៉ុន បានផ្តល់ជំនួយអភិវឌ្ឍន៍រហូតដល់ ១,៧ពាន់លានដុល្លារទៅមីយ៉ាន់ម៉ា នៅក្នុងឆ្នាំ២០១៩។ ចំនួននេះ គឺធំជាងចិនទៅទៀត។
 
ក្នុងកិច្ចសម្ភាសដដែល ប្រមុខការទូតជប៉ុនរូបនេះ បានបន្តថា ជប៉ុននឹងបន្តជជែកជាមួយរដ្ឋាភិបាលយោធា ដោយសារខ្លួនមានបណ្តាញទំនាក់ទំនងច្រើននៅក្នុងជួរយោធាមីយ៉ាន់ម៉ា ជាងអាមេរិក និងសហភាពអឺរ៉ុប។ 
 
គួររំលឹកថា អ្នកកាសែតជប៉ុនម្នាក់ ត្រូវបានចាប់ខ្លួននៅក្នុងខែមេសាកន្លងទៅ ប៉ុន្តែក្រោយមក ត្រូវដោះលែងវិញ។ ការដោះលែងអ្នកកាសែតជប៉ុនរូបនេះ ធ្វើឡើងបន្ទាប់ពី ជប៉ុនបានជំនួយបន្ទាន់មួយ ដែលមានតម្លៃ ៤លានដុល្លារ តាមរយៈកម្មវិធីស្បៀងអាហារពិភពលោក (WFP)៕ 
 

Tag:
 ជប៉ុន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com