COVID-19
អន្តរជាតិ
លោក Shakespeare បុរសដំបូងនៅអង់គ្លេសដែលចាក់វ៉ាក់សាំងកូវីដ-១៩ ស្លាប់ តែដោយជំងឺផ្សេង
26, May 2021 , 2:00 pm        
រូបភាព
ដោយ: ថ្មីៗ
 លោក William “Bill” Shakespeare បុរសដំបូងនៅអង់គ្លេសដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ នៅចក្រភពអង់គ្លេស បានស្លាប់ក្នុងអាយុ៨១ឆ្នាំ ប៉ុន្តែដោយសារជំងឺដាច់សរសៃឈាមខួរក្បាល មិនពាក់ព័ន្ធនឹងជំងឺរាតត្បាតសកលឡើយ។

 
លោក Shakespeare ដែលត្រូវមានឈ្មោះផ្លូវការដូចដូចកវី និងអ្នកនិពន្ធរឿងល្ខោន (William Shakespeare) កាលពីសតវត្សរ៍ទី១៦ តំណាងឲ្យក្តីសង្ឃឹមនៃយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នៅអង់គ្លេស។ លោកគឺជាបុរសដំបូងដែលបានចាក់ Pfizer ប៉ុន្តែជាមនុស្សទី២ បន្ទាប់ពីលោកយាយ Margaret Keenan ដែលបានចាក់ក្នុងអាយុ៩១ឆ្នាំ។
 
លោក Shakespeare មានកូន២នាក់ និងចៅ៤នាក់ ដោយបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅក្រុង Coventry។ កាលនៅរស់ លោកតែងតែលើកទឹកចិត្តពលរដ្ឋអង់គ្លេសឲ្យនាំគ្នាទៅចាក់វ៉ាក់សាំងដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩។
 
បច្ចុប្បន្ន ចក្រភពអង់គ្លេស មានអ្នកឆ្លងកូវីដ-១៩ ជាង៤,៤៦លាននាក់ ក្នុងនោះជាង១២,៧ម៉ឺននាក់ស្លាប់ និងជាង៤,៣លាននាក់បានជាសះស្បើយ។ គិតត្រឹមថ្ងៃទី២៥ ខែឧសភា ពលរដ្ឋអង់គ្លេសជាង៣៨លាននាក់ បានចាក់វ៉ាក់សាំងដូសដំបូង និងជាង២៣លាននាក់ ចាក់ដូសទី២៕
 

© រក្សាសិទ្ធិដោយ thmeythmey.com