COVID-19
ជាតិ
ជាង១០ខេត្តចេញផ្សាយ​របាយការណ៍កូវីដ-១៩ ដែលតេស្តឃើញកាលពីថ្ងៃទី​២៦ ខែឧសភា
27, May 2021 , 3:54 pm        
រូបភាព
ដោយ៖ខន ចំប៉ា និង​ អ៊ូ សុខមាន
 
បណ្តាខេត្ត នៅតែបន្តរកឃើញអ្នកផ្ទុកវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៦ ឧសភា។ តាមរបាយការណ៍ ករណីកើតលើពលរដ្ឋខ្មែរ ដែលទើបត្រឡប់ពីប្រទេសថៃ មានចំនួនច្រើនដ៏គួរឲ្យកត់សម្គាល់។



តាកែវ​៖ ១១​ករណី​ថ្មី ភាគច្រើន​ជា​កម្មករ និង​អាជីវករ​
​រដ្ឋបាល​ខេត្តតាកែវ បានប្រកាស​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ បន្ថែម ១១​នាក់​ទៀត ដែលជា​កម្មករ​រោងចក្រ និង​កម្មករសំណង់​, អាជីវករ​ផ្សារ​សំរោង​យ៉ោ​ង និង​ផ្សារ​អង្គតាសោម​, អ្នក​ដឹក​អំ​បោល​សក់ និង​មាន​កសិករ​ម្នាក់​ផង​។ ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង ១១​នាក់​នេះ មាន​៤​នាក់​រស់នៅ​ស្រុក​សំរោង​, ៣​នាក់​នៅ​បាទី​,២​នាក់​នៅ​ស្រុក​ដូន​កែវ និង​ម្នា​ក់នៅ​ស្រុក​ព្រៃ       កប្បាស​។  

​កំពង់ចាម​៖ ៣៥​នាក់​ទៀត ភាគច្រើន​ជា​កម្មករ​រោងចក្រ​
ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង​៣៥​នាក់ ភាគច្រើន​ជា​ស្ត្រី និង​កម្មករ​រោងចក្រ​។ តាម​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តកំពង់ចាម កុមារី​វ័យ ៧​ឆ្នាំ​ម្នាក់ និង​ទារិកា​វ័យ ១១​ខែ​ម្នាក់ ក៏​ស្ថិត​ក្នុងចំណោម​អ្នក​វិជ្ជមាន​ទាំង ៣៥​នាក់​នេះដែរ​។ អ្នក​ដែល​ទើប​រកឃើញថា​មាន​កូ​វីដ​-១៩ ទាំងនោះ មាន​១៦​នាក់ រស់នៅ​ស្រុក​កំពង់សៀម​, ៧​នាក់​នៅ​ស្រុក​ព្រៃឈរ​, ៦​នាក់​នៅ​ស្រុក​បាធាយ​, ២​នាក់​នៅ​ស្រុក​ជើងព្រៃ និង​៤​នាក់​ទៀត មាន​ទីលំនៅ​នៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។ ជាមួយគ្នានេះ ក៏មាន​អ្នកជំងឺ​ចំនួន​១៤​នាក់​ជាសះស្បើយ​ដែរ​។​

​កំពង់ធំ​៖ មាន​២២​នាក់​ភាគច្រើន​ឆ្លង​បន្ត​ពី​កម្មករ​រោច​ក្រ​នៅ​ស្គន់ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម 
មនុស្ស​ចំនួន ២២​នាក់​ទៀត មាន​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ នៅក្នុង​ខេត្តកំពង់ធំ នៅ​ថ្ងៃទី​២៦ ឧសភា ដែល​ភាគច្រើន​ជា​កម្មករ​រោងចក្រ​ជូ​ហួយ នៅ​ស្គន់ ក្នុងស្រុក​ជើងព្រៃ​ខេត្តកំពង់ចាម និង​អ្នក​បាន​ប៉ះពាល់​នឹង​កម្មករ​រោងចក្រ​ខាងលើ​។   យោងតាម​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តកំពង់ធំ ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង ២២​នាក់​នេះ ក៏មាន​អ្នក​វិជ្ជមាន​ម្នាក់ ជា​អ្នកដំណើរ​ពី​រាជធានី​ភ្នំពេញ ដែល​រស់នៅ​ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​។ ពលរដ្ឋ​២០​នាក់​ទៀត ជា​អ្នករស់នៅ​ឃុំ​ពង្រ ឃុំ​ស្វាយ​ភ្លើង និង​ឃុំ​សូ​យោង ស្រុក​តាំងគោក​។ ចំណែក​ម្នាក់ទៀត រស់នៅ​ភូមិ​ត្រពាំង​ជ័រ ឃុំ​ចំណារ​លើ ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​

​ខេត្តកំពង់ធំ ក៏មាន​អ្នកជា​សះស្បើយ​ចំនួន ៤​នាក់​ដែរ​។ ត្រឹម​ថ្ងៃទី​២៦ ខែឧសភា ខេត្តកំពង់ធំ បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ២១០​នាក់ ក្នុងនោះ​៨២​នាក់​សះស្បើយ និង​អ្នកជំងឺ​១២៨​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​។ 

កោះកុង៖ រកឃើញ៧នាក់បន្ថែម ភាគច្រើននៅស្រុកស្រែអំបិល
រដ្ឋបាលខេត្តកោះកុង បានប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៧នាក់បន្ថែតទៀត លើពលរដ្ឋ៥នាក់រស់នៅភូមិផ្លោង ឃុំបឹងព្រាវ ស្រុកស្រែអំបិល និង២នាក់ទៀតរស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។  

ពោធិ៍សាត់៖ មាន៥នាក់ ដោយ៣នាក់ជាអ្នកទៅពីភ្នំពេញ និង៣នាក់ពីថៃ
នៅថ្ងៃទី២៦ ឧសភា ខេត្តពោធិ៍សាត់ ក៏បានរកឃើញមនុស្ស៥នាក់បន្ថែមវិជ្ជមានកូវីដ-១៩ ក្នុងនោះ៣នាក់ ជាអ្នកដំណើរពីរាជធានីភ្នំពេញ និង២នាក់ជាអ្នកដំណើរពីប្រទេសថៃ។ សរុបករណីឆ្លងក្នុងខេត្តពោធិ៍សាត់ ត្រឹមថ្ងៃទី២៦ឧសភា មានចំនួន៩៧នាក់ ក្នុងនោះជាសះស្បើយ ១៧នាក់ ស្លាប់១នាក់ និង ៧៩នាក់ទៀតកំពុងសម្រាកព្យាបាល។
 
បាត់ដំបង៖ រកឃើញ១០នាក់បន្ថែម ខណៈស្ត្រីវ័យ៧០ឆ្នាំម្នាក់ បានស្លាប់
ខេត្តបាត់ដំបង បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១០នាក់បន្ថែមទៀត ដោយ៦នាក់ជាពលរដ្ឋដែលទើបធ្វើដំណើរពីប្រទេសថៃ ម្នាក់ជាបុគ្គលិកកាស៊ីណូ នៅប៉ោយប៉ែត ខណៈ៣នាកទៀតឆ្លងក្នុងមូលដ្ឋាន។ តាមរដ្ឋបាលខេត្តបាត់ដំបង ក្នុងចំណោមអ្នកឆ្លងថ្មីទាំង១០នាក់នេះ មាន៤នាក់ នៅស្រុកសង្កែ, ២នាក់នៅស្រុកមោងឫស្សី, ស្រុកថ្មគោល និងសង្កាត់អូរចា មានម្នាក់រៀងខ្លួន និង២នាក់ទៀតជាអ្នកនៅស្រុកមង្គលបុរី និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
 
នៅថ្ងៃទី២៦ ឧសភានេះ ក៏មានអ្នកជំងឺចំនួន ៨នាក់បានជាសះស្បើយផងដែរ ខណៈស្ត្រីវ័យ ៧០ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារកូវីដ-១៩ ។ នេះគឺជាករណីទី២ ដែលមានអ្នកជំងឺកូវីដ-១៩ បានស្លាប់។ 
 
 
គិតត្រឹមថ្ងៃនេះ ខេត្តបាត់ដំបង មានករណីកូវីដ-១៩ សរុប១៧៨នាក់ ក្នុងនោះ៦៨នាក់ បានជាសះស្បើយ។ អ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅខេត្តបន្ទាយមានជ័យ  និង១០៧នាក់កំពុងសម្រាកព្យាបាលក្នុងខេត្តបាត់ដំបង។
 
ឧត្តរមានជ័យ៖ រកឃើញ៣នាក់ ជាអ្នកទើបមកពីប្រទេសថៃ
៣នាក់ដែលទើបរកឃើញ ជាពលករទើបមកពីប្រទេសថៃ ដែល២នាក់ជាអ្នកស្រុកបរវេល ខេត្តបាត់ដំបង និងម្នាក់ទៀតរស់នៅស្រុកថ្មគោល ខេត្តបាត់ដំបង។ តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ត្រឹមថ្ងៃទី២៦ឧសភា ខេត្តឧត្តរមានជ័យ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុប៣៦នាក់ ក្នុងនោះ ៣៤នាក់ ករណីនាំចូលពីក្រៅប្រទេស។ អ្នកសះស្បើយ មាន៧នាក់ ខណៈអ្នកជំងឺ២៩នាក់កំពុងសម្រាកព្យាបាល។

កំពង់ស្ពឺ៖ មានអ្នកឆ្លងថ្មី២៥នាក់ និងសះស្បើយ២២នាក់
រដ្ឋបាលខេត្តកំពង់ស្ពឺ បន្តរកឃើញមនុស្ស២៥នាក់ទៀត ឆ្លងកូវីដ-១៩ ដោយក្នុងនោះ មានកុមារ ៣នាក់។ ក្នុងចំណោមករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ នៅខេត្តកំពង់ស្ពឺប្រចាំថ្ងៃទី២៦ឧសភា ឆ្នាំ២០២១ មាននៅស្រុកភ្នំស្រួច ១០នាក់, ស្រុកឧដុង្គ៤នាក់, ស្រុកថ្ពងមាន៤នាក់, ស្រុកសំរោងទងមាន៥នាក់ ខណៈអ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ទៀត នៅស្រុកគងពិសី។ ក្នុងថ្ងៃជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏ប្រកាសនូវដំណឹងល្អដែលមានមនុស្ស២២នាក់ទៀត បានជាសះស្បើយពីជំងឺកូវីដ-១៩ ផងដែរ។ ចំនួននេះ បានធ្វើឱ្យខេត្តកំពង់ស្ពឺ មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ សរុប១៥៣នាក់។
 
ព្រៃវែង៖ មានអ្នកឆ្លងថ្មី២៥នាក់ ដោយភាគច្រើនជាអ្នក ស្រុកពាមជរ
ចំនួនអ្នកឆ្លងកូវីដ-១៩ ដែលរដ្ឋបាលខេត្តព្រៃវែងរកឃើញនៅក្នុងថ្ងៃទី២៦ឧសភា ឆ្នាំ២០២១ គឺដូចនឹងអ្នកឆ្លងរបស់ខេត្តកំពង់ស្ពឺ ផងដែរ។ ក្នុងចំណោមអ្នកឆ្លងថ្មីនៃជំងឺកូវីដ-១៩ចំនួន២៥នាក់របស់ខេត្តព្រៃវែងនេះ មាន១៥នាក់មានអាសយដ្ឋាន នៅស្រុកពាមជរ, មាន៥នាក់នៅស្រុកមេសាង, មាន៣នាក់នៅស្រុកព្រះស្តេច និង២នាក់ទៀត នៅស្រុកពារាំង។ គិតត្រឹមថ្ងៃទី២៦ឧសភា រដ្ឋបាលខេត្តព្រៃវែង រកឃើញរកអ្នកកូវីដ-១៩ សរុប៣៣០នាក់ ដោយក្នុងជាសះស្បើយ ១៥២នាក់។ អ្នកជំងឺកូវីដ-១៩ ចំនួន១៧៤នាក់ កំពុងសម្រាកព្យាបាល ខណៈ៤នាក់ទៀត បានបាត់បង់ជីវិតដោយសារតែជំងឺនេះ។
 
កំពត៖ មានឆ្លងថ្មី៧ករណី ដោយមាន៣នាក់បានធ្វើដំណើរត្រលប់ពីភ្នំពេញ
រដ្ឋបាលខេត្តកំពត បានរកឃើញមនុស្ស៧នាក់ទៀត វិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៦ឧសភា ដែលមានអាយុ៨ខែដល់៧០ឆ្នាំ។ ក្នុងចំណោមអ្នកទាំងជំងឺកូវីដ-១៩ ទាំង៧នាក់នោះ មាន៤នាក់ជាអ្នកស្រុកអង្គរជ័យ និង៣នាក់ទៀត ជាអ្នកស្រុកទឹកឈូ។ រដ្ឋបាលខេត្តនេះបានបញ្ជាក់ថា ចំពោះជំងឺកូវីដ-១៩ ចំនួន៤នាក់ ដែលលមានអាសយដ្ឋាននៅអង្គរជ័យនោះ មាន៣នាក់ គឺបានធ្វើដំណើរមកពីភ្នំពេញ ចន្លោះពីថ្ងៃទី២០ដល់២៣ឧសភា ឆ្នាំ២០២១។
 
សៀមរាប៖ ឆ្លងថ្មី៥នាក់ និងសះស្បើយពីកូវីដ-១៩ ចំនួន៤នាក់
រដ្ឋបាលខេត្តសៀមរាប បន្តឃើញពលរដ្ឋខ្លួនចំនួន៥នាក់ទៀត ឆ្លងកូវីដ-១៩ ដែលសុទ្ធសឹងជាអ្នកធ្វើដំណើរត្រលប់មកពីភ្នំពេញវិញ។ ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ទាំង៥នាក់នោះ មាន៤នាក់រស់នៅក្នុងស្រុកជីក្រែង ខណៈម្នាក់ទៀត ស្ថិតនៅក្នុងសង្កាត់ស្លក្រោម ក្រុងសៀមរាប។ រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា ការរកឃើញវិជ្ជមានកូវីដ-១៩ លើមនុស្សទាំង៥នាក់នេះ គឺស្ថិតនៅក្នុងអំឡុងពេលធ្វើចត្តាឡីស័ក។ សម្រាប់មនុស្ស៤នាក់ដែលសះស្បើយពីកូវីដ-១៩ នៅក្នុងថ្ងៃទី២៦ឧសភាដែរនោះ រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា គឺមាន៣នាក់ ជាពលរដ្ឋរស់នៅក្រុងសៀមរាប ខណៈម្នាក់ទៀត មានអាសយដ្ឋាននៅឃុំរើល ស្រុកពួក។ មកទល់ពេលនេះ ខេត្តសៀមរាប មានវិជ្ជមានកូវីដ-១៩ ចំនួន១០៣នាក់ ដោយក្នុងនោះ មាន៥៦នាក់ បានជាសះស្បើយ, ស្លាប់២នាក់ និងកំពុងសម្រាកព្យាបាល ៤៥នាក់។
 
គិតត្រឹមថ្ងៃទី២៦ឧសភា កម្ពុជាមានករណីសរុបចំនួន ២៧ ៦៣៨នាក់ សះស្បើយសរុប ២០ ៣៩៨នាក់ និងស្លាប់១៩៤នាក់
 
 
 
 

Tag:
 កោះកុង
  ពោធិ៍សាត់
  បាត់ដំបង
  ឧត្តរមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com