សុខភាព
អន្តរជាតិ
WHO៖ អត្រាជំងឺគ្រុនចាញ់ធ្លាក់ចុះ ប៉ុន្តែការប្រយុទ្ធប្រឆាំងដ៏ធំនៅតែបន្ត
× អង្គការសុខភាពពិភពលោកហៅកាត់ថា WHO បានឲ្យដឹងកាលពីថ្ងៃពុធម្សិលមិញថា ការប្រយុទ្ធប្រឆាំងនឹងជម្ងឺគ្រុនចាញ់បានសង្គ្រោះជីវិតចំនួន៣,៣លាននាក់ទូទាំងពិភពលោក បើគិតចាប់តាំងពីឆ្នាំ២០០០ ប៉ុន្តែ ជម្ងឺដែលកើតឡើងដោយសារតែសត្វមូសមួយនេះនៅតែបានសម្លាប់ជីវិតមនុស្ស៦២៧.០០០នាក់កាលពីឆ្នាំមុន ជាពិសេសក្មេងៗនៅអាហ្វ្រិក។
បើយោងទៅតាមរបាយការណ៍ស្តីពីជម្ងឺគ្រុនចាញ់ប្រចាំឆ្នាំ២០១៣ របស់ WHO ការខ្វះខាតនូវមូលនិធិ និងឧបករណ៍ការពារជាមូលដ្ឋានដូចជាម៉ុងសម្រាប់ដេក បង្ហាញថា ជម្ងឺគ្រុនចាញ់នៅតែជាក្តីបារម្ភដ៏ចម្បង ជាពិសេសក្នុងទ្វីបអាហ្វ្រិក និងអាស៊ីអាគ្នេយ៍។
លោក Margaret Chan ប្រធាន WHO បាននិយាយថា៖ «អ្វីដែលច្បាស់នោះគឺថា មនុស្សជាច្រើននាក់បានឈឺជម្ងឺនេះ ហើយការស្លាប់ដោយមូសខាំ ជាសោកនាដកម្មមួយក្នុងចំណោមសោកនាដកម្មដ៏ធំបំផុតនៃសតវត្សរ៍ទី២១»។
WHO បានបញ្ជាក់ថា ការកើននូវមូលនិធិពិភពលោកក្នុងរយៈពេល១ទសវត្សរ៍កន្លងទៅនេះ បានផ្តល់ឲ្យមានការប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាទៅលើជម្ងឺគ្រុនចាញ់ ប៉ុន្តែ បើទោះបីកម្រិតមូលនិធិកើនរហូតដល់២,៥ពាន់លានដុល្លារក្នុងឆ្នាំ២០១២ ក៏ដោយ ប៉ុន្តែ វានៅតែជាចំនួនពាក់កណ្តាលប៉ុណ្ណោះចំពោះអ្វីដែលត្រូវការជាចាំបាច់ដើម្បីធ្វើឲ្យប្រាកដថា អ្នកដែលងាយរងគ្រោះដោយជម្ងឺនេះ បានទទួលឱកាសជួយសង្គ្រោះ៕
ប្រែសម្រួលដោយ ផេង សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com