COVID-19
ជាតិ
សុខភាព
ផែនការចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា សម្រេចបានជាង២៤ភាគរយហើយ
28, May 2021 , 9:47 am        
រូបភាព
 គ្រូពេទ្យរបស់ក្រសួងការពារជាតិកំពុងចាក់វ៉ាក់សាំងឱ្យពលរដ្ឋនៅតំបន់ក្រហមនៃភូមិសាស្ត្ររាជធានីភ្នំពេញ។  រូបថត៖ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ។
គ្រូពេទ្យរបស់ក្រសួងការពារជាតិកំពុងចាក់វ៉ាក់សាំងឱ្យពលរដ្ឋនៅតំបន់ក្រហមនៃភូមិសាស្ត្ររាជធានីភ្នំពេញ។ រូបថត៖ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ។
ភ្នំពេញ៖ កម្ពុជា មានពលរដ្ឋ២,៤១៨,២៨៥នាក់ហើយ បានចាក់វ៉ាក់សាំងកូវីដ-១៩។ ចំនួននេះ ស្មើនឹងអត្រា២៤,១៨ភាគរយនៃមនុស្សសរុប១០លាននាក់ ក្នុងផែនការចាក់វ៉ាក់សាំងកូវីដ-១៩របស់រដ្ឋាភិបាល។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នេះ មានជាង១,៨លាននាក់ ចាក់នូវដូសទី២រួចហើយ។

 
របាយការណ៍ពីក្រសួងសុខាភិបាលនាថ្ងៃទី២៧ឧសភា បានបង្ហាញថា ពលរដ្ឋទូទាំងប្រទេសជាង២,៤ លាននាក់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩នេះ មានពលរដ្ឋ១,៤៤៣,៤៨៩នាក់ បានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនSinovac, ពលរដ្ឋ៨១៨,១៤៦នាក់ បានចាក់វ៉ាក់សាំងរបស់Sinopharm និង១៥៦,៦៥០នាក់ទៀត បានចាក់វ៉ាក់សាំងCovishield(Astra Zeneca)។ កម្ពុជាផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋ និងកងកម្លាំងយោធា តាំងពីថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២១មក។
 
ដោយឡែក ក្នុងចំណោមមនុស្សជាង២,៤លាននាក់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩នេះ គឺមាន៨៣៣,៤៣១នាក់ ជាពលរដ្ឋរស់នៅក្នុងហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩នៃភូមិសាស្រ្តរាជធានីភ្នំពេញ មានខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌទួលគោក និងខណ្ឌឫស្សីកែវ។ ពលរដ្ឋទាំងនេះបានចាក់វ៉ាក់សាំងកូវីដ-១៩ ដោយក្រុមគ្រូពេទ្យរបស់ក្រសួងការពារជាតិ ចាប់ពីថ្ងៃទី១ឧសភា ឆ្នាំ២០២១មក។ 
 
គិតត្រឹមពេលនេះ កម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៦,០២៤,០០០ដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ ក្នុងនោះ មានវ៉ាក់សាំងCovishield ចំនួន៣២៤,០០០ដូស, វ៉ាក់សាំងរបស់ក្រុមហ៊ុនSinopharm ចំនួន១,៧លានដូស និងវ៉ាក់សាំងរបស់Sinovac ចំនួន៤លានដូស៕
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com