COVID-19
ជាតិ
សពទាហានមួកខៀវកម្ពុជាម្នាក់ ដែលស្លាប់ដោយសារកូវីដ-១៩ នឹងទទួលបានមេដាយពីUN
28, May 2021 , 4:24 pm        
រូបភាព
ភ្នំពេញ៖ សពកងកម្លាំងរក្សាសន្តិភាពកម្ពុជាលោក ស សាវី ដែលស្លាប់ដោយសារកូវីដ- ១៩ កាលពីឆ្នាំមុននោះ នឹងទទួលបានមេដាយកិត្តិយសពីអង្គការសហប្រជាជាតិ។ នេះបើតាមការប្រកាសរបស់អង្គកាសហប្រជាជាតិប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ។


អង្គការសហការប្រជាជាតិ បានបញ្ជាក់ថា មេដាយ Dag Hammarskjöld នឹងត្រូវប្រគល់ជូនវីរជនកងកម្លាំងរក្សាសន្តិភាពកម្ពុជា និងកងកម្លាំងជាង១០០នាក់ពីប្រទេសនានា ដែលបានទទួលមរណភាព ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធកងរក្សាសន្តិសុខ នៅឯទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នៅទីក្រុងញូវយក នាថ្ងៃទី២៩ ឧសភា។
 
លោកឧត្តមសេនីយ៍ទោ ស សាវី កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានទទួលមរណភាពក្នុងអាយុ ៦៣ ឆ្នាំ ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ក្នុងពេលបំពេញ បេសកកម្មនៅប្រទេសម៉ាលី (MINUSMA) ខណៈកងទ័ពមួកខៀវកម្ពុជាចំនួន ៥ នាក់ផ្សេងទៀត ដែលបានឆ្លងជំងឺកាចសាហាវនេះដែរ បានជាសះស្បើយ។
 
សពកងទ័ពមួកខៀវ មន្ត្រី និងបុគ្គលិក ១២៩នាក់ ពីប្រទេសចំនួន៤៤ ដែលជួបគ្រោះថ្នាក់បាត់បង់ជីវិត ក្នុងអំឡុងពេលបំពេញការងារ ក្រោមឆ័ត្ររក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនោះ នឹងទទួលបានមេដាយ Dag Hammarskjöld។ ក្នុងនោះរួមមានប្រទេសកុងហ្គោ ៩នាក់, បង់ក្លាដែស៩នាក់, ប៊ូរុនឌី៨នាក់, ស៊ូដង់ខាងត្បូង៧នាក់, រវ៉ាន់ដា៧នាក់ ,អេត្យូពី៦នាក់, អាហ្វ្រិកកណ្ដាល៦នាក់, អេហ្ស៊ីប៥នាក់, កាមេរូន៥នាក់ ,កូតឌឺវ័រ៥នាក់, ឆាត៤នាក់ ,នេប៉ាល់៤នាក់ ,ស៊ូដង់៤នាក់ ,អាហ្គានីស្ថាន៣នាក់ ,ហ្គាប៊ុង៣នាក់, ហ្គីណេ៣នាក់, ឥណ្ឌា៣នាក់ និងសេណេហ្គាល់៣នាក់។
 
ដោយឡែកសពវីរជនកងទ័ពមួកខៀវ២នាក់ ដែលទទួលបានមេដាយនេះ រួមមានចិន ,កុងហ្គោ ,ហ្គាណា ឥណ្ឌូណេស៊ី, ហ្ស៊កដង់ ,ម៉ាលី ,នីហ្សេ ,ប៉ាគីស្ថាន ,តង់សានី ,អ៊ុយក្រែន និងហ្សំប៊ី។ ចំណែកសពកងទ័ពមួកខៀវកម្ពុជា ,ហ្ស៊ីមបាវ៉េ ,តុងហ្គោ ,អាហ្វ្រិកខាងត្បូង ,ហ្វីលីពីន ,ម៉ារ៉ុក ,ម៉ុងហ្គោលី ,ម៉ាឡាវី លីបង់ ,កេនយ៉ា ,ហៃទី ,បារាំង ,ហ្វីជី និងសាល់វ៉ាឌ័រ សុទ្ធតែទទួលបានមេដាយម្នាក់មួយ ពីអង្គការសហប្រជាជាតិ។
 
គិតចាប់ពីឆ្នាំ១៩៤៨ មក អង្គការសហប្រជាជាតិ បានបំពាក់កម្រងផ្កាកិត្តិយសដល់កងទ័ពមួកខៀវ មន្ត្រី និងបុគ្គលិក ជាង៤០០០នាក់ហើយ ដែលបានបាត់បង់ជីវិត នៅក្នុងអំឡុងពេលបំពេញការងាររក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ នេះបើតាមលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានបន្ថែមថា កងកម្លាំងរក្សាសន្តិសុខវ័យក្មេងប្រមាណ១ម៉ឺននាក់ ត្រូវបានពង្រាយកម្លាំងនៅជុំវិញពិភពលោក ដែលពួកគេដើរតួយ៉ាងសំខាន់ នៅក្នុងបេសកកម្មបំពេញការងារថែរក្សា និងការពារអាយុជីវិតប្រជាជនស៊ីវិល។
 
«ឆ្នាំនេះ ការប្រកួតប្រជែង និងការប្រឈមមុខនឹងការគំរាមកំហែងរបស់កងកម្លាំងរក្សាសន្តិសុខ គឺអស្ចារ្យជាងពេលណាៗទាំងអស់។ កងកម្លាំង ក៏ដូចជាប្រជាជននៅជុំវិញពិភពលោក គឺត្រូវការតស៊ូយកឈ្នះ មិនមែនតែការរាតត្បាតនៃជំងឺកូវីដ-១៩នោះទេ ប៉ុន្តែពួកគេត្រូវបន្តសកម្មភាពគាំទ្រ និងការពារប្រជាជននៅក្នុងប្រទេសទាំងអស់ ដែលពួកគេឈរជើង»។ នេះបើតាមអគ្គលេខាធិការអង្គការសហប្រជាជាតិ។
 
បច្ចុប្បន្នកងកម្លាំងរក្សាសន្តិសុខរបស់កម្ពុជា ៦៧៦នាក់ កំពុងបំពេញការងាររក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេស៦ រួមមាន ម៉ាលី ស៊ូដង់ លីបង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្ដាល និងតំបន់Abyei ជាដើម ។ គិតមកដល់ពេលនេះ កងទ័ពមួកខៀវកម្ពុជា ២៧នាក់ហើយ ដែលបានបាត់បង់ជីវិត ក្នុងអំឡុងពេលបំពេញការងារ។ នេះបើតាមរបាយការណ៍អង្គការសហប្រជាជាតិ។
 
គួរបញ្ជាក់ថា មេដាយ Dag Hammarskjöld គឺត្រូវបំពាក់ឱ្យយោធា ប៉ូលិស និងមន្ត្រីស៊ីវិល ដែលបានបាត់បង់ជីវិត ក្នុងពេលបំពេញការងាររក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ មេដាយ Dag Hammarskjöld គឺជាឈ្មោះរបស់លោក Dag Hammarskjöld ដែលជាអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ទី២ ដែលបានទទួលមរណភាព ដោយសារការធ្លាក់យន្តហោះ នៅប្រទេសសំប៊ី កាលពីខែកញ្ញា ឆ្នាំ១៩៦១៕

Tag:
 UN
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com