ជាតិ
សង្គមជាតិ
កិច្ចប្រជុំកំពូលP4G នៅទីក្រុងសេអ៊ូល នឹងក្លាយជាវេទិកាដ៏សំខាន់ ក្នុងការរកដំណោះស្រាយបម្រែបម្រួលអាកាសធាតុ
28, May 2021 , 8:59 pm        
រូបភាព
លោក ផាក ហ៊ឺងខ្យង់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចំាប្រទេសកម្ពុជា
លោក ផាក ហ៊ឺងខ្យង់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចំាប្រទេសកម្ពុជា
កូរ៉េខាងត្បូង នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល«P4G»លើកទី២ តាមប្រព័ន្ធអនឡាញ រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៣០ និងទី៣១ ឧសភានេះ។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងមេដឹកនាំប្រទេសប្រមាណ ៦០ទៀត ក៏នឹងចូលរួមក្នុងកិច្ចប្រជុំនេះដែរ។ លោក ផាក ហ៊ឺងខ្យង់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចំាកម្ពុជា បញ្ជាក់ក្នុងសុន្ទរកថា កិច្ចប្រជុំនេះ នឹងក្លាយវេទិកាដ៏សំខាន់ សម្រាប់ពិភពលោក ក្នុងការស្វែងរកដំណោះស្រាយរួមគ្នា លើបញ្ហាការប្រែប្រួលអាកាសធាតុ។ 

 
សាធារណរដ្ឋកូរ៉េ នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល ភាពជាដៃគូដើម្បីដើម្បីកំណើនពណ៌បៃតង និងគោលដៅពិភពលោកឆ្នាំ២០៣០  «P4G» លើកទី២ តាមប្រព័ន្ធអនឡាញ នាថ្ងៃទី៣០ និង៣១ ខែឧសភានេះ។ កិច្ចប្រជុំកំពូលនេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ការស្តារឡើងវិញប្រកបដោយពណ៌បៃតង ឆ្ពោះទៅរកអព្យាក្រឹត្យភាពកាបូន»។ កិច្ចប្រជុំកំពូលនេះ នឹងរួមបញ្ចូលកិច្ចពិភាក្សាថ្នាក់ដឹកនាំ ដែលមានការពិភាក្សាផ្ទាល់ក្នុងចំណោមមេដឹកនំា និងកិច្ចប្រជុំមេដឹកនំា ដែលសារវីដេអូដែលបានថតទុកជាមុន ដោយអ្នកដឹកនំានឹងត្រូវបានបង្ហាញ។ លោកប្រធានាធិបតី មូន ចេអ៊ីន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រមុខរដ្ឋប្រមាណ៦០នាក់ និងថ្នាក់ដឹកនំានៃអង្គការអន្តរជាតិនានា នឹងចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះ។   
 
លោក ផាក ហ៊ឺងខ្យង់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចំាប្រទេសកម្ពុជា  បានថ្លែងនៅក្នុងសុន្ទកថារបស់ខ្លួនថាកិច្ចកប្រជុំកំពូល P4G មានបំណងពន្លឿនដំណោះស្រាយលើវិស័យ ធំៗទាំង៥ គឺម្ហូបអាហារ ទឹក ថាមពល ទីក្រុង និងសេដ្ឋកិច្ចរាងជារង្វង់។ ទំាងនេះត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ ជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ និងជាធាតុដ៏សំខាន់ ក្នុងការឆ្លើយតបជាសកលចំពោះបម្រែបម្រួលអាកាសធាតុ។ តាមលោកឯកអគ្គរដ្ឋទូតកូរ៉េប្រចំាកម្ពុជា កិច្ចប្រជុំកំពូល P4G នៅទីក្រុងសេអ៊ូល នឹងបង្កើតសន្ទុះថ្មី សម្រាប់ការពិភាក្សាលើបញ្ហាសំខាន់ៗ ខណៈប្រទេសនានាត្រៀមរៀបចំសន្និសីទ ស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ នៃភាគីនានាលើកទី២៦ (COP26) ដែលនឹងរៀបចំឡើងនៅទីក្រុងក្លាសហ្គោ (Glasgow) ប្រទេសអង់គ្លេស នៅខែវិច្ឆិកាខាងមុខ។
 
សម្រាប់ លោក ផាក ហ៊ឺងខ្យង់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចំាកម្ពុជា កិច្ចប្រជុំនេះនឹងក្លាយវេទិកាដ៏សំខាន់សម្រាប់ពិភពលោក ក្នុងការស្វែងរកដំណោះស្រាយរួមគ្នា លើបញ្ហាការប្រែប្រួលអាកាសធាតុ។  លោក ផាក ហ៊ឺងខ្យង់ បញ្ជាក់ដូច្នេះ៖ «យើងជឿជាក់ថា កិច្ចប្រជុំកំពូល P4G នៅទីក្រុងសេអ៊ូល ដែលចូលរួមទាំងវិស័យសាធារណៈ និងឯកជន ក្នុងការវិនិយោគលើដំណោះស្រាយផ្លាស់ប្តូរ នឹងផ្តល់នូវវេទិកាពិភពលោកដ៏សំខាន់ សម្រាប់តួអង្គសំខាន់ៗទំាងអស់ ដើម្បីជួយសម្រួលដល់សកម្មភាពរួម ដែលត្រូវការដើម្បីដោះស្រាយ នូវបម្រែបម្រួលអាកាសធាតុដ៏ធ្ងន់ធ្ងរ»។ 
 
បើតាមលោក ផាក ហ៊ឺងខ្យង់ បានគូសបញ្ជាក់ថា ភពផែនដី និងប្រជាជននៅលើផែនដី កំពុងតែទទួលរងនូវបម្រែបម្រួលអាកាសធាតុដ៏ធ្ងន់ធ្ងរ ហើយមូលហេតុចម្បងគឺបណ្តាលមកពីសកម្មភាពរបស់មនុស្ស។ ឯកអគ្គរដ្ឋទូតកូរ៉េប្រចំាកម្ពុជា បានបន្តលើកឡើងដោយផ្នែកលើរបាយការណ៍របស់អង្គការឧតុនិយមពិភពលោក ស្តីពីបម្រែបម្រួលអាកាសធាតុឆ្នាំ២០២០ ថា សីតុណ្ហភាពមធ្យមសកល បានកើនឡើង១,២អង្សាសេ បើប្រៀបធៀបនឹងមុនសម័យឧស្សាហូបនីយកម្ម (ជាមូលដ្ឋានចាប់ពីឆ្នាំ ១៨៥០ ដល់ឆ្នាំ១៩០០)។ របាយការណ៍ដដែលឱ្យដឹងទៀតថា ឆ្នាំ២០២០ទំនងជាឆ្នាំមួយ ក្នុងចំណោមឆ្នាំក្តៅបំផុតទំាង៣ លើកំណត់ត្រាពិភពលោក ហើយកាលពី៦ឆ្នាំមុន ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ ទំនងជា៦ឆ្នាំដ៏ក្តៅបំផុត លើកំណត់ត្រាពិភពលោក។ 
 
នាឆ្នំា២០១៩ កំហាប់កាបូនឌីអុកស៊ីត បានឈានដល់កម្រិតខ្ពស់ថ្មីជាង ៤១០ ផ្នែកក្នុងមួយលាន (ppm) ពីកម្រិត២៧០ ដល់២៨០ppm ក្នុងយុគសម័យមុនឧស្សាហូបនីយកម្ម ទោះបីមានការកើនឡើងបន្តិច ក្នុងអត្រាកំណើនប្រចាំឆ្នាំ នៃកំហាប់កាបូនឌីអុកស៊ីត ក្នុងបរិយាកាសទាក់ទងនឹងវិធានការដែលបានអនុវត្ត ជាការឆ្លើយតបនឹងរោគរាតត្បាតកូវីដ-១៩ ក្នុងឆ្នាំ២០២០។ 
 
នៅឆ្នាំ២០២០ ផ្នែកខ្លះនៃតំបន់អាស៊ីអាគ្នេយ៍ បានជួបប្រទះនឹងទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នាអំឡុងខែតុលា និងខែវិច្ឆិកា ហើយតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺភាគកណ្តាលនៃប្រទេសវៀតណាម។  ទឹកជំនន់នេះ ក៏បានរាលដាលបន្ថែមទៀត នៅភាគខាងលិចនៃប្រទេសកម្ពុជា។  ឆ្នាំ២០២០ដដែល គ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរ ក៏បានវាយប្រហារផ្នែកជាច្រើននៃអាមេរិកខាងត្បូង ហើយមានភ្លើងឆេះព្រៃជាច្រើន កើតឡើងនៅទូទាំងសហរដ្ឋអាមេរិកខាងលិច និងអូស្ត្រាលីខាងកើត។ 


 លោក ផាក ហ៊ឺងខ្យង់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចំាប្រទេសកម្ពុជា 

«ប្រទេសកម្ពុជា ត្រូវបានផ្តល់ជូននូវមូលដ្ឋានធនធានធម្មជាតិ ដ៏សម្បូរបែប។ នេះគឺជាគន្លឹះសម្រាប់សន្តិសុខស្បៀង និងការចិញ្ចឹមជីវិតរបស់ប្រជាជន។ ប៉ុន្តែវាត្រូវបានគំរាមកំហែងដោយបម្រែបម្រួលលក្ខខណ្ឌអាកាសធាតុ»។ នេះជាការបញ្ជាក់របស់លោក ផាក ហ៊ឺងខ្យង់ ដោយលោកបានបញ្ជាក់ទៀតថា បម្រែបម្រួលលក្ខខណ្ឌអាកាសធាតុ បង្កការគំរាមកំហែងជាបន្ត ចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។ 
 
ក្រៅពីលើកឡើងពីការជះឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ មកលើការអភិវឌ្ឍន៍ប្រទេសកម្ពុជា លោក ផាក ហ៊ឺងខ្យង់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចំាកម្ពុជា ក៏បានលើកឡើង ពីមហិច្ឆតារបស់ខ្លួន ក្នុងការចូលរួមការដោះស្រាយបម្រែបម្រួលអាកាសធាតុជាសកលផងដែរ។ កាលពីឆ្នាំកន្លងទៅ រដ្ឋាភិបាលកូរ៉េ បានប្រកាសនូវផែនការ ដើម្បីសម្រេចគោលដៅនៃអព្យាក្រឹត្យភាព កាបូនត្រឹមឆ្នាំ២០៥០។ យោងទៅតាមសេចក្តីប្រកាសកាលពីឆ្នាំមុន រដ្ឋាភិបាលកូរ៉េ បានដាក់ចេញនូវគម្រោងវិនិយោគដែលមានតម្លៃ ៦២ពាន់លានដុល្លារ ក្នុងគម្រោងរយៈពេលខ្លី និងរយៈពេលវែង ដើម្បីជួយស្តារសេដ្ឋកិច្ចឡើងវិញ ពីការធ្លាក់ចុះដែលបណ្តាលមកពីជំងឺកូវីដ-១៩។ ផែនការមួយចំនួនរួមមានការបំលែងឧស្សាហកម្ម ដែលពឹងផ្អែកខ្លាំងលើកាបូនភាគច្រើននៅក្នុងប្រទេស ឲ្យទៅជាប្រព័ន្ធកាបូនទាប និងការជំរុញការប្រើប្រាស់ប្រភពថាមពលមិនមែនផូស៊ីល ដូចជាថាមពលពន្លឺព្រះអាទិត្យ ខ្យល់ និងថាមពលវារីអគ្គិសនី។ លោក ផាក ហ៊ឺងខ្យង់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចំាកម្ពុជា បញ្ជាក់ដូច្នេះ៕
 

Tag:
 អាកាសធាតុ
 សាធារណរដ្ឋកូរ៉េ
  P4G
 ផាក ហ៊ឺងខ្យង់
© រក្សាសិទ្ធិដោយ thmeythmey.com