COVID-19
អន្តរជាតិ
ឆ្នោតលើកទឹកចិត្តអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ នៅរដ្ឋ Ohio៖ ស្ត្រីដំបូងឈ្នះរង្វាន់១លានដុល្លារ
29, May 2021 , 8:30 am        
រូបភាព
ដោយ: ធីតា
 
រដ្ឋអូហៃយ៉ូ (Ohio) សហរដ្ឋអាមេរិក រកឃើញអ្នកមានសំណាងទី១ ដែលបានឈ្នះឆ្នោត Vax-a-Million នូវទឹកប្រាក់ចំនួន១លានដុល្លារអាមេរិក។ នេះជាឆ្នោតដែលថ្នាក់ដឹកនាំរដ្ឋអូហៃយ៉ូ រៀបចំឡើងដើម្បីលើកទុកចិត្តពលរដ្ឋឲ្យនាំគ្នាទៅចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។



Abbigail Bugenske អាយុ២២ឆ្នាំ បានក្លាយជាអ្នកចាត់វ៉ាក់សាំងកូវីដ-១៩ ដ៏មហាសំណាងម្នាក់ ដោយនាងទទួលបានប្រាក់រហូតដល់ទៅ១លានដុល្លារពីលោកអភិបាលរដ្ឋអូហៃយ៉ូ Mike DeWine សម្រាប់ឆ្នោតរង្វាន់ Vax-a-Million។

ស្របពេលជាមួយគ្នានេះ Joseph Costello អាយុ១៤ឆ្នាំ ដែលរស់នៅ Englewood ជាមួយក្រុមគ្រួសារ ទទួលបានអាហារូបករណ៍សិក្សាដោយឥតគិតថ្លៃ ផងដែរ។

យោងតាមទីភ្នាក់ងារព័ត៌មាន AP យុវតីដែលរស់ក្នុង Cleveland រូបនេះ បម្រើការផ្នែកវិស្វកម្មនៅក្រុមហ៊ុន GE Aviation។ នាងបានចាក់វ៉ាក់សាំង Moderna ហើយមានសិទ្ធិពេញលេញក្នុងការឈ្នះឆ្នោតផ្សេងសំណាង។ ជាមួយនឹងប្រាក់រង្វាន់នេះ នាងមានគម្រោងបរិច្ចាគខ្លះដល់អង្គការសប្បុរសធម៌ និងការវិនិយោគផ្ទាល់ខ្លួន ប៉ុន្តែមិនមានបំណងឈប់ពីការងារបច្ចុប្បន្ននោះឡើយ។

កាលពីថ្ងៃទី១២ ខែឧសភា លោកអភិបាលរដ្ឋអូហៃយ៉ូ Mike DeWine បានប្រកាសពីការដាក់ដំណើរការឆ្នោតផ្សងសំណាង Vax-a-Million ដើម្បីជំរុញពលរដ្ឋឲ្យចាក់វ៉ាក់សាំងកូវីដ-១៩។ ក្រោយការប្រកួត មនុស្សជាង២,៧លាននាក់ បានចុះឈ្មោះផ្សេងសំណាង ហើយកុមារជាង១០ម៉ឺននាក់អាយុពី១២ទៅ១៧ឆ្នាំ ក៏មានឱកាសផ្សេងសំណាងសម្រាប់អាហាររូបករណ៍សិក្សាផងដែរ។

បន្ទាប់ពី Abbigail Bugenske អ្នកឈ្នះ១លានដុល្លារអាមេរិក រួមទាំងអាហារូបករណ៍សិក្សានាពេលបន្ទាប់នឹងត្រូវប្រកាសនារយៈពេល៤សប្តាហ៍ខាងមុខទៀត។ ក្រុមហ៊ុនឆ្នោត Ohio Lottery ជាអ្នកទទួលបន្ទុកចាប់ឆ្នោត ដោយប្រើប្រព័ន្ធស្វ័យប្រវត្តិ (Random Number Generator)។ ពលរដ្ឋនៅអូហៃយ៉ូ អាចចុះឈ្មោះតាមទូរសព្ទ ឬតាមវ៉ិបសាយ Vax-a-Million ផ្ទាល់ រីឯកុមារ ត្រូវមានការបញ្ជាក់ពីឪពុកម្តាយ ឬអាណាព្យាបាល។

គិតត្រឹមដើមសប្តាហ៍នេះ មនុស្សជាង៥,២លាននាក់ហើយនៅអូហៃយ៉ូ ដែលបានចាក់វ៉ាក់សាំង ពោលគឺប្រមាណ៤៥ភាគរយ ដែលក្នុងនោះមាន Pifzer, Moderna ដែលត្រូវចាក់ពីរដូស និង Johnson & Jonhson ដែលត្រូវចាក់តែមួយដូស៕






© រក្សាសិទ្ធិដោយ thmeythmey.com