COVID-19
ជាតិ
របាយការណ៍ប្រចាំថ្ងៃ៖ កំពង់ស្ពឺ,កណ្តាល,បន្ទាយមានជ័យ,កំពង់ធំ បន្តរកឃើញអ្នកជំងឺកូវីដ-១៩ច្រើនជាងគេ
×
ភ្នំពេញ៖ របាយការណ៍តាមបណ្ដាខេត្តនានា អំពីអ្នកឆ្លងជំងឺកូវីដ-១៩ នៅថ្ងៃទី២៨ ខែឧសភា បានបង្ហាញថា អ្នកឆ្លងកូវីដ-១៩ ភាគច្រើនជាកម្មកររោងចក្រ, ពលករមកពីប្រទេសថៃ និងបុគ្គលិកក្រុមហ៊ុន។
កំពង់ស្ពឺ៖ ឆ្លងជាសហគមន៍ ៥៤នាក់ និងជាសះស្បើយ២នាក់
មនុស្សចំនួន៥៤នាក់បានឆ្លងជំងឺកូវីដ-១៩ និងជាសះស្បើយចំនួន២នាក់ ដែលផ្សាយក្នុងរបាយការណ៍រដ្ឋបាលខេត្តកំពង់ស្ពឺនៅថ្ងៃទី២៨ ខែឧសភា។ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ គឺជាពលរដ្ឋរស់នៅក្នុងស្រុកសំរោងទង,ស្រុកគងពិសី,ស្រុកកណ្តាលស្ទឹង,ស្រុកអង្គស្នួល,ស្រុកឧដុង្គ,ស្រុកបសេដ្ឋ,ស្រុកភ្នំស្រួច និងក្រុងចំការមន។
ជាមួយគ្នានេះ មានអ្នកជាសះស្បើយចំនួន២នាក់ ដែលធ្វើឲ្យអ្នកជាសះស្បើយសរុបមាន១៧៨នាក់។ បច្ចុប្បន្ន ខេត្តកំពង់ស្ពឺមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៦៥៤ករណី និងមានអ្នកស្លាប់ចំនួន១២ករណី។
កណ្តាល៖ ឆ្លងថ្មីចំនួន៤១ករណី និងជាសះស្បើយ២៤ករណី
មនុស្សចំនួន៤១នាក់ទៀតបានឆ្លងជំងឺកូវីដ-១៩។ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ គឺស្រុកកៀនស្វាយ២៣នាក់,ស្រុកពញ្ញាឮ៥នាក់,ស្រុកអង្គស្នួល២នាក់,ស្រុកកណ្តាលស្ទឹង៥នាក់,ស្រុកស្អាង៤នាក់,ស្រុកខ្សាច់កណ្តាល និងស្រុកលើកដែក ១នាក់ដូចគ្នា។
ចំពោះអ្នកជាសះស្បើយមាន២៤នាក់ ដោយស្រុកកណ្តាលស្ទឹង៤នាក់,ស្រុកកៀនស្វាយ១១នាក់,ស្រុកអង្គស្នួល១នាក់,ស្រុកស្អាង២នាក់ និងក្រុងតាខ្មៅ៦នាក់។
ខេត្តកណ្តាល មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣,៥៣៥ករណី និងជាសះស្បើយ២,១៥០ករណី។
បន្ទាយមានជ័យ៖ ឆ្លងថ្មីចំនួន៣៦ករណីនៅក្រុងប៉ោយប៉ែត និងជាសះស្បើយ៨១ករណី
ក្នុងចំណោមអ្នកឆ្លងថ្មីចំនួន៣៦នាក់នេះ គឺ៨នាក់ជាពលករមកពីប្រទេសថៃ,១៤នាក់ ជាបុគ្គលិកសហគ្រាសGolden Planet,បុគ្គលិកសហគ្រាសTik Tok ចំនួន១នាក់,អ្នកលក់បាយ១នាក់,បុគ្គលិកហាងកាហ្វេ៣នាក់,និង៩នាក់ទៀត សិស្ស និងមេផ្ទះ។
កំពង់ធំ៖ ឆ្លងថ្មីចំនួន២៦ករណី និងជាសះស្បើយ៩ករណី
ក្នុងចំណោមមនុស្ស២៦នាក់ដែលឆ្លងជំងឺកូវីដ-១៩ គឺមាន៣នាក់មកពីរាជធានីភ្នំពេញ,២នាក់ជាអ្នកប៉ះផ្ទាល់នឹងអ្នកមកពីរាជធានីភ្នំពេញ, ១៩នាក់ជាកម្មកររោងចក្រជូហួយ រោងចក្រវ៉ាឡុង និងរោងចក្រលីនតុន និង២នាក់ទៀត ជាអ្នកប៉ះផ្ទាល់នឹងកម្មកររោងចក្រវ៉ាឡុង និងរោងចក្រខាលីនតុន។
កំពង់ធំ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន២៥៣ករណី និងជាសះស្បើយ៩១ករណី។
កំពង់ចាម៖ ឆ្លងថ្មីចំនួន២៣ករណី និងជាសះស្បើយ៨ករណី
មនុស្សចំនួន២៣នាក់ដែលឆ្លងជំងឺកូវីដ-១៩ គឺស្រុកព្រៃឈរ មាន៣នាក់,ស្រុកជើងព្រៃ១១នាក់,ស្រុកបាឆាយ៧នាក់,ស្រុកចំការលើ និងក្រុងកំពង់ចាម មាន១នាក់ដូចគ្នា។ ចំពោះមនុស្សចំនួន៨នាក់បានជាសះស្បើយពីជំងឺកូវីដ-១៩ និងបានត្រឡប់ទៅគេហដ្ឋានវិញផងដែរ។
ព្រៃវែង៖ ឆ្លងថ្មីចំនួន២០ករណី និងគ្មានអ្នកជាសះស្បើយឡើយ
មនុស្សចំនួន២០នាក់ដែលឆ្លងជំងឺកូវីដ-១៩នោះ គឺ៨នាក់ជាកម្មកររោងចក្រ ណាហ្គាភីស និង១២នាក់ទៀតជាអ្នកឆ្លងពីអ្នកជំងឺកូវីដ-១៩។
គិតត្រឹមថ្ងៃទី២៨ ខែឧសភា ខេត្តព្រៃវែងមានអ្នកឆ្លងសរុបចំនួន៣៦០ករណី ជាសះស្បើយ១៦០ករណី និងស្លាប់៤ករណី។
បាត់ដំបង៖ ឆ្លងថ្មី១១នាក់ និងជាសះស្បើយ២នាក់
ក្នុងចំណោមអ្នកឆ្លងថ្មីទាំង១១នាក់ គឺមាន១០នាក់ជាពលរដ្ឋខ្មែរដែលប្រកបមុខរបរ និងកម្មករសំណង់នៅប្រទេសថៃ ដែលត្រឡប់មកកម្ពុជាវិញ និងម្នាក់ទៀតជាបុគ្គលិកកាស៊ីណូ ក្នុងក្រុងប៉ោយប៉ែត ដែលត្រឡប់មកពីខេត្តបន្ទាយមានជ័យ។
ករណីជាសះស្បើយចំនួន២នាក់ គឺធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់៧២នាក់ ក្នុងចំណោមអ្នកឆ្លងសរុបក្នុងខេត្តបាត់ដំបងមាន១៩៩នាក់ និងស្លាប់២នាក់។
កោះកុង៖ ឆ្លងថ្មីចំនួន៧ករណី និងគ្មានករណីជាសះស្បើយឡើយ
ខេត្តកោះកុងក៏បន្តរកឃើញអ្នកជំងឺកូវីដ-១៩ចំនួន៧នាក់ទៀត ដោយពួកគេជាអ្នករស់នៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុងទាំងអស់។ ក្នុងចំណោមអ្នកឆ្លងទាំង៧នាក់នោះ គឺមាន៦នាក់ឆ្លងពីបុរសម្នាក់ដែលជាកម្មកររោងចក្រធ្វើចំណីសត្វ ដែលស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តកោះកុង។
កំពង់ឆ្នាំង៖ ៤ករណីថ្មី និងគ្មានអ្នកជាសះស្បើយឡើយ
មនុស្សទាំង៤នាក់នោះគឺសុទ្ធតែជាកម្មកររោងចក្រទាំងអស់ ដោយ២នាក់ជាកម្មកររោងចក្រហឺរ៉ាយហ្សិន និង២នាក់ជាកម្មកររោងចក្រតឹកហ្វុក។
ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបមាន២២០នាក់ ជាសះស្បើយ៣២នាក់ និងស្លាប់ចំនួន៣នាក់។
ឧត្តរមានជ័យ៖ មាន៣ករណី និងជាសះស្បើយចំនួន១ករណី
៣ករណីថ្មីនេះ គឺសុទ្ធតែជាពលករមកពីប្រទេសថៃទាំងអស់ ដែលឆ្លងដែនចូលមកកម្ពុជាតាមច្រកព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៨ ខែឧសភា។ ចំពោះអ្នកជាសះស្បើយ១នាក់ គឺជាអ្នករស់នៅក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
មកដល់ពេលនេះ ខេត្តឧត្តរមានជ័យមានអ្នកជំងឺកូវីដ-១៩ចំនួន៤១នាក់ ក្នុងនោះ៣៩នាក់ជាករណីនាំចូលពីបរទេស និងឆ្លងជាសហគមន៍មានតែ២ករណីប៉ុណ្ណោះ។ ចំណែកអ្នកជាសះស្បើយសរុប១០នាក់។
សៀមរាប៖ មាន៣ករណី និងជាសះស្បើយ២ករណី
ចំនួន៣ករណីដែលឆ្លងថ្មីនេះ ដោយ១ករណីជាអ្នកមកពីប្រទេសថៃ និង២ករណីជាអ្នករស់នៅក្នុងសង្កាត់សំបួរ ខេត្តសៀមរាប។ ដោយឡែកអ្នកជាសះស្បើយចំនួន២ករណី ជាអ្នករស់នៅក្នុងសង្កាត់ស្វាយដង្គំ និងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ខេត្តសៀមរាបមានអ្នកឆ្លងសរុបចំនួន១១០នាក់ ជាសះស្បើយចំនួន៥៩នាក់ និងស្លាប់២នាក់។
រតនគិរី៖ ១ករណី និងគ្មានអ្នកជាសះស្បើយឡើយ
១ករណីដែលជាពលករមកពីប្រទេសថៃ បានមកកម្ពុជានៅថ្ងៃទី២៧ ខែឧសភា តាមច្រកទ្វារអូរស្មាច់ ខេត្តឧត្តរមានជ័យ។ បុរសរូបនោះបានរួមដំណើរជាមួយមនុស្សចំនួន១១នាក់ទៀត។ នេះបើតាមរដ្ឋបាលខេត្តរតនគីរី។
ស្ទឹងត្រែង៖ ១ករណី និងគ្មានអ្នកជាសះស្បើយឡើយ
បុរសជនជាតិខ្មែរម្នាក់ដែលជាអ្នកដឹកជញ្ចូនទំនិញទៅមកពីខេត្តស្ទឹងត្រែង-ភ្នំពេញ រស់នៅក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង មានវិជ្ជមានកូវីដ-១៩។
អាជ្ញាធរក៏បន្តរកឃើញអ្នកប៉ះផ្ទាល់នឹងបុរសរូបនោះចំនួន៧៥នាក់ទៀត។ បច្ចុប្បន្នពួកគេត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្ត គឺអវិជ្ជមានទាំងអស់ និងបានដាក់ចត្តាឡីស័ក។
ករណីប្រចាំថ្ងៃទូទាំងប្រទេស៖
មនុស្ស៥៨៨នាក់ទៀត តេស្តវិជ្ជមានកូវីដ-១៩ នៅកម្ពុជានៅថ្ងៃទី២៩ ខែឧសភា ខណៈអ្នកសះស្បើយបន្ថែមមាន៤១៥នាក់ និងស្លាប់៧នាក់ទៀត។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល នៅថ្ងៃសៅរ៍នេះ។ គិតមកដល់ពេលនេះ កម្ពុជាមានករណីសរុបចំនួន២៨,៨២៥នាក់ សះស្បើយសរុប ២១,៣១៥នាក់ និងស្លាប់២០៣នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com