COVID-19
អន្តរជាតិ
ម៉ាឡេស៊ី ប្រកាសបិទខ្ទប់ប្រទេសជាថ្មី ដើម្បីទប់ការរីកសាយនៃកូវីដ-១៩
29, May 2021 , 1:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកមូហ៊ីឌីន យ៉ាស៊ីន។ រូបភាព៖ Facebook-នាយករដ្ឋមន្រ្តី
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកមូហ៊ីឌីន យ៉ាស៊ីន។ រូបភាព៖ Facebook-នាយករដ្ឋមន្រ្តី
 
ម៉ាឡេស៊ី នឹងបិទប្រទេសសារជាថ្មី ដើម្បីទប់ស្កាត់ការរីកសាយនៃកូវីដ-១៩ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី១៤ ខែមិថុនា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី​  លោកមូហ៊ីឌីន យ៉ាស៊ីន នៅថ្ងៃទី២៨ ខែឧសភា។



ករណីឆ្លងកូវីដ-១៩ បានផ្ទុះឡើងវិញនៅម៉ាឡេស៊ី ដោយករណីឆ្លងប្រចាំថ្ងៃហក់ឡើងលើស ៨ពាន់ករណីឯណោះ។ ក្នុងថ្ងៃទី២៨ ខែឧសភា ម៉ាឡេស៊ី រាយការណ៍ ករណីឆ្លងកូវីដ-១៩ ចំនួន៨២៩០ ករណី ដែលករណីឆ្លងនេះ គឺខ្ពស់ជាងពេលណាៗទាំងអស់ របស់ម៉ាឡេស៊ី។ ដោយមើលឃើញថា កូវីដ-១៩ បានផ្ទុះកាន់តែច្រើនបែបនេះ រដ្ឋាភិបាលបានសម្រេចបិទខ្ទប់ប្រទេសជាថ្មី បើទោះសេដ្ឋកិច្ចត្រូវរងគ្រោះក៏ដោយ។

«ការសម្រេចចិត្តនេះ ត្រូវធ្វើឡើងបន្ទាប់ពីស្ថានភាពកូវីដ-១៩ នៅម៉ាឡេស៊ី មានករណីឆ្លងប្រចាំថ្ងៃលើស ៨ពាន់ករណី និងអ្នកជំងឺមានលើស ៧ម៉ឺននាក់»។ សេចក្តីប្រកាសព័ត៌មានរបស់នាយករដ្ឋមន្រ្តី លោកមូហ៊ីឌីន យ៉ាស៊ីន ដែលបានបង្ហោះលើបណ្តាញសង្គម Facebook បានបញ្ជាក់បែបនេះ។

យ៉ាងណាមិញ សេចក្តីប្រកាសព័ត៌មានដដែល ក៏បានបន្ថែមផងដែរថា ការបិទខ្ទប់ប្រទេសដំណាក់កាលដំបូងនេះ នឹងមានរយៈពេលចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែមិថុនា។ វិស័យ និងសេវាចំបាច់កំណត់ដោយក្រុមប្រឹក្សាសន្តិសុខជាតិ ទើបអាចបើកដំណើរការបាន។

បើសិនបើការបិទខ្ទប់នៅទូទាំងប្រទេស ក្នុងដំណាក់កាលមួយទទួលបានជោគជ័យ ដោយកាត់បន្ថយករណីឆ្លង រដ្ឋាភិបាលម៉ាឡេស៊ី នឹងអនុវត្តការបិទខ្ទប់ដំណាក់កាលពីរ ដែលមានរយៈពេល ៤សប្តាហ៍ និងបើកវិស័យសេដ្ឋកិច្ចមួយចំនួនដែលមិនមានមនុស្សជួបជុំច្រើន ឱ្យដំណើរការឡើងវិញ។ បន្ទាប់ពីដំណាក់កាលទាំងពីរនេះ ម៉ាឡេស៊ី នឹងអនុវត្តដំណាក់កាល៣ បន្តទៀត ហើយពេលនោះ បទបញ្ជា​គ្រប់គ្រង​ការ​ចល័ត (MCO) នឹងយកមកអនុវត្ត។​

សូមបញ្ជាក់ថា មកទល់ពេលនេះ ម៉ាឡេស៊ី មានករណីឆ្លងកូវីដ-១៩ សរុបចំនួនជាង ៥៤ម៉ឺនករណី និងអ្នកស្លាប់មានចំនួន ២៥៥២នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួនជាង ៤៧ម៉ឺននាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com