ជាតិ
សង្គមជាតិ
ត្រីចាប មានធ្មេញដូចមនុស្ស ស៊ីចំណីក៏ប្រហាក់ប្រហែលនឹងមនុស្សដែរ ត្រីចាបទឹកសាប ដែលយកមកពីក្រៅប្រទេស មកចិញ្ចឹមក្នុងប្រទេសកម្ពុជា។
× ដោយ៖ ឈុត ទូច
ក្នុងចំណោមត្រីជាច្រើនប្រភេទ ដែលនាំចូលពីក្រៅប្រទេសយកមកចិញ្ចឹមតាមស្រះ និងបែ ក្នុងប្រទេសកម្ពុជា គេសង្កេតឃើញ «ត្រីចាប» ទឹកសាប Pirapitinga (Piaractus brachypomus) ដែលមានប្រភពមកពីអាមេរិកខាងត្បូង ទន្លេអាម៉ាហ្សូន និងទន្លេអូរីណូកូ ហាក់បង្កផលប៉ះពាល់ខ្លាំងជាងគេ ដល់ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះក្នុងស្រុក។
បើយោងតាមការរកឃើញរបស់អ្នកស្រាវជ្រាវផ្នែកជលផល ដែលបានចុះផ្សាយនៅក្នុងគេហទំព័រ FishBase បានឱ្យដឹងថា នៅក្នុងធម្មជាតិ «ត្រីចាប» អាចធំលូតលាស់ដល់ប្រវែងដងខ្លួនអតិបរមាសរុប ៨៨ សង់ទីម៉ែត្រ និងទម្ងន់ ២៥គីឡូក្រាម និងអាចរស់នៅបានរហូតដល់ ២៨ឆ្នាំឯណោះ។
គ្រោងឆ្អឹងក្បាលត្រីចាប ដែលបង្ហាញធេ្មញធំៗ ដូចធ្មេញមនុស្ស។ Myletes paco - squelette tête mnhn Paris
ត្រីចាប មានរាងពងក្រពើហាប់ ពណ៌ប្រផេះ។ នៅផ្នែកខាងពោះ ព្រមទាំងព្រុយទ្រូង ព្រុយពោះ ព្រុយគូទផងដែរ មានលាយពណ៌ក្រហម។ វាមានស្រកាល្អិតៗ និងមានព្រុយខ្លាញ់ ខុសពីត្រីមានស្រកាទូទៅដែលរស់នៅក្នុងទន្លមេគង្គ និងបឹងទន្លេសាប។ ធ្មេញរបស់វាមុតដូចធ្មេញត្រីក្រពត និងមានពីរជូរ លើ-ក្រោម។ ចំណែកឯគ្រាប់ធ្មេញនិមួយៗ ដូចគ្នាបេះបិទនឹងធ្មេញមនុស្ស ដែលជាអំណោយផលដល់វា ក្នុងការខាំកាត់ចំណី ទោះបីចំណីនោះតូច ឬធំជាងខ្លួនវាក្តី ក៏វាអាចស៊ីបានដែរ។ វាស៊ីត្រី សាច់សត្វផ្សេងៗ មិនរើស និងផ្លែឈើផងដែរ មិនចាញ់មនុស្សប៉ុន្មានឡើយ ទើបបណ្តាលឱ្យអ្នកស្រាវជ្រាវចាត់ទុកថា វាជាប្រភេទត្រីដែលបង្កការគំរាមកំហែងខ្លាំង ដល់ប្រព័បន្ធអេកូឡូស៊ី និងជីវចម្រុះក្នុងបឹង និងទន្លេ៕
© រក្សាសិទ្ធិដោយ thmeythmey.com