អន្តរជាតិ
ចិន អនុញ្ញាតឱ្យគ្រួសារមួយមានកូនបីនាក់ ដើម្បីជំរុញកំណើនប្រជាជន
01, Jun 2021 , 9:29 am        
រូបភាព
ដោយ ឈួ ស៊ាវយីងជាវ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិននៅថ្ងៃទី៣១ ខែឧសភា ប្រកាសថា គូស្វាមីភរិយាដែលរៀបការអាចមានកូនរហូតដល់បីនាក់ សំដៅជំរុញកំណើនប្រជាជន និងកម្លាំងពលកម្មក្នុងស្រុក។ នេះជាការកែប្រែគោលនយោបាយដ៏ធំមួយ ដោយកន្លងមកចិនអនុញ្ញាតប្រជាជនមានកូនពីរនាក់ប៉ុណ្ណោះ។

 
៥ឆ្នាំក្រោយលុបចោលគោលនយោបាយកូនមួយ ហើយអនុញ្ញាតឱ្យប្រជាជនមានកូនពីរនាក់ ចិននៅតែមិនអាចជំរុញអត្រាកំណើនប្រជាជនរបស់ខ្លួនដដែល។ ក្នុងរបាយការណ៍ស្ថិតិដែលចេញថ្មីៗនេះ អត្រាកំណើតនៅចិនក្នុងពេលមួយទសវត្សរ៍ចុងក្រោយ មានកម្រិតធ្លាប់ខ្លាំងមិនធ្លាប់មានតាំងពីឆ្នាំ១៩៥០ មក។ ចិនកំពុងបារម្ភពីការការកើនឡើងចំនួនប្រជាជនវ័យចំណាស់ និងការធ្លាក់ចុះកម្លាំងពលកម្មក្នុងស្រុក ដែលអាចបង្កផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចប្រទេស។
 
កំណែទម្រង់ថ្មីនេះ ត្រូវបានអនុម័តអំឡុងពេលកិច្ចប្រជុំការិយាល័យនយោបាយបក្សកុម្មុយនីស្តចិននៅថ្ងៃទី៣១ ខែមិថុនា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua។
 
កាលពីឆ្នាំ២០១៦ ចិនបានលុបចោលគោលនយោបាយកូនមួយដែលមានអាយុកាលរាប់ទសវត្សរ៍មកហើយដើម្បីបង្កើនអត្រាប្រជាជន។ ទោះជាយ៉ាងណា ការកំណត់ឱ្យមួយគ្រួសារមានកូនពីរនាក់នៅតែទទួលលទ្ធផលបរាជ័យក្នុងការបងើ្កនអត្រាកំណើត។ កម្រិតប្រាក់ចំណូល និងការចំណាយថ្លៃខ្ពស់ក្នុងការចិញ្ចឹមកូននៅតាមទីក្រុង បានរារាំងគូរស្នេហ៍ជាច្រើនពីការចាប់ផ្តើមមានគ្រួសារ ឬសម្រេចចិត្តយកកូនច្រើន។
 
ជាមួយការផ្លាស់ប្តូរគោលនយោបាយថ្មីនេះ ទីក្រុងប៉េកាំង រំពឹងអាចដោះស្រាយការកើនឡើងប្រជាជនវ័យចំណាស់ដែលបង្កទៅជាវិបត្តិដូចនៅជប៉ុន ក៏ដូចជារក្សាបរិមាណកម្លាំងពលកម្មក្នុងស្រុកដើម្បីទ្រទ្រង់សេដ្ឋកិច្ចជាតិផងដែរ៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com