អន្តរជាតិ
ម៉ាឡេស៊ី នឹងហៅអគ្គរដ្ឋទូតចិនសួរនាំ ក្រោយយន្តហោះយោធាចិនហោះចូលដែនអាកាសខ្លួន
02, Jun 2021 , 12:59 pm        
រូបភាព
យន្តហោះយោធាចិន  Luyshin LL-76។ រូបភាព៖ Facebook- Tentera Udara Diraja Malaysia
យន្តហោះយោធាចិន Luyshin LL-76។ រូបភាព៖ Facebook- Tentera Udara Diraja Malaysia
ក្រសួងការបរទេសម៉ាឡេស៊ី នៅថ្ងៃទី១ ខែមិថុនា បានបញ្ជាក់ថា ខ្លួននឹងកោះហៅ អគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសខ្លួនឱ្យមកពន្យល់ពី យន្តហោះយោធាចំនួន ១៦គ្រឿង ដែលបានហោះចូល ក្នុងដែនអាកាសរបស់ខ្លួន។

 
 
យន្តហោះយោធាចិនចំនួន ១៦ គ្រឿងនៅចុងខែឧសភា បានហោះចូលក្នុងដែនអាកាសតំបន់សមុទ្រម៉ាឡេស៊ី និងមានចម្ងាយជាង១១០គីឡូម៉ែត្រ ពីរដ្ឋសារ៉ាវ៉ាក់ (Sarawak) ។ ម៉ាឡេស៊ី ចាត់ទុកវត្តមានយន្តហោះចិនជាការគំរាមកំហែងអធិបតេយ្យ។  ម៉ាឡេស៊ី ក៏បានបញ្ជូនយន្តហោះ Hawk 208 ជាច្រើនគ្រឿង ទៅតាមមើលសកម្មភាពយន្តហោះយោធារបស់ចិន។ 
 
ការបញ្ជូនយន្តហោះទៅជាច្រើនគ្រឿងបែបនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរម៉ាឡេស៊ី បានផ្តល់ដំណឹងទៅយន្តហោះចិនទាំងនោះ ជាច្រើនលើក។ យន្តហោះយោធាប្រភេទ Ilyushin Il-76 និង Xian Y-20 មិនបានផ្តល់ដំណឹងដល់អាជ្ញាធរគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសក្នុងតំបន់វិញឡើយ។ យន្តហោះយោធាចិន បានហោះជាក្បួនយុទ្ធសាស្រ្ត ដែលមានចម្ងាយពីគ្នា ចន្លោះពី៧ និង៨ គីឡូម៉ែត្រ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Strait Times។ 
 
រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី លោក Hishammuddin Hussein  នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១ ខែមិថុនា បានលើកឡើងថា ម៉ាឡេស៊ី នឹងដាក់លិខិតតវ៉ាជាមួយរដ្ឋាភិបាលក្រុងប៉េកាំង និងកោះហៅអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសខ្លួន មកបកស្រាយពីបញ្ហានេះ។ បើតាមប្រមុខការទូតម៉ាឡេស៊ី ជំហររបស់ខ្លួនខ្លួន គឺច្បាស់លាស់ណាស់។ 
 
មុនសេចក្តីថ្លែងការណ៍របស់លោក Hishammuddin ស្ថានទូតចិនប្រចាំនៅម៉ាឡេស៊ី បានបកស្រាយសកម្មភាពយន្តហោះយោធារបស់ខ្លួនថា វាគ្រាន់តែជាការហ្វឹកហាត់ហោះហើរជាប្រចាំប៉ុណ្ណោះ  និងគោរពច្បាប់អន្តរជាតិយ៉ាងខ្ជាប់ខ្ជួន ដោយមិនបំពានដែនអាកាសរបស់ប្រទេសណាមួយឡើយ។ អ្នកនាំពាក្យរបស់ស្ថានទូតចិន បានបន្តការពារថា ចិនមានឆន្ទៈ ក្នុងការពិភាក្សាដោយមិត្តភាពជាមួយម៉ាឡេស៊ី និងថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។
 
គួររំលឹក សមុទ្រចិនខាងត្បូង នៅតែជាបញ្ហាដ៏ក្តៅមួយរវាងចិន និងម៉ាឡេស៊ី។ នៅក្នុងឆ្នាំ២០២០ កន្លងទៅ នាវាត្រួតពិនិត្យចិន បានប្រឈមមុខជាមួយនាវារុករកប្រេងម៉ាឡេស៊ីប្រមាណមួយខែ នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ម៉ាឡេស៊ី ក្នុងសមុទ្រចិនខាងត្បូង៕
 

Tag:
 ម៉ាឡេស៊ី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com