អន្តរជាតិ
ហានិភ័យ​នៃ​អំពើ​ពុករលួយ​ក្នុង​ប្រទេស​តំបន់​បាល់កង់​ធ្វើ​ឲ្យ​បរាជ័យ​​ការពង្រីក​​​សមាជិកភាព​សហភាព​អឺរ៉ុប
02, Jun 2021 , 11:29 pm        
រូបភាព
រូបឯកសារ៖ ស្ត្រី​ម្នាក់​​គ្រវីទង់ជាតិ​​សហភាព​​អឺ​រ៉ុប​នៅ​ខាង​ក្រៅ​សភា​អង់គ្លេស​ក្នុង​ទីក្រុង​ឡុងដ៍​ ចក្រភព​អង់គ្លេស ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។ ​
រូបឯកសារ៖ ស្ត្រី​ម្នាក់​​គ្រវីទង់ជាតិ​​សហភាព​​អឺ​រ៉ុប​នៅ​ខាង​ក្រៅ​សភា​អង់គ្លេស​ក្នុង​ទីក្រុង​ឡុងដ៍​ ចក្រភព​អង់គ្លេស ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។ ​
ដោយ: VOA
មេដឹកនាំ​សហភាព​អឺរ៉ុប​ មាន​គម្រោង​នឹងពិភាក្សាគ្នា​ម្តង​ទៀត​ក្នុង​រយៈពេល​ពីរ ឬ​បី​សប្តាហ៍​ខាង​មុខ​នេះ ទៅ​លើ​ពាក្យ​ស្នើ​សុំ​របស់​បណ្តា​រដ្ឋ​ក្នុង​តំបន់​បាល់កង់​ខាង​លិច​ ដើម្បី​ចូល​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​ ដែល​បាន​ជាប់​គាំង​ អស់​រយៈពេល​ជា​យូរ​មក​ហើយ។

 
ប្រទេស​អាល់បានី​ ស៊ែប៊ី ម៉ាសេដូនីខាង​ជើង និង​ប្រទេស​ម៉ុងតេណេហ្គ្រោ​ សុទ្ធ​តែ​ជា​បេក្ខភាពសុំ​ចូលជា​សមាជិក​សហភាព​អឺរ៉ុប។​ ពួកគេមិន​សប្បាយ​ចិត្ត​នឹង​ការ​ជាប់គាំង​នៃ​ការ​សុំ​ចូល​ជា​សមាជិកភាពរបស់​ពួកគេ។ ប៉ុន្តែ​អ្នកប្រឆាំង​ចំពោះ​ការពង្រីក​សមាជិកភាព​របស់​សហភាព​អឺរ៉ុប​ បាន​សិក្សា​ពី​លទ្ធភាព​របស់​ប្រទេស​ទាំងនោះ​ ដោយបញ្ជាក់​ថា​ ទីផ្សារ​អចលនទ្រព្យនៅ​ក្នុង​តំបន់​ប្រទេសបាល់កង់​ខាង​លិច​ កំពុង​ត្រូវ​បាន​គេ​ប្រើប្រាស់ក្នុង​ការ​លាង​លុយ​កខ្វក់​ដែលបាន​មកពី​ការ​រត់ពន្ធ​គ្រឿងញៀន​ និង​ការរត់ពន្ធ​មនុស្ស ដែល​ធ្វើ​ឲ្យ​តម្លៃអចលន​ទ្រព្យ​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់​នោះ។ ​
 
អង្គការ​គំនិត​ផ្តួចផ្តើម​សាកល​ប្រឆាំង​នឹងឧក្រិដ្ឋកម្ម​ឆ្លងដែន​ដែល​មាន​ការរៀបចំ (The Global Initiative Against Transnational Organized Crime)​ ដែល​ជា​អង្គការក្រៅ​រដ្ឋាភិបាល​មួយ​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​ លើក​ឡើង​ថា​ លុយ​ខុសច្បាប់ជាច្រើនកំពុង​ហូរ​ចូលទៅ​កាន់​ទីផ្សារ​អចលនទ្រព្យ​និង​ឧស្សាហកម្ម​សំណង់​នៅ​ក្នុង​តំបន់បាល់កង់​ខាង​លិច។ អ្នកស្រី Kristina Amerhauser ​ដែល​ជា​សរសេរ​របាយការណ៍​មួយ​រូប​របស់​អង្គការ​នេះហើយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ខែមុនបាន​និយាយ​ថា៖​ «លុយ​ខុស​ច្បាប់​ដែល​គេ​ទទួល​បាន​និង​កំពុង​ត្រូវ​បាន​ប្រើ​ប្រាស់ក្នុង​តំបន់​នោះ​គឺ​កំពុងតែ​បង្កើត​បាន​ជាបណ្តាញ​អំពើ​ឧក្រិដ្ឋកម្ម​និង​ពុក​រលួយ»។ ​
 
ប្រទេស​បារាំង​ ​គឺជា​អ្នកប្រឆាំង​ចេញមុខ ​ក្នុង​ការរារាំងមិន​ឲ្យ​បណ្តា​រដ្ឋ​ក្នុង​តំបន់​បាល់កង់​ខាង​លិច​ចូលរួម​ជា​សមាជិករបស់​សហភាព​អឺរ៉ុប។​ មន្ត្រី​បារាំង​ជាច្រើន​នាក់លើក​ឡើង​ថា​ សហភាព​អឺរ៉ុប​ ធ្លាប់​បាន​ឆ្លង​កាត់​បទពិសោធន៍​មិន​ល្អក្នុង​ពេល​កន្លង​មក​ដោយសារ​ការពង្រីក​តំបន់របស់​ខ្លួន​ ទៅ​កាន់​ប្រទេស​ក្នុងតំបន់​អឺរ៉ុប​កណ្តាល​និង​ខាង​កើត​ ក៏​ដូចជា​ការ​បន្ត​មាន​បញ្ហា​អំពើ​ពុក​រលួយ​និង​ការគ្រប់គ្រង​រដ្ឋនៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ ដូចជា​ប្រទេស​រ៉ូម៉ានី​និង​ប៊ុលហ្គារី​ជាដើម។​ ពួកគេ​និយាយ​ថា​ នោះ​គឺ​ជា​លទ្ធផល​នៃការអនុញ្ញាតឲ្យប្រទេស​ដែល​មិន​ទាន់​បាន​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ចូល​រួម​ក្នុង​សហភាព​អឺរ៉ុប​នោះ​ ហើយ​គេ​បារម្ភ​ថា​ ប្រទេស​ក្នុង​តំបន់​បាល់កង់​ខាង​លិច​នេះ​ អាច​ក្លាយ​ជា​រដ្ឋ ដែលគ្រប់គ្រង​ដោយ​អ្នកនយោបាយ​ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដោយ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋដែល​មាន​ការរៀបចំ។
 
ប៉ុន្តែ​ក្រុម​តស៊ូ​មតិ​ដែល​គាំទ្រការពង្រីកសហភាព​អឺរ៉ុប​ បានលើក​អំណះអំណាង​ថា​ ការ​ចូល​ជា​សមាជិក​របស់​ក្រុមប្រទេស​បាល់កង់​ខាងលិច​ទៅ​ក្នុង​សហភាព​អឺរ៉ុប​ នឹង​ជួយ​ពួកគេ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រឆាំង​អំពើ​ពុក​រលួយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com