អន្តរជាតិ
លោក ស៊ី ជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយចិន បង្កើនសកម្មភាពលើឆាកអន្តរជាតិឱ្យសក្តិសមមុខមាត់ចិន
02, Jun 2021 , 9:29 pm        
រូបភាព
ប្រធានាធិបតីចិន លោកស៊ី ជិនភីង។ រូបភាព។ Xinhua
ប្រធានាធិបតីចិន លោកស៊ី ជិនភីង។ រូបភាព។ Xinhua
ដោយ ចាន់ ស៊ីណា
 
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង បានអំពាវនាវឱ្យកែលម្អសមត្ថភាពប្រព័ន្ធផ្សព្វផ្សាយចិន ដើម្បីឱ្យសាកសមនឹងកេរ្តិ៍ឈ្មោះប្រទេសលើឆាកអន្តរជាតិ ក៏ដូចជាបង្ហាញពិភពលោកពីការពិតនៅចិន និងកិច្ចការរបស់បក្សកុម្មុយនីស្តចិន។

 
ក្នុងអង្គប្រជុំសិក្សារបស់ការិយាល័យនយោបាយនៃគណៈមជ្ឈិមបក្សកម្មុយនីស្តចិននៅថ្ងៃទី១ ខែមិថុនា ប្រធានាធិបតី ស៊ី ជិនភីង បានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងកែលម្អសមត្ថភាពប្រព័ន្ធផ្សព្វផ្សាយខ្លួន និងអភិវឌ្ឍសំឡេងរបស់ខ្លួន នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។ លោកអះអាង ប្រព័ន្ធផ្សព្វផ្សាយចិន ត្រូវតែសក្តិសមជាមួយ សមត្ថភាព និងកេរ្តិ៍ឈ្មោះរបស់ចិនលើឆាកអន្តរជាតិ។ 
 
បើតាមលោក ស៊ី ដែលជាអគ្គលេខាធិការបក្សកុម្មុយនីស្តផងនោះ ចិនត្រូវតែ ពង្រឹងការឃោសនារបស់ខ្លួន ដើម្បីឱ្យពិភពលោកយល់កាន់តែច្បាស់ពីបក្សកុម្មុយនីស្តចិន និងកិច្ចខិតខំរបស់បក្ស ក្នុងជួយប្រជាជនខ្លួនឱ្យមានសុភមង្គល។ មិនតែប៉ុណ្ណោះ ប្រធានាធិបតីចិន បានបន្តថា ចិនចាំបាច់បង្កើតក្រុមអ្នកជំនាញដើម្បីផ្សព្វផ្សាយ និងដាក់ចេញវិធីសាស្រ្តផ្សព្វផ្សាយឱ្យបានច្បាស់លាស់ផងដែរ។  នេះបើតាមការផ្សាយទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua។ 
 
ក្នុងអង្គប្រជុំសិក្សាដដែល លោក ស៊ី បានទទួលស្គាល់ថា បើទោះប្រព័ន្ធផ្សព្វផ្សាយចិន ត្រូវបានកែលម្អ ចាប់តាំងពីឆ្នាំ២០១២ មកក្តី ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ឡើយ ដោយសារតែស្ថានការណ៍ថ្មីបន្តមាន និងកិច្ចការថ្មីៗបន្តលេចឡើយ។ ក្នុងន័យនេះ ចិនត្រូវរៀបចំប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួន ដើម្បីបង្ហាញពីការអនុវត្ត និងកិច្ចខិតខំរបស់ចិន ដែលនៅពីក្រោយភាពជោគជ័យរបស់ខ្លួន។ 
 
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងចិន និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ មិនមានភាពល្អប្រសើរឡើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅក្នុងឆ្នាំ២០២០ កន្លងទៅ ចិនបានបណ្តេញអ្នកសារព័ត៌មានបរទេស ៣ ឬ៤នាក់ ចេញពីប្រទេស។ មិនតែប៉ុណ្ណោះ ចិន ក៏បានហាមឃាត់ សារព័ត៌មាន BBC World News មិនឱ្យផ្សព្វផ្សាយព័ត៌មាននៅក្នុងប្រទេស បន្ទាប់ពីសារព័ត៌មានរបស់អង់គ្លេសមួយនេះ បានចុះផ្សាយពីបញ្ហាជនជាតិភាគតិចវីហ្គ័រ៕ 
 

Tag:
 ចិន
  ប្រព័ន្ធផ្សព្វផ្សាយ
© រក្សាសិទ្ធិដោយ thmeythmey.com