អន្តរជាតិ
សិង្ហបុរី ខកចិត្តលើភាពយឺតយ៉ាវក្នងការដោះស្រាយវិបត្តិនយោបាយមីយ៉ាន់ម៉ា
08, Jun 2021 , 9:44 am        
រូបភាព
លោក Vivian Balakrishnan រដ្ឋមន្រ្តីការបរទេសសិង្ហបុរី នៅក្នុងកិច្ចប្រជុំអាស៊ាន-ចិន នៅទីក្រុង Chongqing ក្នុងថ្ងៃទី៧ ខែមិថុនា។ រូបភាព៖ ក្រសួងការបរទេសសិង្ហបុរី
លោក Vivian Balakrishnan រដ្ឋមន្រ្តីការបរទេសសិង្ហបុរី នៅក្នុងកិច្ចប្រជុំអាស៊ាន-ចិន នៅទីក្រុង Chongqing ក្នុងថ្ងៃទី៧ ខែមិថុនា។ រូបភាព៖ ក្រសួងការបរទេសសិង្ហបុរី
ប្រមុខការទូតសិង្ហបុរី លោក Vivian Balakrishnan នៅថ្ងៃទី៧ ខែមិថុនា បានបង្ហាញការខកចិត្ត ជុំវិញការដោះស្រាយបញ្ហានយោបាយរបស់មីយ៉ាន់ម៉ា ដែលលោកឃើញថា មានសភាពយឺតយ៉ាងខ្លាំង។ លោកក៏មើលឃើញថា រដ្ឋាភិបាយយោធា នៅតែបន្តបង្រ្កាបលើបាតុករ និងមិនទាន់ដោះលែងអ្នកនយោបាយ រួមទាំងលោកស្រីអ៊ុងសាន ស៊ូជី ដែលស្ថិតជាប់ឃុំ។ 
 
ដំណោះស្រាយនយោបាយនៅមីយ៉ាន់ម៉ា នៅតែបន្តជាប់គាំង បើទោះមានការអំពាវនាវពីអាស៊ានដែលដាក់ចេញអនុសាសន៍៥ចំណុចក្នុងខែមេសាមកក្តី។ ការបង្រ្កាបលើក្រុមបាតុករនៅតែបន្តកើតមាន ខណៈអ្នកជាប់ឃុំ មិនទាន់ត្រូវបានដោះលែង។ ការបោះឆ្នោតជាថ្មី ត្រូវបានលោក មីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា សន្យានឹងធ្វើឡើង ទាល់តែស្ថានការណ៍វិលទៅរកភាពប្រក្រតី។
 
ទាក់ទិននឹងបញ្ហានេះ រដ្ឋមន្រ្តីការបរទេសសិង្ហបុរី Vivian Balakrishnan បានបង្ហាញក្តីខកបំណង ដែលមីយ៉ាន់ម៉ា មិនទាន់មានដំណោះស្រាយ។ ថ្លែងប្រាប់អ្នកសារព័ត៌មានពីទីក្រុងឆុងឈីងក្រោយកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ប្រមុខការទូតសិង្ហបុរី បានលើកឡើងថា អាស៊ានដឹងពីការឈឺចាប់របស់ប្រជាជនស៊ីវិលមីយ៉ាន់ម៉ា  និងអ្នកនយោបាយដែលជាប់ឃុំ ស្របពេលកិច្ចចរចានយោបាយ ក៏នៅតែមិនទាន់លេចចេញជារូបរាង។ 
 
«ដោយស្មោះត្រង់ យើងពីជាខកចិត្តចំពោះដំណើរដ៏យឺតយ៉ាវបែបនេះខ្លាំងណាស់»។ លោក Balakrishnan បានសង្កត់ធ្ងន់បែបនេះ ទៅកាន់អ្នកសារព័ត៌មានសិង្ហបុរី។
 
និយាយពីតួនាទីអាស៊ាន លោក Balakrishnan អះអាងថា សាមគ្គីភាពរបស់អាស៊ាន ធ្វើឡើង តាមការចាំបាច់សម្រាប់ទាមទារបញ្ឈប់ហិង្សាភ្លាមៗ ដោះលែងអ្នកជាប់ឃុំ និងរៀបចំកិច្ចចរចាជាមួយភាគីជាប់ពាក់ព័ន្ធទាំងអស់។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ Channel News Asia។ 
 
បើទោះប្រើពាក្យសម្តីធ្ងន់ៗលើបញ្ហានយោបាយនៅមីយ៉ាន់ម៉ាក៏ដោយ ប្រមុខការទូតសិង្ហបុរីរូបនេះ ក៏បានបញ្ជាក់ពីជំហររបស់ខ្លួនក្នុងការជួយសម្របសម្រួលភាគីទាំងអស់របស់មីយ៉ាន់ម៉ា។ មិនតែប៉ុណ្ណោះ លោក Balakrishnan បានទទួលស្គាល់ថា អាស៊ាន មិនអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងបានឡើយ ហើយចុងក្រោយ មានតែប្រជាជនមីយ៉ាន់ម៉ាប៉ុណ្ណោះ ដែលសម្រេចជោគវាសនារបស់ខ្លួន។ 
 
សូមបញ្ជាក់ថា កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន កំពុងតែប្រព្រឹត្តឡើងនៅក្រុងChongqing ប្រទេសចិន ដោយធ្វើឡើងចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែមិថុនា។ របៀបវារៈនៅក្នុងកិច្ចប្រជុំពិសេសមួយនេះ មានដូចជា បញ្ហាសមុទ្រចិនខាងត្បូង ជំងឺកូវីដ-១៩ កិច្ចសហប្រតិបត្តិការ និងបញ្ហាផ្សេងទៀត៕
 

Tag:
 សិង្ហបុរី
  អាស៊ាន
  ចិន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com