អន្តរជាតិ
ប្រមុខការទូតចិន អំពាវនាវឱ្យពន្លឿនការចរចាក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង
08, Jun 2021 , 5:39 pm        
រូបភាព
លោកវ៉ាង យី ប្រមុខការទូតចិន នៅក្នុងកិច្ចប្រជុំអាស៊ាន-ចិន នៅថ្ងៃទី៧ ខែមិថុនា។ រូបភាព៖ Xinhua
លោកវ៉ាង យី ប្រមុខការទូតចិន នៅក្នុងកិច្ចប្រជុំអាស៊ាន-ចិន នៅថ្ងៃទី៧ ខែមិថុនា។ រូបភាព៖ Xinhua
ប្រមុខការទូតចិន លោក វ៉ាង យី នៅថ្ងៃទី៧ ខែមិថុនា បានអំពាវនាវឱ្យពន្លឿនការតាក់តែងក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (Code of Conduct) ដែលជាប់គាំងដោយសារតែជំងឺកូវីដ-១៩។ បើតាមលោក វ៉ាង ប្រទេសពាក់ព័ន្ធទាំងអស់ ត្រូវតែចូលរួមរក្សាស្ថិរភាព ក្នុងសមុទ្រចិនខាងត្បូង និងបញ្ចៀសសកម្មភាពឯកតោភាគី ដែលអាចបង្កជាជម្លោះ។

 
កិច្ចចរចាក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង រវាងចិន និងអាស៊ាន ត្រូវបានផ្អាកចាប់តាំងពីឆ្នាំ ២០២០ មកម្លេះ ពោលគឺចាប់តាំងពីជំងឺកូវីដ-១៩ រាតត្បាតនៅលើពិភពលោក។ ការជជែកតាមប្រព័ន្ធវីដេអូមិនអាចធ្វើបានឡើយ ព្រោះមន្ត្រីជំនាញត្រូវជជែកពីបញ្ហាបច្ចេកទេសជាច្រើន។ កន្លងមក រដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលនៃភាគីជម្លោះក្នុងសមុទ្រចិនខាងត្បូង ក៏បានអំពាវនាវឱ្យចាប់ផ្តើមកិច្ចចរចាឡើងវិញផងដែរ ដើម្បីឈានទៅដល់ការបញ្ចប់កិច្ចចរចា។ 
 
ជាមួយថ្មីម្តងទៀត លោក វ៉ាង យី ប្រមុខការទូតចិន បានជំរុញឱ្យពន្លឿនកិច្ចចរចាក្រមប្រតិបត្តិមួយនេះ ដើម្បី ពង្រឹងស្ថិរភាពនៅក្នុងតំបន់។ ថ្លែងក្នុងកិច្ចប្រជុំអាស៊ាន-ចិនពិសេស នៅក្នុងទីក្រុងឆុងឈីងដើម្បីអបអរខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា លោក វ៉ាង បានលើកឡើងថា ចិន បានត្រៀមខ្លួនជាស្រេច ក្នុងការចរចា និងពិភាក្សាជាមួយភាគី ដែលពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង។ 
 
«ក្រមប្រតិបត្តិនៃសមុទ្រចិនខាងត្បូង គួរតែបញ្ចប់មុនថ្ងៃកំណត់»។ ទីភ្នាក់ងារព័ត៌មាន Xinhua បានស្រង់សម្តីរបស់ប្រមុខការទូតចិនបែបនេះ។ បើតាមលោក វ៉ាង ដែលជាទីប្រឹក្សារដ្ឋចិនផងនោះ ចិន និងប្រទេសពាក់ព័ន្ធក្នុងសមុទ្រចិនខាងត្បូង ត្រូវតែរួមគ្នារក្សាស្ថិរភាពក្នុងតំបន់ និងចៀសវាងសកម្មភាពឯកតោភាគី ដែលអាចបង្កឱ្យមានជម្លោះណាមួយកើតឡើងនៅក្នុងតំបន់សមុទ្រ។
 
កន្លងមក ហ្វីលីពីន និងវៀតណាម បានដាក់ការតវ៉ាជាមួយចិន ជាច្រើនលើកទាក់ទិននឹងសកម្មភាពឯកតោភាគីចិន ដែលបានធ្វើសមយុទ្ធ និងបញ្ជូនទូកនេសាទមកចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន (EEZ)។ ចំណែកម៉ាឡេស៊ីវិញ ថ្មីៗនេះ បានកោះហៅអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសខ្លួន មកសួរពីយន្តហោះយោធាចិន ហោះចូលដែនអាកាសម៉ាឡេស៊ី នៅសមុទ្រចិនខាងត្បូង។ 
 
ក្រៅពីបញ្ហាសមុទ្រចិនខាងត្បូង ប្រមុខការទូតចិនរូបនេះ ក៏បានទទូចឱ្យអាស៊ាន និងចិន បង្កើតយន្តការដៃគូសន្ទនាតាមកម្រិតថ្នាក់ដឹកនាំផងដែរ ដើម្បីអភិវឌ្ឍទំនាក់ទំនងយុទ្ធសាស្រ្ត និងជជែកគ្នាលើបញ្ហាសំខាន់ៗ។ លើសពីនេះ លោកវ៉ាង ក៏បានរំលឹកពីទំហំពាណិជ្ជកម្មរវាងភាគីទាំងពីរផងដែរ ថា បានហក់ឡើងយ៉ាងគំហុក ពោលគឺវាមានទំហំពាណិជ្ជកម្មរហូតដល់ជាង ៦៨៤ពាន់លានដុល្លារ ដែលកើនឡើងរហូតដល់ ៨០ដងឯណោះ ក្នុងរយៈពេល ៣០ឆ្នាំមកនេះ៕
 

Tag:
 ចិន
  សមុទ្រចិនខាងត្បូង
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com