អន្តរជាតិ
ចិន សន្យាផ្តល់ជំនួយបន្ថែមទៀតដល់អាស៊ានដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩
08, Jun 2021 , 6:59 pm        
រូបភាព
ដោយ៖ចាន់ សុីណា

ចិន នៅថ្ងៃទី៧ ខែមិថុនា បានសន្យាផ្តល់ជំនួយបន្ថែមទៀតដល់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩។ ការបន្តផ្ដល់ជំនួយនេះ ត្រូវបានមើលឃើញថា ជាយុទ្ធសាស្រ្តរបស់ចិនក្នុងការបន្កើនឥទ្ធិពល និងពង្រឹងចំណងមិត្តភាពរបស់ខ្លួនជាមួយសមាជិកអាស៊ាន បើទោះបីជាមានការទាស់ទែងកន្លងមកជាមួយសមាជិកខ្លះជុំវិញជម្លោះនៅសមុទ្រចិនខាងត្បូងក៏ដោយ។



នាកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិននៅទីក្រុងឆុងឈីង ប្រមុខការទូតចិន វ៉ាង យី បានប្រកាសពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលចិនក្នុងការបន្តគាំទ្រប្រទេសក្នុងតំបន់មួយលើការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។ លោក វ៉ាង អះអាងថា ចិនបានផ្ដល់ជំនួយច្រើនហើយដល់ប្រទេសក្នុងតំបន់ និងបន្តផ្ដល់ថែមទៀត។
 
ចំពោះមុខសមភាគីទៅពីរដ្ឋសមាជិកអាស៊ានទាំង១០ លោក វ៉ាង ដែលជាទីប្រឹក្សារដ្ឋផងនោះ បញ្ជាក់ថា ចិនបានផ្តល់វ៉ាក់សាំងចំនួន១០០លានដូសដល់ប្រទេសដែលជាសមាជិកអាស៊ាន រួមនឹងសម្ភារប្រឆាំងនឹងជំងឺកូវីដ-១៩ និងជំនួយបច្ចេកទេសផងដែរ។ លើសពីនេះ ចិននឹងសហការជាមួយអាស៊ាន ដើម្បីជម្នះការរាលដាលជំងឺកូវីដ-១៩ ឱ្យបានឆាប់បំផុត។
 
«នៅក្នុងដំណើរួបរួមគ្នាដើម្បីជម្នះបញ្ហាប្រឈមជាច្រើន យើងរឹតចំណងចំណងមិត្តភាពយ៉ាងស៊ីជម្រៅ ការជឿទុកចិត្តគ្នាទៅវិញទៅមក និងប្រយោជន៍រួម»។ លោក វ៉ាង និយាយបែបនេះក្នុងកិច្ចប្រជុំរំឭកខួបទី៣០ នៃកិច្ចសន្ទនាអាស៊ាន-ចិន។
 
បន្ថែមពីលើការផ្ដល់ជំនួយវ៉ាក់សាំង និងសម្ភារបច្ចេកទេស លោក វ៉ាង លើកជាគំនិតស្នើឱ្យភាគីទាំងពីរស្វែងរកលទ្ធភាពបង្កើតក្រុមអ្នកជំនាញក្នុងការស្រាវជ្រាវវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ សំដៅបង្កើត មជ្ឈមណ្ឌលផលិតវ៉ាក់សាំងដោយផ្ទាល់ និងចែកចាយក្នុងតម្លៃសមរម្យក្នុងតំបន់អាស៊ាន និងតំបន់ផ្សេងទៀតផងដែរ៕
 
 

Tag:
 ចិន
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com