អន្តរជាតិ
ជប៉ុននិងអូស្រ្ដាលី ជំរុញឱ្យមានដំណោះស្រាយសន្តិវិធីជុំវិញបញ្ហាច្រកសមុទ្រតៃវ៉ាន់
09, Jun 2021 , 5:59 pm        
រូបភាព
កិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងរដ្ឋមន្រ្តីការពារជាតិ និងរដ្ឋមន្រ្តីការបរទេសជប៉ុន ជាមួយសមភាគីអូស្រា្តលី នៅថ្ងៃទី៩ ខែមិថុនា។ រូបភាព៖ Kyodo
កិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងរដ្ឋមន្រ្តីការពារជាតិ និងរដ្ឋមន្រ្តីការបរទេសជប៉ុន ជាមួយសមភាគីអូស្រា្តលី នៅថ្ងៃទី៩ ខែមិថុនា។ រូបភាព៖ Kyodo
ដោយ៖​​ ឈួ ស៊ាវយីងជាវ 

ជប៉ុន និងអូស្រាលី បានឯកភាពគ្នា ក្នុងការជំរុញឱ្យដំណោះស្រាយប្រកបដោយសន្តិវិធីមួយលើបញ្ហាទាក់ទិននឹងច្រកសមុទ្រតៃវ៉ាន់។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្ដីការបរទេសជប៉ុន លោក Toshimitsu Motegi នៅថ្ងៃទី៩ ខែមិថុនា។ ការឯកភាពខាងលើ ធ្វើឡើងស្របពេលរដ្ឋាភិបាលក្រុងប៉េកាំង កំពុងដាក់សម្ពាធលើក្រុងតៃប៉ិ។

 
ប្រមុខការទូត លោក Toshimitsu Motegi និងប្រមុខការពារជាតិជប៉ុន លោក Nobuo Kishi នៅថ្ងៃទី៩ ខែមិថុនា ជួបជាមួយសមភាគីអូស្រាលី លោកស្រី Marise Payne និងលោក Peter Dutton នាជំនួបពីរបូកពីរ។ ក្នុងជំនួបតាមរយៈប្រព័ន្ធវីដេអូនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ប្រទេសទាំងពីរ បានជជែកគ្នាលើបញ្ហាជាច្រើនទាក់ទិននឹងចិន ក្នុងនោះមានដូចជា បញ្ហាជនជាតិភាគតិចវីហ្គ័រ ហុងកុង សមុទ្រចិនខាងកើត ជាពិសេសបញ្ហាច្រកសមុទ្រតៃវ៉ាន់។ 
 
ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីជំនួបទ្វេភាគី លោក Motegi រដ្ឋមន្រ្តីការបរទេសជប៉ុន បានលើកឡើងថា ភាគីទាំងពីរ បានព្រមព្រៀងជំរុញឱ្យមានសេចក្តីសម្រេចមួយលើបញ្ហាទាក់ទិននឹងច្រកសមុទ្រតៃវ៉ាន់។ 
 
«យើងបានបញ្ជាក់ពីភាពចាំបាច់នៃសន្តិភាព និងស្ថិរភាពក្នុងច្រកសមុទ្រតៃវ៉ាន់ ហើយបានឯកភាពជំរុញឱ្យមានដោះស្រាយប្រកបដោយសន្តិវិធីលើបញ្ហាឆ្លងកាត់ច្រកសមុទ្រមួយនេះ»។ ប្រមុខការទូតជប៉ុន បានសង្កត់ធ្ងន់បែបនេះ។ សេចក្តីថ្លែងការណ៍រួមនៃជំនួបទ្វេភាគីខាងលើ ក៏បានបញ្ជាក់ ដូចការអះអាងរបស់ប្រមុខការទូតជប៉ុនដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo។ 
 
ទន្ទឹមនេះ រដ្ឋមន្រ្តីជប៉ុន និងអូស្រ្តាលី បានបង្ហាញពីក្តីបារម្ភ ពាក់ព័ន្ធនឹងការអនុម័តច្បាប់ថ្មីមួយរបស់ចិន ដែលបានអនុញ្ញាតឱ្យនាវាល្បាត អាចបំពាក់អាវុធបាន។ ការបំពាក់អាវុធលើនាវាល្បាតបែបនេះ អាចបង្កឱ្យមានការប៉ះទង្គិចលើដែនទឹក ដែលចិនចាត់ទុកជារបស់ខ្លួន ជាមួយនឹងប្រទេស។ 
 
កន្លងមក រដ្ឋាភិបាលក្រុងប៉េកាំង តែងតែដាក់សម្ពាធលើក្រុងតៃប៉ិជាញឹកញាប់ តាមរយៈនាវាយោធា និងយន្តហោះចម្បាំងរបស់ខ្លួន។ ជាការឆ្លើយតប តៃវ៉ាន់ តែងបញ្ជូនយន្តហោះ និងដាក់ប្រព័ន្ធការពារ ដើម្បីតាមដានសកម្មភាពគំរាមកំហែងទាំងនោះ។ 
 
សូមបញ្ជាក់ថា ក្នុងជំនួបតាមប្រព័ន្ធវីដេអូដដែលនោះ ប្រមុខការពារជាតិជប៉ុន ក៏បានជំរុញឱ្យក្រុងតូក្យូ និងក្រុងកង់បេរ៉ា ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខផងដែរ ដើម្បីការពារស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់ឥណ្ឌូ-បាស៊ីហ្វិក៕
 

Tag:
 ជប៉ុន
  អូស្រាលី
  ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com