អន្តរជាតិ
ចិន អនុម័តច្បាប់ប្រឆាំងការដាក់ទណ្ឌកម្មរបស់បរទេស
11, Jun 2021 , 3:29 pm        
រូបភាព
ដោយ៖ ជា ពេជ្រដាឡែន 
 

សភាចិន នៅថ្ងៃទី ១០ ខែមិថុនា បានអនុម័តច្បាប់ប្រឆាំងការដាក់ទណ្ឌកម្មរបស់បរទេសលើប្រជាជន ឬស្ថាប័ននានារបស់ចិន។ ច្បាប់ថ្មីនេះ នឹងក្លាយជាមូលដ្ឋានក្នុងការរារាំង ទប់ទល់ និងឆ្លើយតបនឹងការដាក់ទណ្ឌកម្មរបស់បរទេសខុសច្បាប់មកលើបុគ្គល ឬអង្គភាពណាមួយចិន មិនថាស្ថាប័នរដ្ឋ ឬឯកជនឡើយ។

 
ច្បាប់ថ្មីស្ដីពីការប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់បរទេស បានឆ្លងកាត់នីតិវិធីរបស់ស្ថាប័ននីតិប្បញ្ញត្តិចិន និងត្រូវបានអនុម័តបន្ទាប់ពីត្រួតពិនិត្យពីរលើករួចមក។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua ។ អំណើះតទៅ ចិន ក៏មានច្បាប់ដើម្បីតទលនឹងទណ្ឌកម្មរបស់ប្រទេសដែលដាក់ទណ្ឌកម្មលើខ្លួនវិញខាន។
 
សភាចិនសម្រេចចិត្តបង្កើតច្បាប់នេះឡើងដើម្បីទប់នឹងអំណាចតុលាការរបស់បណ្ដាប្រទេសលោក ខាងលិច ជាពិសេសអាមេរិក ដែលតែងតែសម្រេចជាឯកតោក្នុងដាក់ទណ្ឌកម្មទៅលើបុគ្គល និង អង្គភាពចិនជាច្រើនលើបញ្ហាជាច្រើនដូចជាសំណុំរឿងស៊ីនជាំង សិទ្ធិមនុស្សនៅហុងកុង និងបញ្ហាទីបេជាដើម។ មន្ត្រីចិនជាន់ខ្ពស់ចិនទាំងនៅប៉េកាំង ខេត្តស៊ីនជាំង និងមេដឹកនាំហុងកុង ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យា Huawei និង ZTE សុទ្ធតែជាប់ឈ្មោះក្នុងបញ្ជីទណ្ឌកម្មអាមេរិក។
 
ច្បាប់ថ្មីស្ដីពីការប្រឆាំងនិងការដាក់ទណ្ឌកម្មរបស់បរទេសនេះ មាន១៦មាត្រាដែលបានបញ្ជាក់ច្បាស់ ពីគោលការណ៍ពិន័យក្នុងករណីបំពាន និងបើកផ្លូវឱ្យអាជ្ញាធរពាក់ព័ន្ធមានសិទ្ធិក្នុងការអនុវត្តនីតិវិធី ច្បាប់ទៅលើជនបរទេស ឬស្ថាប័នបរទេសណាដែលប្រើប្រាស់ច្បាប់ក្នុងស្រុករបស់ខ្លួនមិនសមស្រប ធ្វើលេសដាក់ទណ្ឌកម្មលើបុគ្គល និងស្ថាប័ននានារបស់ចិន។ 
 
ការបដិសេធមិនផ្តល់ទិដ្ឋាការ ឬមិនឱ្យចូលមកប្រទេសចិន ការនិរទេស ការរឹបយកទ្រព្យសម្បត្តិ ការរឹតត្បិតប្រតិបត្តិការ និងកិច្ចសហប្រតិបត្តិការជាដើម ជាជម្រើសវិធានដើម្បីការឆ្លើយតបទៅនឹងទណ្ឌកម្មរបស់បរទេស។ ក្រៅពីនេះ ក្នុងករណីដែលពលរដ្ឋ និងអង្គភាពចិន ជួបប្រទះការបំពាន ដោយបុគ្គល ឬស្ថាប័នបរទេសណាមួយ ពួកគេអាចអាចដាក់ពាក្យបណ្តឹងទៅតុលាការ និងស្វែង រកសំណងសម្រាប់ការខាតបង់យោងទៅតាមច្បាប់ថ្មីនេះផងដែរ។
 
ទាក់ទងរឿងនេះ លោក Wang Wenbin អ្នកនាំពាក្យ ក្រសួងការបរទេសចិនបញ្ជាក់នៅថ្ងៃដដែលថា ច្បាប់នេះនឹងមិនប៉ះពាល់ទំនាក់ទនងរវាងចិននិងប្រទេសខាងក្រៅនោះទេ ហើយវាជាច្បាប់ដ៏សំខាន់ មួយសម្រាប់ឱ្យចិនទប់ទល់និងវិធានការរើសអើង និងខុសច្បាប់ពីសំណាក់បរទេស៕
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com