អន្តរជាតិ
ចិន អំពាវនាវឱ្យប្រជាជនតៃវ៉ាន់មកទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ខ្លួន
11, Jun 2021 , 8:59 pm        
រូបភាព
ប្រជាជនតៃវ៉ាន់ អំពាវនាវឱ្យរដ្ឋាភិបាលតៃវ៉ាន់ទទួលវ៉ាក់សាងចិន។ រូបភាព៖ Reuters
ប្រជាជនតៃវ៉ាន់ អំពាវនាវឱ្យរដ្ឋាភិបាលតៃវ៉ាន់ទទួលវ៉ាក់សាងចិន។ រូបភាព៖ Reuters
ដោយ៖ ឈួ​​ ស៊ាវយីងជាវ 

រដ្ឋាភិបាលក្រុងប៉េកាំង នៅថ្ងៃទី១១ ខែមិថុនា បានអំពាវនាវឱ្យប្រជាជនតៃវ៉ាន់មកទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងជំរុញឱ្យអាជ្ញាធរកោះតៃវ៉ាន់លុបចោលគោលនយោបាយ មិននាំចូលវ៉ាក់សាំងចិន។ បើតាមរដ្ឋាភិបាលចិន វ៉ាក់សាំងខ្លួន ត្រូវបានអង្គការសុខភាពពិភពលោកអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ និងមិនមានបញ្ហាដូចការបារម្ភរបស់តៃវ៉ាន់ឡើយ។

 
ម្តងហើយម្តងទៀត ចិនតែងតែស្នើឱ្យ តៃវ៉ាន់ទទួលវ៉ាក់សាំងខ្លួន ស្របពេលដែនកោះមួយនេះ កំពុងមានករណីឆ្លងជំងឺកូវីដ-១៩ ហក់ឡើងខ្ពស់។ យ៉ាងណាមិញ រដ្ឋាភិបាលក្រុងតៃប៉ិ ក៏ដោយជាប្រជាជន បានសម្តែងការព្រួយបារម្ភលើសុវត្តិភាព និងភាពមិនច្បាស់លាស់របស់វ៉ាក់សាំងចិន។ 
 
តាមរយៈសេចក្តីថ្លែងការណ៍មួយ ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន បានបញ្ជាក់ថា វ៉ាក់សាំងពីរប្រភេទដែលផលិតដោយក្រុមហ៊ុនចិន ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ដោយអង្គការសុខភាពពិភពលោក (WHO) និងត្រូវបានប្រើប្រាស់ ឬអនុម័តច្រើនជាង ៩០ប្រទេស។ ក្នុងន័យនេះ ចិនចង់បញ្ជាក់ថា វ៉ាក់សាំងខ្លួន គឺមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ មិនដូចការបារម្ភរបស់តៃវ៉ាន់ឡើយ។
 
ជាមួយគ្នានេះ ការិយាល័យកិច្ចការតៃវ៉ាន់បានបន្តថា ប្រជាជនតៃវ៉ាន់ អាចមកចិនដើម្បីចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ បាន ដោយចិន បានដាក់ចេញវិធានការទប់ស្កាត់ការរីកសាយជំងឺឆ្លងយ៉ាងតឹងរ៉ឹង។ ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ ចិន បានទទូចរដ្ឋាភិបាលតៃវ៉ាន់លុបចេញគោលនយោបាយប្រឆាំងនឹងវ៉ាក់សាំងរបស់ខ្លួន ដើម្បីឱ្យចិនអាចបញ្ជូនវ៉ាក់សាំងទៅតៃវ៉ាន់ និងអនុញ្ញាតឱ្យប្រជាជនទូទាំងកោះអាចទទួលវ៉ាក់សាំងដែលមានសុវត្តិភាព និងប្រសិទ្ធភាពខ្ពស់។
 
បើទោះបីមានការការពារពីចិនដីគោកថា វ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់ក្តី ប្រជាជនតៃវ៉ាន់ជាច្រើននាក់ ហាក់មិនចាប់អារម្មណ៍វ៉ាក់សាំងចិនឡើយ។ តាមរយៈការស្ទង់មតិមួយ ធ្វើឡើងដោយសកលវិទ្យាល័យជាតិ Chengchi នៅក្នុងខែឧសភា កន្លងទៅ ប្រជាជនតៃវ៉ាន់ភាគច្រើន មិនមានបំណងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ របស់ចិនទេ។
 
គួរបញ្ជាក់ថា ប្រជាជនតៃវ៉ាន់ ចំនួនតែ៣ភាគរយនៃប្រជាជនសរុប២៣,៥លាននាក់ ទើបតែទទួលវ៉ាក់សាំងយ៉ាងហោចណាស់មួយដូស  ខណៈវ៉ាក់សាំងរាប់លានដូសស្ថិតក្នុងការបញ្ជាទិញ។ នៅសប្តាហ៍មុន ជប៉ុនបានផ្តល់វ៉ាក់សាំងក្រុមហ៊ុន AstraZeneca ចំនួន១,២៤លានដូស ឱ្យតៃវ៉ាន់។ ចំណែកអាមេរិក បានសន្យាផ្តល់វ៉ាក់សាំងចំនួន ៧៥ម៉ឺនដូស៕
 

Tag:
 ចិន
  តៃវ៉ាន់
  វ៉ាក់សាំង
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com