អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេដឹកនាំ G7 ប្តេជ្ញាបង្កើនថវិកាសម្រាប់ប្រយុទ្ធជាមួយការបម្រែបម្រួលអាកាសធាតុ
13, Jun 2021 , 10:04 am        
រូបភាព
កិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ (G7)។ រូបភាព៖ Facebook របស់ប្រធានាធិបតីបារាំង
កិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ (G7)។ រូបភាព៖ Facebook របស់ប្រធានាធិបតីបារាំង
មេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន​ទាំងប្រាំពីរ (G7) នឹងប្តេជ្ញាបង្កើនការផ្តល់ហិរញ្ញវត្ថុរហូតដល់ ១០០ពាន់ដុល្លារ ដើម្បីជួយប្រទេសក្រីក្រ កាត់បន្ថយការបញ្ចេញឧស្ម័នកាបូន និងប្រយុទ្ធជាមួយការកើនឡើងកម្តៅសកលលោក។ យ៉ាងណាមិញ ការប្តេជ្ញារបស់ក្រុមប្រទេសG7 បែបនេះ ត្រូវបានក្រុមបរិស្ថានមួយចំនួនចាត់ទុកថា វាគ្រាន់តែជាការសន្យារបស់ថ្នាក់ដឹកនាំប្រទេសអ្នកមានប៉ុណ្ណោះ។



នៅក្នុងកិច្ចប្រជុំក្រុមប្រទេសអ្នកមានទាំងប្រាំពីរ ការបម្រែបម្រួលអាកាសធាតុ គឺជារបៀបវារៈដ៏សំខាន់មួយសម្រាប់មេដឹកនាំជជែកពិភាក្សា។ មេដឹកនាំក្រុមប្រទេស G7 នៅថ្ងៃទី១៣ ខែមិថុនា នឹងប្តេជ្ញាជាថ្មី ដើម្បីបង្កើនថវិកាឱ្យគ្រប់ ១០០ពាន់លានដុល្លារ ដើម្បីជួយប្រទេសក្រីក្រក្នុងមួយឆ្នាំៗ ដើម្បីប្រយុទ្ធជាមួយបម្រែបម្រួលអាកាសធាតុ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១២ ខែមិថុនា នាយករដ្ឋមន្រ្តីអង់គ្លេស លោកបូរីស ចនសុន បានលើកឡើងថា ការការពារភពផែនដី គឺជារឿងសំខាន់ណាស់ ដែលថ្នាក់ដឹកនាំអាចធ្វើបានសម្រាប់ប្រជាជន។

«ជាប្រទេសលទ្ធិប្រជាធិបតេយ្យ យើងមានការទទួលខុសត្រូវ ក្នុងការជួយប្រទេសកំពុងអភិវឌ្ឍន៍ទទួលបានផលប្រយោជន៍ពីកំណើនថាមពលស្អាត តាមរយៈប្រព័ន្ធប្រកបតម្លាភាព និងយុត្តិធម៌»។ លោកនាយករដ្ឋមន្រ្តីអង់គ្លេស បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ក្រុមប្រទេស G7 មានឱកាសដែលមិនធ្លាប់មានពីមុនមក ក្នុងការធ្វើបដិវត្តឧស្សាហកម្មបៃតង។ ប៉ុន្តែចនសុន មិនបានផ្តល់ព័ត៌មានលម្អិតទាក់ទិននឹងការប្តេជ្ញាខាងលើទេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

យ៉ាងណាមិញ ការប្តេជ្ញាក្នុងការបង្កើនថវិកាសម្រាប់ប្រទេសក្រីក្រនេះ មិនបានធ្វើឱ្យក្រុមបរិស្ថានភ្ញាក់ផ្អើលអ្វីឡើយ ព្រោះវាជារឿងដដែលៗ ដែលក្រុមប្រទេសអ្នកមានមិនអាចធ្វើបាន។ បើតាមលោកនាយកប្រតិបត្តិអង្គការ Greenpeace ការប្តេជ្ញារបស់ក្រុមប្រទេសអ្នកមាន គឺជារឿងសំខាន់ ប៉ុន្តែក្រុមប្រទេសកំពុងអភិវឌ្ឍន៍ មិនទទួលបានដូចការសន្យាឡើយ រហូតដល់តែមានការបញ្ចេញជាសាច់ប្រាក់ពិតប្រាកដ។

សូមបញ្ជាក់ថា ក្រុមប្រទេសអភិវឌ្ឍន៍ បានសន្យាតាំងពីឆ្នាំ ២០០៩ មក ដើម្បីបង្កើនថវិកាឱ្យបាន ១០០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ត្រឹមឆ្នាំ២០២០ ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ ដែលកំពុងប្រឈមនឹងបញ្ហាការកើនឡើងទឹកសមុទ្រ ព្យុះ និងគ្រោះរាំងស្ងួតជាដើម៕


Tag:
 បម្រែបម្រួលអាកាសធាតុ
  G7
© រក្សាសិទ្ធិដោយ thmeythmey.com