ព័ត៍មានសុខភាព
សុខភាព
អន្តរជាតិ
ថ្នាំជំងឺទឹកនោមផ្អែម Wegovy មានប្រសិទ្ធភាពជួយសម្រកទម្ងន់សម្រាប់អ្នកកើតជំងឺធាត់
14, Jun 2021 , 8:59 am        
រូបភាព
រូបភាព៖ Fox News
រូបភាព៖ Fox News
សប្តាហ៍នេះ ថ្នាំព្យាបាលជំងឺទឹកនោមផ្អែម Wegovy ត្រូវបានអនុញ្ញាតជាផ្លូវការដោយទីភ្នាក់ងារចំណីអាហារ និងឱសថ សម្រាប់ប្រើប្រាស់ជាថ្នាំសម្រកទម្ងន់ចំពោះអ្នកកើតជំងឺធាត់ ឬហៅថាលើសទម្ងន់។


 
ថ្នាំព្យាបាលជំងឺទឹកនោមផ្អែម Wegovy ត្រូវបានផលិតដោយក្រុមហ៊ុនឱសថ Novo Nordisk របស់អាមេរិក។ លើសពីនេះ ថ្នាំប្រភេទដដែលនេះបានទទួលស្គាល់ដោយ រដ្ឋបាលចំណីអាហារនិងឱសថថាមានប្រសិទ្ធភាពសម្រកទម្ងន់សម្រាប់អ្នកកើតជំងឺធាត់ ថែមទៀតផង។ 
 
បើតាមការចុះផ្សាយលើគេហទំព័រសុខភាព Healthline ថ្នាំ Wegovy មានសមត្ថភាព ជួយបំបាត់អាការៈស្រេកឃ្លានផងដែរ ដែលវាអាចជួយឱ្យអ្នកកើតជំងឺធាត់ស្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព និងសុវត្ថិភាព។
 
យ៉ាងណាមិញ មនុស្សដែលមានសុខភាពល្អត្រូវមានសន្ទស្សន៍ម៉ាសរាងកាយ (BMI) ពី ១៨,៥ ទៅ ២៤,៩។ ដូច្នេះថ្នាំសម្រកទម្ងន់ Wegovy ត្រូវបានណែនាំឱ្យប្រើចំពោះតែអ្នក លើសទម្ងន់ខ្លាំងដែលមានសន្ទស្សន៍ម៉ាសរាងកាយចាប់ពី ២៧ ឡើងទៅ និងអ្នកដែលមាន ស្ថានភាពសុខភាពទាក់ទិននឹងទម្ងន់ ដូចជាលើសសម្ពាធឈាម ឬមានកូឡេស្តេរ៉ូលខ្ពស់ប៉ុណ្ណោះ។ អ្នកជំងឺទាំងនោះត្រូវទទួលថ្នាំ Wegovy ដោយការចាក់ ម្តងក្នុងមួយសប្តាហ៍។
 
ទាក់ទិននឹងប្រសិទ្ធភាពថ្នាំនេះ បើតាមការធ្វើតេស្តសាកល្បង អ្នកប្រើថ្នាំ Wegovy ដែលមិនមានជំងឺទឹកនោមផ្អែមជាប់ខ្លួនអាចស្រកបានជាមធ្យម១២,៤ភាគរយឯណោះនៃទម្ងន់រាងកាយ។ ផ្ទុយទៅវិញ អ្នកដែលមានជំងឺទឹកនោមផ្អែមវិញ អាចស្រកទម្ងន់ប្រមាណ ៦,២ភាគរយ នៃទម្ងន់រាងកាយដែរ។ 
 
តាមពិតទៅ ថ្នាំ Wegovy ត្រូវបានសំយោគចេញពីអរម៉ូនម៉្យាងនៅក្នុងពោះវៀន ដែលមានទំនាក់ទំនង នឹងផ្នែកនៃខួរក្បាលជាពិសេសគឺក្រពេញអ៊ីប៉ូតាឡាមុសដែលមាននាទីគ្រប់គ្រងភាពស្រេកឃ្លានអាហារ និងគ្រប់គ្រងទម្ងន់មនុស្ស។ 
 
ថ្នាំនេះធ្វើឱ្យមនុស្ស មានអារម្មណ៍ថាឆ្អែត។ ដូច្នេះពួកគេនឹងមិនទទួលទានអាហារច្រើនឡើយ ដែលវាជាហេតុលបណ្តាលឱ្យមានការស្រកទម្ងន់។ នេះបើតាមការពន្យល់របស់លោកវេជ្ជបណ្ឌិត Aleem Kanji ឯកទេសផ្នែកក្រពេញអង់ដូគ្រីន និងជំងឺធាត់។ 
 
ទោះយ៉ាងណា ថ្នាំ Wegovy នេះក៏បណ្តាលឱ្យអ្នកប្រើប្រាស់ជួបបញ្ហាប្រឈមខ្លះៗដូចជា ឈឺក្រពះពោះវៀន, រាគ, ក្អួត, ទល់លាមក, ពិបាករំលាយអាហារ, ហើមពោះ, ឈឺក្បាល, វិលមុខ, និងអស់កម្លាំងផងដែរ។ ប៉ុន្តែផលរំខានទាំងនេះ ជាធម្មតាវានឹងជាសះស្បើយទៅវិញដោយខ្លួនឯង៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com