អន្តរជាតិ
ប្រធានាធិបតីប្រេស៊ីលត្រូវពិន័យប្រាក់១០០ដុល្លារដោយសារមិនពាក់ម៉ាស
14, Jun 2021 , 2:39 pm        
រូបភាព
ប្រធានាធិបតីប្រេស៊ីល ជែ បុលសូណារ៉ូ ។ រូបថត Xinhua
ប្រធានាធិបតីប្រេស៊ីល ជែ បុលសូណារ៉ូ ។ រូបថត Xinhua
ដោយ ជា ពេជ្រដាឡែន 

លោក ជែ បុលសូណារ៉ូ ប្រធានាធិបតីប្រេស៊ីល ត្រូវបានពិន័យប្រាក់ប្រមាណ ១០០ដុល្លារដោយសារ មិនពាក់ម៉ាសក្នុងការជួបជុំដ៏ធំមួយនៅរដ្ឋ Sao Paulo នៅថ្ងៃទី១២ ខែមិថុនា។ លោក Bolsonaro បានបំពានវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់រដ្ឋមួយនេះ ទោះជារងការព្រមានជាមុនក្ដី។

 
មន្ត្រីរដ្ឋ Sao Paulo បានពិន័យលោក ជែ បុលសូណារ៉ូ ប្រធានាធិបតីប្រេស៊ីល, លោក Eduardo កូនប្រុសរបស់លោក បុលសូណារ៉ូ  និងជាសមាជិកព្រឹទ្ធសភា និងលោក Tarcisio Gomes រដ្ឋមន្រ្តីហេដ្ឋារចនាសម្ព័ន្ធ ព្រោះមិនបានពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព អំឡុងពេលជួបជុំគ្នាជាមួយ និងអ្នកគាំទ្ររាប់ពាន់នាក់ក្នុងរដ្ឋមួយនេះ។ នេះមិនមែនលើកជាលើកទីមួយឡើយដែលប្រធានាធិបតីស្ដាំនិយមរូបនេះ ត្រូវពិន័យចំពោះការបំពានវិធានសុខាភិបាលរបស់រដ្ឋសហព័ន្ធ។
 
លោក បុលសូណារ៉ូ ជារឿយៗ បានរៀបការប្រមូលផ្ដុំអ្នកគាំទ្រជាច្រើននាក់ តាមរដ្ឋប្រេស៊ីលនីមួយៗ សំដៅទាក់ទាញប្រជាប្រិយភាពដោយសម្រាប់ការបោះឆ្នោតនៅឆ្នាំក្រោយ។ កាលពីខែឧសភាកន្លង ទៅ លោក ត្រូវបានពិន័យម្តងហើយ ដោយសារមិនពាក់ម៉ាសនៅពេលជួបជុំគ្នាជាមួយ អ្នកគាំទ្រនៅរដ្ឋ Maranhao ។ 
 
អភិបាលរដ្ឋ Sao Paulo លោក Joao Doria ដែលជាគូប្រជែងផ្នែកនយោបាយរបស់ប្រធានាធិបតីប្រេស៊ីលផងនោះ បានព្រមានដាក់ពិន័យលោក បុលសូណារ៉ូ ប្រសិនបើលោកមិនគោរពច្បាប់របស់រដ្ឋ។ 
ប៉ុន្តែលោក បុលសូណារ៉ូ ដែលតែងរិះគន់វិធានការសុខាភិបាលក្នុងប្រទេស ហាក់មិនខ្វាយខ្វល់ឡើយ។ 
 
មិនត្រឹមរដ្ឋ Sao Paulo ឡើយ លោក បុលសូណារ៉ូ ក៏មានជំហរមិនត្រូវគ្នាជាមួយ អភិបាលរដ្ឋផ្សេងៗ ទាក់ទងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ផងដែរ។ មេដឹកនាំប្រទេសអាមេរិកខាងត្បូងមួយនេះ មិន គាំទ្រឡើយចំពោះវិធានការនៅផ្ទះ និងការពាក់ម៉ាស ដោយលោកអះអាងថា មិនមានប្រសិទ្ធភាព និងប៉ះពាល់សេដ្ឋកិច្ចខ្លាំង។ លោកក៏បានប្រាប់ទៅក្រុមអ្នកគាំទ្រថា លោកនឹងស្នើឲ្យមានវិធានការមិនពាក់ ម៉ាសចំពោះអ្នកបានចាក់វ៉ាក់សាំងរួច ដែលនេះផ្ទុយពីអ្នកជំនាញ និងមន្ត្រីសុខាភិបាល ប្រេស៊ីលដែលនៅតែស្នើឱ្យបន្ត ការពាក់ម៉ាសរហូតទាល់តែប្រជាជនភាគច្រើន បានចាក់វ៉ាក់សាំង រួចរាល់។
 
រហូតមកដល់បច្ចុប្បន្ន ប្រជាជនប្រេស៊ីលចំនួនតិចជាង១២ភាគរយនៃប្រជាជនសរុបប៉ុណ្ណោះ ត្រូវ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ ប្រេស៊ីល មានអ្នកឆ្លងសរុបជាង១៧លាននាក់ និងមានចំនួនអ្នកស្លាប់ប្រមាណ៤៨ម៉ឺននាក់ដែលចំនួននេះស្ថិតនៅលំដាប់ទី២បន្ទាប់ពីអាមេរិក៕
 
 

Tag:
 ប្រេស៊ីល
© រក្សាសិទ្ធិដោយ thmeythmey.com