ជាតិ
រដ្ឋាភិបាល បដិសេធថា ចិនមិនបានគ្រប់គ្រងទិន្នន័យកូវីដ-១៩ របស់កម្ពុជាឡើយ
14, Jun 2021 , 3:25 pm        
រូបភាព
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អះអាងថា រដ្ឋាភិបាលចិនមិនបានគ្រប់គ្រងទិន្នន័យកូវីដ-១៩ របស់កម្ពុជាឡើយ ។ ការបដិសេធនេះ ធ្វើឡើងក្រោយពីសារព័ត៌មាន Asia Times ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បានចុះផ្សាយថា ចិនគាបសង្កត់កម្ពុជា ដើម្បីទទួលបានទិន្នន័យពីប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ១៩ Stop Covid។




ក្រសួងប្រៃសណីយ៍ ចាត់ទុកការចុះផ្សាយរបស់ Asia Times នេះ ជាការប្រឌិតព័ត៌មាន ដើម្បីបំពុលសង្គម និងញុះញង់ពលរដ្ឋ មិនឱ្យចូលរួមអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ រដ្ឋាភិបាល។ តាមរយៈសេចក្តីបំភ្លឺចុះថ្ងៃទី១២ មិថុនា ក្រសួងប្រៃសណីយ៍ បានបញ្ជាក់ដូច្នេះ៖«ការផ្សព្វផ្សាយអត្ថបទព័ត៌មានប្រឌិតនេះ មានគោលបំណងប្រែក្លាយការខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ឱ្យទៅជាបញ្ហានយោបាយ ដើម្បីផលប្រយោជន៍របស់ក្រុមខ្លួន ដោយពុំគិតពីអាយុជីវិត និងស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មកលើប្រជាពលរដ្ឋកម្ពុជា និងពលរដ្ឋបរទេស ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា»។
 
កាលពីថ្ងៃទី១០ មិថុនា សារព័ត៌មាន Asia Times បានចុះផ្សាយអត្ថបទជាភាសាអង់គ្លេសថា លោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានជួបជាមួយមន្ត្រីកម្ពុជា ដើម្បីស្នើសុំទិន្នន័យឯកជនរបស់ប្រជាពលរដ្ឋដែលកម្ពុជា ដែលប្រមូលបានតាមរយៈប្រព័ន្ធ QR Code។
 
ចំពោះការលើកឡើងនេះ ត្រូវបានក្រសួងប្រៃសណីយ៍ ច្រានចោលទាំងស្រុង។ «ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសុខាភិបាល សូមបដិសេធថា រហូតមកដល់ពេលនេះ ក្រសួងទាំងពីរមិនធ្លាប់ជួប ឬទទួលសំណើសុំយកទិន្នន័យក្នុងប្រព័ន្ធ QR Code ពីសំណាក់ឯកអគ្គរដ្ឋទូតចិននោះទេ។នេះគឺជាការមួលបង្កាច់ ប្រឌិតរឿង និងបំផ្លើសការពិតទាំងស្រុង»។នេះជាការអះអាងរបស់ក្រសួងប្រៃសណីយ៍ ដែលបានបន្ថែមថា ក្រសួងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍ និងគ្រប់គ្រងប្រព័ន្ធQR Code នេះ ដោយខ្លួនឯង ស្របតាមស្ដង់ដារបច្ចេកទេសអន្តរជាតិ។
 
សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ដើម្បីសុំការអត្ថាធិប្បាយបន្ថែម តបនឹងការលើកឡើងរបស់ Asia Timeឡើយ។
 
ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍ឆ្លងចូលសហគមន៍ ២០ កុម្ភៈមក រដ្ឋាភិបាល តាមរយៈក្រសួងប្រៃសណីយ៍ បានដាក់ឱ្យដំណើរការប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ១៩ Stop Covid នេះ ក្នុងគោលបំណងការពារសុខភាពប្រជាពលរដ្ឋ។ បើតាមក្រសួងប្រៃសណីយ៍ ប្រព័ន្ធប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ១៩ Stop Covidនេះ មិនមែនតែកម្ពុជាទេ ដែលប្រើប្រាស់នោះ ពោលគឺមានប្រទេសជាច្រើនទៀត ទាំងក្នុងតំបន់ និងពិភពលោក គឺសុទ្ធដាក់ឱ្យប្រើប្រាស់ទាំងអស់ ក្នុងអំឡុងប្រយុទ្ធប្រឆាំងជំងឺកាចសាហាវនេះ។
 
«ប្រព័ន្ធ QR Code នេះ កត់ត្រាលេខទូរស័ព្ទតែមួយគត់ ដោយមិនប្រមូលទិន្នន័យឯកជនផ្ទាល់ខ្លួន ឬគន្លងធ្វើដំណើររបស់អ្នកប្រើប្រាស់នោះទេ »។ នេះជាការបញ្ជាក់របស់ក្រសួងប្រៃសណីយ៍ ដែលអំពាវនាវឱ្យពលរដ្ឋជឿទុកចិត្តលើរដ្ឋាភិបាល ក្នុងគ្រាលំបាកនៃការទប់ស្កាត់កូវីដ-១៩នេះ៕

Tag:
 CVOVID-19
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com