អន្តរជាតិ
ចិន រិះគន់មេដឹកនាំ G7 ដែលលូកលាន់កិច្ចការស៊ីនជាំង និងហុងកុង
14, Jun 2021 , 4:28 pm        
រូបភាព
ដោយ ចាន់ ស៊ីណា

ចិន នៅថ្ងៃទី១៤ ខែមិថុនា បានប្រតិកម្មមេដឹកនាំប្រទេសអ្នកមានទាំង៧ (G7) ដែលរិះគន់ខ្លួនលើបញ្ហាសិទ្ធិមនុស្សនៅស៊ីនជាំង និងការធ្លាក់ចុះសេរីភាពនៅហុងកុង។ ចិនចាត់ទុកការរិះគន់ដែលមានក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី១៣ ខែមិថុនា ជាការបំភាន់ផ្នែកនយោបាយ។


 
ក្នុងសេចក្ដីថ្លែងការណ៍ចេញថ្ងៃទី១៣ ខែមិថុនាក្រោយកិច្ចប្រជុំបីថ្ងៃ មេដឹកនាំប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ បានស្តីបន្ទោសចិនជុំវិញការបំពានសិទ្ធិជនជាតិភាគតិចនៅតំបន់ស៊ីនជាំង និងបញ្ហាហុងកុង។ មេដឹកនាំប្រទេសអ្នកមានទាំង៧ បានអំពាវនាវឱ្យរក្សាស្វ័យភាពកម្រិតខ្ពស់នៅហុងកុង និងទាមទារឱ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់អំពីប្រភពដើមជំងឺកូវីដ-១៩ ទៀតផង។
 
«យើងនឹងលើកកម្ពស់គុណតម្លៃរបស់យើង រួមទាំងការអំពាវនាវឱ្យចិនគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ទាក់ទិននឹងតំបន់ស៊ីនជាំង និងសេរីភាព និងស្វ័យភាពរបស់ហុងកុងដែលបានចែងក្នុងសេចក្តីប្រកាសរួមរវាងចិន និងអង់គ្លេស»។ នេះជាការបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ក្រោយកិច្ចប្រជុំនៅ Cornwall ទឹកដីអង់គ្លេស។ 
 
ស្ថានទូតអង់គ្លេសប្រចាំក្រុងឡុងដ៍រិះគន់ខ្លាំងនឹងអ្វីដែលខ្លួនចាត់ទុកជាការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ខ្លួន។ អ្នកនាំពាក្យស្ថានទូតចិន នៅថ្ងៃទី១៤ ខែមិថុនា អះអាងថា ក្រុមប្រទេស G7 បានកេងយកប្រយោជន៍ពីបញ្ហាស៊ីនជាំងដើម្បីរៀបចំការបញ្ឆោតផ្នែកនយោបាយ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិន។ ចិនជំទាស់ទង្វើបែបនេះ។ 
 
ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ និងអង្គការសិទ្ធិមនុស្ស ប៉ាន់ប្រមាណថា មានមនុស្សជាងមួយលាននាក់ ត្រូវជាប់ឃុំ និងបង្ខំឱ្យធ្វើការនៅតំបន់ស៊ីនជាំង។ ជនរងគ្រោះភាគច្រើន ជាជនជាតិភាគតិចវីហ្គ័រ និងជនភាគតិចមូស្លីម ដែលត្រូវបានឃុំខ្លួននៅតាមជំរុំធំៗជាច្រើនក្នុងតំបន់ស៊ីនជាំង។
 
ម្ដងជាពីរម្ដង ចិនបានបដិសេធរាល់ការចោទប្រកាន់ទាំងអស់នៃការបង្ខំឱ្យធ្វើការ និងការរំលោភបំពានសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង។ ម៉្យាងទៀត ចិនបានបញ្ជាក់ថា ខ្លួនបានបង្កើតមណ្ឈមណ្ឌលវិជ្ជាជីវជាច្រើនសម្រាប់ជនជាតិភាគតិចទាំងនោះ ដើម្បីសិក្សារៀនសូត្រ និងជម្រុះមនោគមន៍វិជ្ជាជ្រុលនិយម៕
 

Tag:
 ចិន
 G7
© រក្សាសិទ្ធិដោយ thmeythmey.com