រថយន្ត
អន្តរជាតិ
ថៃបារម្ភពីការនាំចូលរថយន្តទៅវៀតណាម ដោយសារការអនុវត្តបទដ្ឋានបរិស្ថាន Euro 5
14, Jun 2021 , 8:19 pm        
រូបភាព
ដោយ: ធីតា
ថៃបានសំដែងការព្រួយបារម្ភពីការនាំចេញរថយន្តទៅកាន់ប្រទេសវៀតណាម ដែលត្រូវប្រឈមនឹងរបាំងមិនមែនពន្ធគយ បន្ទាប់ពីវៀតណាម គ្រោងអនុវត្តបទដ្ឋាននៃការបំភាយឧស្ម័ន Euro 5 ថ្មី ចាប់ពីខែមករា ខាងមុខ។

 
បទដ្ឋានប្រឆាំងការបំពុលបរិស្ថាន Euro 5 ដែលអនុម័តដោយសហគមន៍អឺរ៉ុប សំដៅលើការហាមប្រាមរថយន្តដឹកអ្នកដំណើរប្រភេទស្រាល និងរថយន្តពាណិជ្ជកម្ម ដែលមានកម្រិតបំភាយឧស្ម័នខ្ពស់ ជាពិសេសរថយន្តប្រើម៉ាស៊ូត។ 
 
នៅតំបន់អាស៊ាន វៀតណាមត្រូវបានចាត់ទុកជាដៃគូនាំចូលរថយន្តភីកអាប់ និងរថយន្តដឹកអ្នកដំណើរដ៏ធំជាងគេពីថៃ។ តាមការផ្សាយរបស់បាងកក ប៉ុស្តិ៍ ការកំណត់គោលបទដ្ឋាន Euro 5 នឹងធ្វើឲ្យការលក់រថយន្តថៃទៅកាន់ទីផ្សារវៀតណាមថយចុះ។
 
បច្ចុប្បន្ន សហព័ន្ធឧស្សាហកម្មយានយន្តថៃ (FTI) កំពុងធ្វើការជាមួយក្រុមហ៊ុនផលិតយានយន្តដើម្បីសិក្សាពីគោលការណ៍ពាណិជ្ជកម្មថ្មី ដោយរំពឹងថា រដ្ឋាភិបាលថៃ និងវៀតណាម រួមគ្នាសម្របសម្រួលលើបញ្ហានេះ។
 
លោក Surapong Paisitpatanapong អនុប្រធាន FTI បានលើកឡើងថា៖ «យើងពិតជាព្រួយបារម្ភចំពោះផលប៉ះពាល់នៃការនាំចេញ។ យើងក៏ដឹងផងដែរថា ការអនុវត្តវិធានការ Euro 5 នៅតាមបណ្តាប្រទេសនានា គឺក្នុងហេតុផលការឧស្សាហកម្មក្នុងស្រុករបស់ប្រទេសទាំងនោះ»។
 
តាមបាងកក ប៉ុស្តិ៍ វិទ្យាស្ថានបទដ្ឋានឧស្សហកម្មថៃ បានអះអាងថា បទដ្ឋាន Euro 5 នឹងត្រូវលើកឡើងដោយមន្ត្រីថៃ នាអំឡុងនៃកិច្ចប្រជុំបច្ចេកទេសរបស់អង្គការពាណិជ្ជកម្មពិភពលោក នៅក្រុងហ្សឺណែវ នាខែវិច្ឆិកា ខាងមុខនេះ។
 
កាលពីឆ្នាំមុន ក្រុមប្រឹក្សាបរិស្ថានជាតិថៃ ក៏បានប្រកាសផងដែរពីគម្រោងអនុវត្តបរិដ្ឋានឧស្ម័ន Euro 5 ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤៕
 

© រក្សាសិទ្ធិដោយ thmeythmey.com