អន្តរជាតិ
មន្ទីរពេទ្យជាច្រើននៅក្រុងបាងកក ពន្យាពេលចាក់វ៉ាក់សាំងកូវីដ-១៩ ព្រោះខ្វះវ៉ាក់សាំង
14, Jun 2021 , 9:59 pm        
រូបភាព
ដោយ៖ ឈួ ស៊ាវយីងជាវ 

មន្ទីរពេទ្យជាច្រើននៅទីក្រុងបាងកក នៅថ្ងៃទី១៤ ខែមិថុនា បានប្រកាសពន្យារពេលផ្ដល់វ៉ាក់សាំងរបស់ពួកគេនៅសប្ដាហ៍នេះដោយសារបញ្ហាខ្វះវ៉ាក់សាំង។ ប៉ុន្តែរដ្ឋមន្រ្តីសុខាភិបាលថៃអះអាងថា ការពន្យារពេលក្រោមមូលហេតុខ្វះវ៉ាក់សាំងនេះ ទំនងកើតមកពីការភាន់ច្រឡំលើការចែកចាយវ៉ាក់សាំង។


យុទ្ធនាការចាក់វ៉ាក់សាំងនៅរដ្ឋធានីបាងកក បានជួបបញ្ហារឿងខ្វះវ៉ាក់សាំងរហូតមន្ទីរពេទ្យយ៉ាងហោចណាស់២០ ជូនដំណឹងតាមហ្វេសប៊ុកពនៅថ្ងៃទី១៤ ខែមិថុនា ពីការពន្យារពេលផ្ដល់វ៉ាក់សាំង។ កម្មវិធីចាក់វ៉ាក់សាំងនៅបាងកក ក៏ផ្ញើសារទៅកាន់ប្រជាជនដែលបានណាត់ពីការផ្អាកផ្ដល់វ៉ាក់សាំងចាប់ពីថ្ងទី១៥ ខែមិថុនាផងដែរ។ 
 
យ៉ាងណាមិញ រដ្ឋមន្រ្តីសុខាភិបាលថៃអះអាងថា បញ្ហានេះទំនងកើតចេញពីការភាន់ច្រឡំប៉ុណ្ណោះ។ ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៤ ខែមិថុនា រដ្ឋមន្រ្តីសុខាភិបាលថៃ លោក Anutin Charnvirakul លើកឡើងថា ប្រហែលជាមានការភាន់ច្រឡំកើតឡើង ព្រោះមន្ទីរពេទ្យឯកជនមិនបានត្រួតពិនិត្យជាមួយរដ្ឋបាលក្រុងបាងកក។ លោកបន្ថែមថា វ៉ាក់សាំងជាច្រើនដូស ត្រូវបានដឹកជញ្ជូនទៅកាន់ទីក្រុងបាងកករួចហើយ។
 
យុទ្ធនាការចាក់វ៉ាក់សាំងរបស់ថៃ ពឹងផ្អែកលើវ៉ាក់សាំងក្រុមហ៊ុនចិន Sinovac និងវ៉ាក់សាំង៦១លានដូសរបស់ក្រុមហ៊ុន AstraZeneca ដែលផលិតដោយក្រុមហ៊ុនដោយក្រុមហ៊ុន SiamBioscience ដែលគ្រប់គ្រងដោយស្តេចដ៏មានអំណាច។ទោះជាយ៉ាងណា ការព្រួយបារម្ភលើការខ្វះខាតវ៉ាក់សាំងអាចនឹងកើតមាន ក្រោយពីបណ្តាប្រទេសជាច្រើនដែលបញ្ជាទិញវ៉ាក់សាំងពីថៃ បញ្ជាក់ថា មានការពន្យាពេលដឹកជញ្ជូនវ៉ាក់សាំង។ តៃវ៉ាន់ និងម៉ាឡេស៊ី បានប្រកាសពីការអូសបន្លាយនេះកាលពីសប្ដាហ៍មុន។ 
 
កាលពីសប្តាហ៍មុន ថៃចុះហត្ថលេខាបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុនPfizer ចំនួន២០លានដូស និង៥លានដូសពីក្រុមហ៊ុន Johnson & Johnson ដែលនឹងត្រូវដឹកជញ្ជូននៅក្នុងឆ្នាំ២០២១។
គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ថៃមានករណីឆ្លងសរុបកើនដល់១៩៩,២៦៤នាក់ និងករណីស្លាប់ចំនួន១៤៦៦នាក់។ ឯប្រជាជនដែលទទួលវ៉ាក់សាំងរួចរាល់មានចំនួនត្រឹម១,៦លាននាក់ប៉ុណ្ណោះ៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com