អន្តរជាតិ
របាយការណ៍ UN៖ កូរ៉េខាងជើងផ្ដល់ជំនួយមនុស្សធម៌៣០ម៉ឺនដុល្លារឱ្យមីយ៉ាន់ម៉ា
17, Jun 2021 , 7:29 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។ រូបថត KCNA
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។ រូបថត KCNA
ដោយ៖ ជា ពេជ្រដាឡែន
 
កូរ៉េខាងជើង បានផ្ដល់ជំនួយមនុស្សធម៌ក្នុងចំនួនទឹកប្រាក់៣០ម៉ឺនដុល្លារអាមេរិក ទៅឱ្យមីយ៉ាន់ម៉ាតាមរយៈគម្រោងជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UN)។ នេះបើតាមទន្និន័យ UN ចេញថ្ងៃទី១៧ ខែមិថុនា។ ករណីមួយនេះគឺជារឿងដ៏កម្រមួយរបស់កូរ៉េខាងជើងដែលត្រូវដឹងថាជាប្រទេសក្រីក្រ និងមិនសូវរាប់រកអ្នកណា តែរួមចំណែកក្នុងកិច្ចការមនុស្សធម៌លើពិភពលោក។

 
យោងតាមទិន្នន័យរបស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ (OCHA) ទឹកប្រាក់ដែលកូរ៉េខាងជើងឧបត្ថម្ភក្នុងគម្រោងរបស់ UN មានគោលដៅផ្តល់សម្ភារប្រឆាំងជំងឺកូវីដ-១៩ ជំនួយស្បៀងអាហារ និងជំនួយផ្សេងៗទៀតទៅកាន់មីយ៉ាន់ម៉ា។
 
មីយ៉ាន់ម៉ា មានភាពវឹកវរផ្នែកនយោបាយចាប់តាំងពីដើមខែកុម្ភៈមកម្ល៉េះដែលធ្វើឱ្យប្រទេសនេះជួប ប្រទះបញ្ហាសន្តិសុខ សេដ្ឋកិច្ច និងសង្គមជាច្រើន ហើយទាមទារឱ្យមានការជួយជ្រោមជ្រែងពីប្រទេស ផ្សេងៗ។
 
កូរ៉េខាងជើងជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនទៀតដែលឧបត្ថម្ភថវិកាចូលគម្រោងមួយ នេះ។ ចំណែកឯ កូរ៉េខាងត្បូងក៏បានឧបត្ថម្ភលុយចំនួន៦០០,០០០ដុល្លារអាមេរិកផងដែរ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap ។
 
កន្លងមក ទំនាក់ទំនងរវាងកូរ៉េខាងជើង និងមីយ៉ាន់ម៉ា មានសភាពល្អប្រសើរ។ កាលពីខែមករាក្នុង ឱកាសខួបលើកទី៧៣ នៃឯករាជ្យភាពរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មេដឹកនាំកូរ៉េខាងជើង បានផ្ញើសារទៅកាន់ប្រធានាធិបតីមីយ៉ាន់ម៉ា ដោយបង្ហាញពីក្តីសង្ឃឹមសម្រាប់ការរឹតបន្តឹងចំណង មិត្តភាពន្ថែមទៀត៕
 
 
 
 

Tag:
 កូរ៉េខាងជើង
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com