ជាតិ
លោក វ៉ាង គ្រោងដាំផ្កា«Cosmos»លើផ្ទៃដី១០ហិកតា នៅស្រុកវាលវែងក្រោយសាកល្បងដាំជោគជ័យ
20, Jun 2021 , 8:59 am        
រូបភាព
ភ្នំពេញ៖ ក្រោយជោគជ័យលើការដាំផ្កា«Cosmos» ដែលជាពូជផ្កាពីប្រទេសកូរ៉េលោក ងួន វ៉ាង គ្រោងពង្រីកការដាំផ្កា«Cosmos»នេះ លើផ្ទៃដី ១០ហិកតានៅស្រុកវាលវែង ខេត្តពោធិ៍សាត់។ លោក វ៉ាង ជឿជាក់ថា ពូជផ្កាប្រទេសកូរ៉េដែលមានពណ៌សក្រាលលាយផ្កាឈូកអមជាមួយសម្រស់ព្រៃភ្នំ នឹងអាចទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តបានច្រើន។

 
លោក វ៉ាង បាននាំយកពូជផ្កា«Cosmos» ពីប្រទេសកូរ៉េ ដែលជាប្រទេសកំណើតរបស់ភរិយារបស់លោក មកដាំនៅភ្នំពេញ និងលើភ្នំគិរីរម្យ ប៉ុន្តែមិនបានផលល្អ ទើបលោកនាំយកផ្កានេះ មកដាំនៅផ្ទះចម្ការរបស់លោកដែលមានផ្ទៃដី១ហិកតា នៅស្រុកវាលវែង ខេត្តពោធិ៍សាត់។
 
បុរសវ័យ៤២ឆ្នាំរូបនេះ បានឱ្យដឹងថា ការព្រួសគ្រាប់សាកល្បងលើកទីមួយរបស់លោក កាលពីខែ ឧសភា ឆ្នាំ២០២០ មិនបានផលល្អឡើយ តែនៅឆ្នាំ២០២១ ទើបផ្កានេះរីកស្រស់បំព្រងពេញសួន។ បុរសរូបនេះ បានប្រាប់សារព័ត៌មានThmeythmey25ដូច្នេះថា៖« ឆ្នាំនេះវារីកល្អជាងឆ្នាំទៅឆ្ងាយ ហើយការមកលេងរបស់បងប្អូនក្នុងតំបន់ ឃើញអ្នកភូមិក្បែរហ្នឹង និងយុវវ័យ គាត់មកលេង និងមកថតរូបលេងច្រើន។ ដោយឡែក ភ្ញៀវពីចម្ងាយគាត់ក៏ចាប់អារម្មណ៍ច្រើនដែរ ពិសេសនៅពេលខ្ញុំផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក ហើយមានអ្នកចែករំលែករហូតដល់ជាង២ពាន់ស៊ែរ»។ 


 
បើតាមលោក វ៉ាង ផ្កា «cosmos»  សមស្របជាមួយអាកាសធាតុត្រជាក់ ហើយការដាំដុះ ត្រូវចំណាយពេលប្រមាណ១០០ថ្ងៃ ចាប់ពីពេលព្រួសគ្រាប់រហូតដល់ចេញផ្កា។ បន្ទាប់ពី រីកបានរយៈពេល៧ថ្ងៃទៅ១០ថ្ងៃ ផ្កាcosmosនឹងងាប់វិញ ហើយបើវាបន្សល់ទុកគ្រាប់ពូជ វានឹងដុះ ម្តងទៀតដោយខ្លួនឯង។
 
យ៉ាងណាក្ដី លោក ងួន វ៉ាង ចាត់ទុកថាការដាំសាកល្បងនៅខេត្តពោធិ៍សាត់នេះ អាចទទួលជោគជ័យ ដោយសារទីនេះ មានអាកាសធាតុអំណាយផល។ តែលោករង់ចាំមើលផ្កានេះ ដុះលូតលាស់ដោយខ្លួនឯងម្ដងទៀតសិន ទើបបុរសរូបនេះ ពង្រីកការដាំដុះលើផ្ទៃដី១០ហិកតា នៅរីសតដែលលោកត្រៀមបង្កើតនៅចុងខែមិថុនានេះ។ វីសតថ្មីនេះ មានចម្ងាយប្រមាណ២គីឡូម៉ែត្រប៉ុណ្ណោះ ពីផ្ទះចម្ការដែលកំពុងដាំផ្កា«cosmos»៕
 






 

Tag:
 ថ្មីៗ២៥
  ខេត្តពោធិសាត់
  ស្រុកវាលវែង
  cosmos flower
© រក្សាសិទ្ធិដោយ thmeythmey.com