ជាតិ
ក្រសួងអប់រំ នៅតែបន្តការរឹតបន្តឹងការប្រឡងឌីប្លូម និងបាក់ឌុបឆ្នាំនេះ
22, Jun 2021 , 6:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ក្រសួងអប់រំ នៅតែរឹតបន្តឹងការប្រឡងបាក់ឌុប និងឌីប្លូម តាមគោលការណ៍ដដែល មិនបន្ធូរបន្ថយនោះឡើយ។ នេះជាការលើកឡើងរបស់លោក លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ប្រាប់សារព័ត៌មានថ្មីៗ។ ការថ្លែងដូច្នេះរបស់លោក រស់ សុវាចា គឺបន្ទាប់ពីក្រសួងអប់រំ បានអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាឯកជន រៀបចំការប្រឡងបាក់ឌុប និងឌីប្លូម ដោយខ្លួនឯង ខណៈការប្រឡងសម្រាប់គ្រឹះស្ថានសិក្សារដ្ឋ ក៏ត្រូវបានកំណត់រួចហើយដែរនោះ។

 
បើទោះជាសិស្សានុសិស្សគ្រប់កម្រិត ទាំងសាលារដ្ឋ និងឯកជន បាន សិក្សាតែតាមប្រព័ន្ធអនឡាញពីចម្ងាយ ស្ទើរតែពេញមួយឆ្នាំសិក្សាទៅហើយក្តី ក្រសួងអប់រំ នៅតែរក្សាជំហរ រឹតបន្តឹងការប្រឡងបាក់ឌុប និងឌីប្លូម ក្នុងឆ្នាំនេះដដែល។ នេះជាការអះអាងរបស់លោក រស់ សុវាចា អ្នកនំាពាក្យក្រសួងអប់រំ យុវជន និងកីឡា ប្រាប់អ្នកសារព័ត៌មានថ្មីៗ។ លោករស់ សុវាចា បញ្ជាក់ដូច្នេះ៖ «ការប្រឡងឌីប្លូមនិងបាក់ឌុប ត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព»។ នេះជាការជាការអះអាងរបស់ ។  
ការអះអាងនេះ គឺបន្ទាប់ពីកាលបរិច្ឆេទសម័យប្រឡងថ្នាក់ជាតិ សម្រាប់សិស្សបាក់ឌុប និងឌីប្លូម ត្រូវបានកំណត់រួចរាល់ហើយនោះ។ ការប្រឡងបាក់ឌុប សម្រាប់សិស្សសាលាឯកជន នឹងចាប់ប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ខណៈការប្រឡងឌីប្លូម នឹងចាប់ផ្តើមនៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២១។ 
 
បើតាមអ្នកនាំពាក្យក្រសួងអប់រំ សាលារៀនឯកជន គឺត្រូវតែរៀបចំការមណ្ឌលប្រឡង បន្ទប់ប្រឡង ដោយបែងចែងបន្ទប់ប្រឡងថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម ដោយឡែកពីគ្នា ហើយផ្ញើមកមន្ទីរអប់រំ យុវជននិងកីឡា រាជធានីខេត្ត ដើម្បីឲ្យក្រសួងអប់រំ ត្រួតពិនិត្យ និងសម្រេច។   ក្រសួងអប់រំ នឹងបញ្ជូនបុគ្គលិកអប់រំ នៅការិយាល័យជំនាញ ដើម្បីត្រួតពិនិត្យតាមមណ្ឌលប្រឡងមួយចំនួន ក្នុងករណីចាំបាច់  ដើម្បីឲ្យការប្រឡងនៅគ្រឹះស្ថានសិក្សាឯកជន ប្រព្រឹត្តទៅយ៉ាងរលូន ប្រកបដោយច្បាប់ យុត្តិធម៌ តម្លាភាព និងទទួលយកបានផងដែរ។ នេះជាការបញ្ជាក់របស់លោក រស់ សុវាចា។
 
ចំពោះសាលាឯកជន ដែលពុំមានលទ្ធភាព រៀបចំការប្រឡងនៅទីតាំងគ្រឹះស្ថានសិក្សារបស់ខ្លួន ក្នុងបរិបទកូវីដ-១៩ សិស្សានុសិស្សសាលាឯកជន ត្រូវចូលប្រឡងជាមួយនឹងសិស្សសាលារដ្ឋ។ កាលបរិច្ឆេទ ប្រឡងបាក់ឌុប សម្រាប់គ្រឹះស្ថានសិក្សារដ្ឋ គឺនៅថ្ងៃទី ៨ធ្នូ ឆ្នាំ២០២១ ហើយការប្រឡងឌីប្លូម នឹងចាប់ផ្តើមពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១។
សូមជម្រាបថា ចាប់តាំងពីថ្ងៃទី២០មីនាមក ក្រសួងអប់រំ បានសម្រេចបិទសាលារៀនទាំងរដ្ឋ និងឯកជនទាំងអស់ ដើម្បីដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ អំឡុងពេលបិទសាលា ជាង៣ខែមកនេះ ក្រសួងអប់រំ បានបន្តការបង្រៀនសិស្សតាមប្រព័ន្ធសិក្សាពីចម្ងាយ៕
 
 
 
 
 

Tag:
 ឌីប្លូម
 បាក់ឌុប
 រស់ សុវាចា
© រក្សាសិទ្ធិដោយ thmeythmey.com