អន្តរជាតិ
ប្រធានាធិបតីហ្វីលីពីន ព្រមានចាប់អ្នកមិនទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដាក់គុក
22, Jun 2021 , 4:29 pm        
រូបភាព
លោកប្រធានាធិបតីហ្វីលីពីន   រ៉ូឌ្រីហ្គោ ឌូទើតេ ពេលទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ រូបភាព៖ AFP
លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ពេលទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ រូបភាព៖ AFP
ដោយ៖ ជា ពេជ្រដាឡែន

ប្រធានាធិបតីហ្វីលីពីន លោក   រ៉ូឌ្រីហ្គោ ឌូទើតេ នៅថ្ងៃទី២១ ខែមិថុនា បានគំរាមដាក់ពន្ធនាគារចំពោះអ្នកមិនព្រមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ការព្រមានរបស់មេដឹកនាំហ្វីលីពីន ធ្វើឡើងស្របពេល កម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មានដំណើរការយឺត។

 
គិតត្រឹមថ្ងៃទី២០ ខែមិថុនា ប្រជាជនហ្វីលីពីន ត្រឹមតែ ២,១លាននាក់នៃប្រជាជនសរុប ១១០លានប៉ុណ្ណោះ បានទទួលវ៉ាក់សាំងពេញលេញ។ នេះជាចំនួនដ៏ទាបមួយ បើធៀបនឹងផែនការរបស់រដ្ឋាភិបាល ដែលបានគ្រោងចាក់វ៉ាក់សាំងឱ្យប្រជាជនចំនួន ៧០លាននាក់ នៅត្រឹមដំណាច់ឆ្នាំ២០២១។ 
 
ដោយមើលឃើញ កម្មវិធីចាក់វ៉ាក់សាំងមានដំណើរការយឺត លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានរំឭកប្រជាជនឱ្យទៅទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដើម្បីឈានទៅដល់បើកសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ និងបើកតំបន់ទេសចរណ៍។  
 
«អ្នកអាចជ្រើសរើសបាន រវាងការចាក់វ៉ាក់សាំង ឬខ្ញុំនឹងចាប់អ្នកដាក់ពន្ធនាគារ»។ ប្រធានាធិបតីហ្វីលីពីន បាននិយាយបែបនេះនៅក្នុងសុន្ទរកថា ដែលត្រូវបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍។ ពាក្យគំរាមនេះ ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ បង្ហាញថា ចំនួនអ្នកទៅវ៉ាក់សាំងនៅក្នុងតំបន់មួយចំនួនក្នុងទីក្រុងម៉ានីល មានចំនួនតិច។ 
 
ក្នុងន័យនេះ លោក ឌូទើតេ បានបន្តថា កុំគិតខុសមកលើលោក ព្រោះការធ្វើបែបនេះ ដើម្បីដោះស្រាយ ប្រទេសកំពុងមានវិបត្តិប៉ុណ្ណោះ។ បើតាមប្រធានាធិបតី លោកគ្រាន់តែមិនពេញចិត្តនឹងការមិនយកចិត្តទុកដាក់របស់ប្រជាជន ចំពោះការណែនាំរបស់រដ្ឋាភិបាល។
 
យ៉ាងណាមិញ ការគំរាមរបស់លោកឌូទើតេបែបនេះ  គឺផ្ទុយពីការលើកឡើងរបស់មន្រ្តីសុខាភិបាលហ្វីលីពីន ដែលបានជំរុញឱ្យប្រជាជនទៅទទួលវ៉ាក់សាំង តាមរយៈការស្ម័គ្រចិត្ត។
 
កន្លងមក អ្នកជំនាញផ្នែកសុខភាពហ្វីលីពីន បានលើកឡើងថា ប្រជាជនមានភាពស្ទាក់ស្ទើរ ទៅចាក់វ៉ាក់សាំង ដោយសារតែមូលហេតុមួយចំនួនដូចជា ការរង់ចាំចាក់វ៉ាក់សាំងដែលមានប្រសិទ្ធភាពខ្ពស់ ការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ដ្ឋាភិបាល និងបទពិសោធដ៏អាក្រក់របស់រដ្ឋាភិបាល ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម DengVaxia ក្នុងឆ្នាំ ២០១៦ ដែលធ្វើឱ្យកុមាររាប់ពាន់នាក់ស្ថិតក្នុងគ្រោះថ្នាក់។
 
មកទល់ពេលនេះ ហ្វីលីពីន មានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១,៣លាននាក់ និងអ្នកស្លាប់ចំនួន ២៣០០០នាក់៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com