អន្តរជាតិ
ចិន ច្រានចោលការិះគន់របស់ប្រទេសជាង៤០ លើបញ្ហាស៊ីនជាំង ហុងកុង និងទីបេ
23, Jun 2021 , 4:35 pm        
រូបភាព
ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet ។ រូបថត AFP
ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet ។ រូបថត AFP
ដោយ៖ ចាន់ ស៊ីណា
 
ប្រទេសជាង៤០ដែលដឹកមុខដោយកាណាដានៅថ្ងៃទី២២ ខែមិថុនា បានបង្ហាញការព្រួយបារម្ភខ្លាំងលើសកម្មភាពរបស់ចិននៅស៊ីនជាំង ហុងកុង និងទីបេអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ។ ចិន មានប្រតិកម្មតបយ៉ាងខ្លាំងចំពោះការលើកឡើងពីកង្វល់របស់ប្រទេសទាំងនោះ ហើយចុចឈ្មោះកាណាដាចំៗ ដោយប្រាប់ឱ្យដោះស្រាយបញ្ហាក្នុងស្រុកខ្លួនឯងសិន។

 
សេចក្តីថ្លែងការណ៍រួមរបស់ប្រទេសជាង ៤០ រួមមានអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន កាណាដា អេស្ប៉ាញ និងអាមេរិកជាដើមទាក់ទងសកម្មភាពរំលោភសិទ្ធិមនុស្សរបស់ចិន ត្រូវបានលើកឡើងនៅអំឡុងថ្ងៃទី២ នៃកិច្ចប្រជុំលើទី៤៧ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅក្រុងហ្សឺណែវ។
 
«យើងមានការព្រួយបារម្ភជាខ្លាំងពីស្ថានភាពសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង»។ នេះបើតាមការបញ្ជាក់ របស់អង្គរដ្ឋទូតកាណាដា លោក Leslie Norton នាកិច្ចប្រជុំដដែល។  សេចក្តីថ្លែងការណ៍រួមដដែល ក៏ទាមទារឱ្យក្រុងប៉េកាំង ទទួលអនុញ្ញាតឱ្យស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Michelle Bachelet ចូលទៅតំបន់ស៊ីនជាំង ហើយបញ្ចប់ការឃុំឃាំង និងធ្វើទារុណកម្មជនជាតិភាគតិចនៅទីនោះ។
 
តាមរយៈសេចក្តីថ្លែងការណ៍រួម ប្រទេសទាំង៤០ ក៏រិះគន់ពីការធ្លាក់ចុះនៃសេរីភាពនៅហុងកុង និងស្ថានភាពសិទ្ធិមនុស្សនៅទីបេផងដែរ។
 
ជាការឆ្លើយតបទៅ ចិនបានបដិសេធការធ្វើបាបជនជាតិភាគតិច។ តំណាងទីក្រុងប៉េកាំង ក៏បានអានសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងពីការព្រួយបារម្ភជាខ្លាំងពាក់ព័ន្ធការបំពានសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរលើជនជាតិដើមភាគតិចនៅកាណាដា ដោយបានរំលេចការរកឃើញផ្នូរកុមារជនជាតិដើមរាប់រយនាក់នាពេលថ្មីៗនេះ។
 
«ជាប្រវត្តិសាស្ត្រ កាណាដាបានប្លន់ទឹកដី សម្លាប់ និងលុបបំបាត់វប្បធម៌របស់ជនជាតិដើមភាគតិច»។ សេចក្តីថ្លែងការណ៍ចិនបានបញ្ជាក់បែបនេះ ដោយបានអំពាវនាវកាណាដាឱ្យបើកការស៊ើបអង្កេតឱ្យម៉ត់ចត់ និងមិនលំអៀងគ្រប់ករណីទាំងអស់ចំពោះអ្នកប្រព្រឹត្តបទឧក្រិដ្ឋលើជនជាតិដើមភាគតិច ជាពិសេសកុមារ។
 
ក្នុងកិច្ចប្រជុំនេះ តំណាងបេឡារុសប្រចាំហ្សឺណែវ បានអានសេចក្តីថ្លែងការណ៍រួមមួយផ្សេងទៀត ដែលតំណាងឱ្យប្រទេសមានជំហរគាំទ្រចិន។ សេចក្ដីថ្លែងការណ៍នេះ សង្កត់ធ្ងន់ថា ហុងកុង ស៊ីនជាំង និងទីបេជាកិច្ចការផ្ទៃក្នុងរបស់ចិន។
 
ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ចិនក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បានលើកឡើងថា កាណាដាបានទទួលស្គាល់ចំពោះកំហុសលើការសម្លាប់ជនជាតិដើមភាគតិចរបស់ខ្លួន។ លោក Justin បានបន្ថែមថា កាណាដាបានទទួលស្គាល់អ្វីបានធ្វើ ប៉ុន្តែរដ្ឋាភិបាលចិនមិនបានទទួលស្គាល់ពីបញ្ហាដែលខ្លួនធ្វើចំពោះជនជាតិភាគតិចវីហ្គ័រ និងជនជាតិភាគតិចផ្សេងឡើយ៕
 

Tag:
 ចិន
  កាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com