ជាតិ
និស្សិតខ្មែរ-អាមេរិកផ្តើមគំនិតរៀប«ធុងអាហារចល័ត»ជួយអ្នកខ្វះខាតនិងអ្នកធាក់ស៊ីក្លូនៅភ្នំពេញ
29, Jun 2021 , 8:59 am        
រូបភាព
ដោយ៖ តេង យ៉ាលីរ៉ូហ្ស៊ី
 
ភ្នំពេញ៖ ផលប៉ះពាល់ដែលបង្កឡើងពីការរីករាលដាលនៃជំងឺកូវីដ-១៩ បានជំរុញទឹកចិត្តយុវជនខ្មែរសិក្សានៅអាមេរិកម្នាក់ឲ្យផ្ដួចផ្ដើមការគម្រោងមួយដែលផ្តល់ជំនួយចាំបាច់ដល់ពលរដ្ឋមានជីវភាពខ្វះខាតជាពិសេសនៅរាជធានីភ្នំពេញ។ គម្រោងនោះគឺ ផ្តោតសំខាន់លើការជំរុញការបរិច្ចាគនិងចែកជូនម្ហូបអាហារដល់អ្នកខ្វះខាត និងជួយទ្រទ្រង់ការងារសម្រាប់អ្នកធាក់ស៊ីក្លូ ។



គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងដោយលោក តាំង ហ៊ួងហាវ អាយុ ២១ ឆ្នាំ ជានិស្សិតឆ្នាំទី៣ សិក្សាផ្នែកច្រវាក់ផលិតកម្ម និងការគ្រប់គ្រងប្រតិបត្តិការ នៅសាកលវិទ្យាល័យសាំងថូម៉ាស ក្នុងរដ្ឋមីនីសូតា  ក្នុងពេលដែលលោកកំពុងជាប់ក្នុងប្រទេសកម្ពុជាដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ 
 
តាមពិតទៅ លោក ហ៊ួងហាវ ត្រឡប់មកកម្ពុជាតាំងពីខែមករា ឆ្នាំ២០២០ ក្នុងគោលបំណងសួរសុខទុក្ខឪពុកម្ដាយ។ ប៉ុន្តែដ្បិតការរីករាយដាលជាសកលនៃជំងឺកូវីដ-១៩ បង្ខំឱ្យរូបលោកត្រូវបន្តសិក្សាពីកម្ពុជាវិញ។
 
បើតាមការរៀបរាប់របស់លោក ហ៊ួងហាវ គំនិតផ្តួចផ្តើមចែកម្ហូបអាហារជូនអ្នកខ្វះខាតនេះនេះត្រូវបានចាប់ផ្ដើមឡើង ក្នុងពេលលោកចាប់ផ្តើមការងារលើគម្រោងថតរូបមួយមានឈ្មោះ «ជនណាដែលខ្វះខាតបំផុតនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែរស់នៅដោយភាពសប្បាយរីករាយ? » កាលពីចុងឆ្នាំ ២០២០។ 
 
ក្រុមមនុស្សដែលលោក ហ៊ួងហាវ គិតដល់មុនគេគឺអ្នកធាក់ស៊ីក្លូ ព្រោះលោកធ្លាប់មានអតីតកាលល្អពីក្មេងជាមួយលោកយាយរបស់លោកដែលជាបុគ្គលចូលចិត្តស៊ីក្លូ និងដែលបានចែកឋានទៅហើយនោះ។ 
 



ម្យ៉ាងវិញទៀត និស្សិតរូបនេះបានបញ្ជាក់ថា លោកបានជួបជាមួយលោកតាធាក់ស៊ីក្លូម្នាក់មានអាយុ ៦៨ ឆ្នាំ ហើយលោកតាបានចែករម្លែកនូវរឿងរ៉ាវផ្ទាល់ខ្លួនជាច្រើន។ រឿងទាំងអស់នេះ ជាចំណុចមួយចម្បងដែលបានជំរុញទឹកចិត្តលោកឲ្យចែករម្លែករឿងរ៉ាវទាំងនោះ ក៏ដូចជាស្វះស្វែងរកជំនួយជូនលោកតាតាមរយៈបណ្ដាញសង្គមដែរ។
 
សម្រាប់រូបខ្លួនលោកផ្ទាល់ដែលជាអ្នកចូលចិត្តថតរូបភាពតាមដងផ្លូវ អ្នកធាក់ស៊ីក្លូមានរឿងរ៉ាវពិសេសច្រើនណាស់ដែលអាចចែករម្លែកជាប្រយោជន៍ដល់មនុស្សទូទៅ ដ្បិតពួកគាត់បានចំណាយពេលវេលាច្រើនដែរដើម្បីស្វែងយល់ពីសង្គម។
 
លោកហ៊ួងហាវ បានលើកឡើងដូច្នេះ៖ «អ្នកធាក់ស៊ីក្លូគឺមិនមែនត្រឹមតែជាអ្នកធាក់ស៊ីក្លូនោះទេ ប៉ុន្តែពួកគាត់ជាឪពុក លោកពូ និងបុគ្គលដែលពោរពេញទៅដោយរឿងរ៉ាវ។ ពួកគាត់រស់នៅកម្ពុជាអស់រយៈកាលជាច្រើន ពួកគាត់យល់ច្បាស់ពីប្រទេសជាតិ ពីទីក្រុង និងជាមនុស្សមានតម្លៃ មិនមែនត្រឹមតែជាមនុស្សចាស់ជរានោះទេ»។ 
 
បង្កើតគម្រោងសហគមន៍ផ្តល់ជំនួយសម្រាប់អ្នកខ្វះខាតដែលមាននិរន្តរភាព
យ៉ាងណាមិញ ដោយសារមានបំណងធ្វើឲ្យជំនួយដែលលោកផ្តល់ជូនលោកតា និងអ្នកធាក់ស៊ីក្លូដែលជួបការលំបាកដ៏ទៃទៀតអាចបន្តទៅមុខយូរអង្វែង លោក ហ៊ួងហាវ សម្រេចចិត្តស្វែងរកការសហការពីកន្លែងផ្សេងៗដើម្បីពួតដៃគ្នាចែកអាហារ និងជួយស្វែងរកអតិថិជនឱ្យអ្នកធាក់ស៊ីក្លូទាំងនោះផង។
 
ដោយហេតុថា បញ្ហាកូវីដបន្តវាយលុកខ្លាំងនៅកម្ពុជាជាពិសេសនៅរាជធានីភ្នំពេញ និស្សិតរូបគិតដល់ការបង្កើតសហគមន៍ផ្តល់ជំនួយមួយដែលមានឈ្មោះថា Local4Local ក្នុងខែមេសាកន្លងទៅ។
 
បើតាមការពន្យល់ គំនិតផ្តួចផ្តើម Local4Local គឺជាគម្រោងសហគមន៍មួយដែលមានគោលដៅ ចម្បងជួយផ្គត់ផ្គង់ម្ហូបអាហារជារៀងរាល់ថ្ងៃដល់ជនមានជីវភាពខ្វះខាតរស់នៅតាមចិញ្ចើមផ្លូវ និងជួយគាំទ្រជីវភាពរស់នៅរបស់អ្នកធាក់ស៊ីក្លូផងដែរ។
 
មិនតែប៉ុណ្ណោះទេ គម្រោងLocal4Local ក៏ធ្លាប់បានចូលរួមជួយឧបត្ថម្ភចំណីអាហារដល់អង្គការមួយចំនួន និងក្រុមគ្រួសារខ្វះខាតដែលរស់នៅក្នុងតំបន់បិទខ្ទប់ក្នុងអំឡុងពេលកូវីដវាយលុកខ្លាំងផងដែរ។ នេះបើតាមការលើកឡើងរបស់និស្សិតវ័យ ២១ឆ្នាំ។
 
 ថវិកាដែលលោកទទួលបានពីសប្បុរសជន ក្រៅពីចំណាយលើម្ហូបអាហារក្រៀម និងសម្ភារៈផ្សេងៗ គឺចំណាយទៅលើលោកអ៊ំអាជីវករមួយចំនួនដែលចាត់ចែងចម្អិនម្ហូបជាប្រចាំថ្ងៃសម្រាប់ចែកចាយ។ ម្យ៉ាងវិញទៀត លោកតាដែលធាក់ស៊ីក្លូក៏មានតួនាទីចែកចាយម្ហូបទៅតាមតំបន់ខ្វះខាតនានា ដោយពួកគាត់ទួលបានប្រាក់ខែជាប្រចាំដែរ។  ប្រាក់ខែទាំងនោះគឺជាផ្នែកនៃថវិកាដែលបានពីការឧបត្ថម្ភរបស់សប្បុរសជន ដែលលោក ហ៊ួងហាវ ទទួលបាន។
 
លោក ហ៊ួង ហាវ រៀបរាប់ថា តាំងពីពេលចាប់ផ្ដើមក្នុងខែមេសាមក គ្រួសារប្រហែល ៨០០ បានទទួលកញ្ចប់ឧបត្ថម្ភកូវីត ខណៈដែលអាហារប្រហែល ១៩,០០០ កញ្ចប់ត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋដែលខ្វះខាត។
 



ធុងអាហារចល័តសម្រាប់អ្នកខ្វះខាតស្ថិតក្នុងគម្រោងទាំងប្រាំ 
សព្វថ្ងៃនេះ គំនិតផ្តួតផ្តើម Local4Local មានគម្រោងចំនួនបី ដែលកំពុងស្ថិតក្នុងដំណើរការ ខណៈដែលគម្រោងចំនួនពីរផ្សេងទៀត ដែលនឹងត្រូវអនុវត្តនៅពេលខាងមុខ។ នេះជាការពន្យល់របស់យុវជន ហ៊ួងហាវ។
 
គម្រោងទីមួយគឺ ធុងសហគមន៍ស៊ីក្លូ ដែលមានការចូលរួមពីសមាគមស៊ីក្លូ។ ធុងសហគមន៍ស៊ីក្លូ គឺជាប្រភេទធុងចល័តសម្រាប់ផ្ទុកស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដែលសប្បុរសជនបរិច្ចាគ។ 
 
អ្នកទាំងឡាយណាដែលត្រូវការជំនួយអាចយករបស់របរពីក្នុងធុងស៊ីក្លូនេះដើម្បីប្រើប្រាស់បាន។ អ្វីដែលសំខាន់ លោកតាស៊ីក្លូក៏មានភារកិច្ចជួយយករបស់របរនៅក្នុងធុងទៅចែកចាយដល់ប្រជាជនក្រីក្រមួយចំនួន តាមទីតាំងផ្សេងៗគ្នាផងដែរ។
 
លោក ហ៊ួងហាវ បានពន្យល់ដូច្នេះ«គោលបំណងនៃធុងអាហារចល័តនេះគឺដើម្បីជំរុញឱ្យមានទឹកចិត្តធ្វើល្អ និងការសាមគ្គីគ្នានៅក្នុងសង្គម។ នរណាក៏អាចបរិច្ចាគបានដែរ តិចក្ដី ច្រើនក្ដី គឺសុទ្ធតែជាទឹកចិត្តរបស់បងប្អូនគ្នាយើង ជួយគ្នាទៅវិញទៅមក»។
 
ពេលសាកសួរថា ពីប្រភពនៃគំនិតក្នុងការបង្កើតគម្រោងដូចជាធុងចល័តជួយជនក្រីក្រនេះ លោក ហ៊ួងហាវ បានរៀបរាប់ថា លោកបានឃើញធុងអាហារចល័តសាធារណៈបែបនេះនៅសហរដ្ឋអាមេរិក និងក្នុងសកលវិទ្យាល័យរបស់លោក។ វាផ្តល់ជាគំនិតមួយសម្រាប់លោកផ្ទាល់ក្នុងការយកធុងអាហារចល័ត មកអនុវត្ត ដ្បិតថា វាពិតជាបានបម្រើផលប្រយោជន៍ដល់សាធារណជននៅឯសហរដ្ឋអាមេរិក លោកក៏ចង់បង្កើតឱ្យមាននៅក្នុងស្រុកខ្មែរដើម្បីជួយរំលែកការលំបាកដល់ជនរួមជាតិ។
 
បើតាមការពន្យល់របស់លោក ហ៊ួងហាវ សព្វថ្ងៃនេះធុងអាហារចល័តត្រូវបានដាក់នៅទីតាំងពីរ។ មួយស្ថិតនៅមុខវត្តបទុមវត្តី និងមួយទៀតស្ថិតនៅមាត់ទន្លេ។ រាល់សប្បុរសជនអាចបរិច្ចាគរបស់របរឬចំណីអាហារចាប់ពីម៉ោង ៩ ឬ១០ព្រឹក។ ចំណែកឯអ្នកខ្វះខាតអាចមកយករបស់ទាំងនោះបាននៅម៉ោង៤ល្ងាច។
 
យ៉ាងណាមិញ ក្នុងករណីដែលអ្នកបរិច្ចាគតិច ឬមិនមានអ្នកបរិច្ចាគក្នុងថ្ងៃនីមួយៗ ខាងសមាគមត្រូវរៀបចំយកស្បៀងអាហារ និងរបស់របរប្រើប្រាស់ទៅបំពេញក្នុងធុងនោះជំនួស។ លោក ហ៊ួងហាវ អះអាងថា ធុងនេះនឹងត្រូវបង្កើតឡើងនៅទីតាំងចំនួនបួនថែមទៀតក្នុងសប្តាហ៍នេះ។
 
ត្រឡប់មកវិញ គម្រោងទីពីររបស់លោកគឺ ការចែកជូនប័ណ្ណអាហារស៊ីក្លូដល់អ្នកធាក់ស៊ីក្លូ ដោយ ពួកគាត់អាចបរិភោគអាហារបាននៅតាមហាងដៃគូសហការនៅរាជធានីភ្នំពេញ។ ក្នុងមួយសប្តាហ៍ពួកគាត់ម្នាក់ៗទទួលបានប័ណ្ណចំនួនប្រាំពីរសន្លឹក ដោយក្នុងមួយសន្លឹក ពួកគាត់អាចដូរបានអាហារចំនួនមួយដងសម្រាប់ការបរិភោគមួយឆ្អែត។ បន្ថែមពីនេះពួកគាត់ក៏អាចចែករម្លែកប័ណ្ណអាហារទាំងនោះទៅកាន់មនុស្សលំបាកដ៏ទៃផ្សេងទៀតដែរ។
 
សម្រាប់លោក  ហ៊ួងហាវ ការចែកប័ណ្ណនេះគឺដើម្បីបញ្ចៀសការជួបជុំពេលរង់ចាំទទួលអាហារ ហើយលោកយល់ថាមនុស្សគ្រប់គ្នាគួរតែមានលទ្ធភាពបរិភោគអាហារក្ដៅៗរៀងរាល់ថ្ងៃដូចជារូបលោកដែរ។ 
 
ចំណែកឯគម្រោងទីបីគឺ ដំណើរកំសាន្តស៊ីក្លូ ដែលធ្វើឡើងរៀងរាល់ថ្ងៃអាទិត្យ។ ដំណើរកំសាន្តស៊ីក្លូគឺចង់សំដៅទៅលើការបន្ថែមមុខរបរទៅឱ្យអ្នកធាក់ស៊ីក្លូ ដើម្បីទទួលបានចំណូលបន្ថែមផង និងលើកកម្ពស់ទេសចរណ៍ នៅពេលដែលកូវីដ-១៩ បានរលត់ទៅទាំងស្រុងផង។ បើតាមការបញ្ជាក់របស់លោក ហ៊ួងហាវ ជារៀងរាល់សប្ដាហ៍ អ្នកធាក់ស៊ីក្លូនឹងនាំភ្ញៀវទៅទស្សនាកន្លែងផ្សេងៗពីគ្នានៅក្នុងរាជធានីភ្នំពេញ។
 
ចំណែកគម្រោងទីបួនវិញ គឺជាការប្រកួតប្រជែងបែបផែនអនាគតស៊ីក្លូ ដែលគម្រោងនេះមានការចូលរួមពីក្រុមហ៊ុន Prudential Cambodia។ គម្រោងនេះផ្តោតលើការរៀបចំការប្រកួតប្រជែងគំនូរទាក់ទងនឹងរូបរាងរបស់ស៊ីក្លូនៅថ្ងៃអនាគត។ គោលបំណងក្នុងគម្រោងនេះគឺដើម្បីជំរុញឱ្យយុវជនបង្កើតគំនិតច្នៃប្រឌិតដែលអាចក្លាយជាការពិតនៅថ្ងៃណាមួយ។ 
លោកបានបញ្ជាក់ថា ការប្រកួតប្រជែងនេះអាចនឹងចាប់ផ្ដើមផ្សព្វផ្សាយចាប់ពីខែកក្កដាខាងមុននេះ។
 
រីឯគម្រោងទីប្រាំគឺ កម្មវិធីស្ម័គ្រ័ចិត្តរបស់ Local4Local។ លោក ហ៊ួងហាវ ពន្យល់ថា ក្នុងគម្រោងនេះ លោកចង់សហការជាមួយសាលារៀន និងអង្គការផ្សេងៗ ដើម្បីបង្កើតឱ្យមានផ្ទះបាយសម្រាប់សិស្សានុសិស្សក៏ដូចជាសាធារណជន អាចស្ម័គ្រចិត្តចម្អិនម្ហូបអាហារសម្រាប់បរិច្ចាគទៅកាន់ជនខ្វះខាត។ ប៉ុន្តែគម្រោងនេះមិនទាន់អាចដាក់ឲ្យដំណើរការនៅឡើយទេ ដ្បិតថា សាលារៀននៅបន្តបិទដោយសារជំងឺកូវីដ-១៩នៅឡើយ។
 
ប្រឈមការលំបាកខ្លះតែប្រឹងជម្នះដើម្បីជួយអ្នកខ្វះខាត
តាមពិតទៅ ការរៀបចំ និងធានាថា គម្រោងទាំងនេះបន្តដំណើរការជាទំនួលខុសត្រូវធំបំផុតសម្រាប់លោក ហ៊ួងហាវ។ ប្រាកដណាស់ថា វាចៀសមិនផុតទេដែលប្រឈមមុខនឹងបញ្ហាជាច្រើន។ 
 
ជុំវិញបញ្ហាប្រឈមនេះ លោក ហ៊ួងហាវ បានរៀបរាប់ថា បញ្ហាពេលវេលា និង ភាពនឿយហត់ខ្លាំង ជាបញ្ហាប្រឈមួយធំ ដ្បិតថា លោកជានិស្សិតពេញម៉ោង និងត្រូវធ្វើការទាំងអស់តែម្នាក់។  យ៉ាងណាមិញ លោកពន្យល់ថា ខ្លួនលោកផ្ទាល់នៅតែព្យាយាមគ្រប់គ្រងពេលវេលាសម្រាប់ខ្លួន និងបែងចែកពេលវេលាមួយថ្ងៃមួយម៉ោងសម្រាកលំហែអារម្មណ៍ខ្លះ។
 
«បន្ទាប់ពីធ្វើការពេញមួយថ្ងៃ ខ្ញុំទុកពេលពីកន្លះម៉ោងទៅមួយម៉ោងសម្រាប់ខ្លួនឯង ដើម្បីលេងបាល់បោះដែលជាចំណង់ចំណូលចិត្ត ឬធ្វើសមាធិដើម្បីឱ្យអារម្មណ៍ស្រស់ស្រាយ»។ នេះជាការលើកឡើងរបស់លោក ហ៊ួងហាវ។
 
ក្រៅពីបញ្ហាប្រឈម យុវជនរូបនេះនឹងត្រូវត្រឡប់ទៅសហរដ្ឋអាមេរិកដើម្បីបន្តការសិក្សារបស់ខ្លួន ក្នុងខែកញ្ញាខាងមុខនេះហើយ។ វាក្លាយជាមូលហេតុដែលធ្វើឲ្យលោកមានក្តីបារម្ភជាខ្លាំងពីអនាគតនៃគម្រោងរបស់លោកផងដែរ។ ទោះជាបែបនេះក្តី  លោកនៅតែមានទំនុកចិត្តថា ខ្លួននឹងអាចបន្តធ្វើការពីចម្ងាយ ដោយមានការជ្រោមជ្រែងពីដៃគូនៅកម្ពុជាដើម្បីធានានិរន្តរភាពនៃគម្រោងទាំងនោះ ក្នុងពេលដែលលោកទៅដល់អាមេរិកវិញ។
 
ម្យ៉ាងវិញទៀត លោក ហ៊ួងហាវ ក៏កំពុងតែព្យាយាមទាក់ទងទៅកាន់អង្គការមូលនិធិកុមារកម្ពុជា (Cambodia Children’s Fund) ដើម្បីស្វែងរកកិច្ចសហការណាមួយ រួមទាំងដាក់គម្រោងរបស់លោកឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការផងដែរ។
 
អ្វីដែលរូបលោកផ្ទាល់ចង់ឃើញ គឺការចូលរួមរបស់ជនរួមជាតិ ដើម្បីចែករម្លែកក្តីស្រលាញ់ និងធ្វើអំពើល្អទៅកាន់អ្នកជុំវិញខ្លួន ដើម្បីបង្កើតនូវសេចក្ដីញញឹមឱ្យបានច្រើនជាប្រយោជន៍ដល់សហគមន៍ និងសង្គមទាំងមូលផង៕ 
 


រូបភាពពី ៖ Local4Local - លូខលហ្វរលូខល
 

Tag:
 ធុងអាហារចល័ត
  ស៊ីក្លូ
© រក្សាសិទ្ធិដោយ thmeythmey.com