ជាតិ
សុខភាព
កម្ពុជា រកឃើញជំងឺកូវីដ-១៩បំប្លែងថ្មី«Delta»ជាបន្តបន្ទាប់ លើអ្នកដំណើរមកពីថៃ
29, Jun 2021 , 4:59 pm        
រូបភាព
ភ្នំពេញ៖ កម្ពុជា បានឃើញជំងឺកូវីដ-១៩បំប្លែងថ្មីប្រភេទ«Delta» ជាបន្តបន្ទាប់ នៅលើពលរដ្ឋដែលធ្វើដំណើរមកពីប្រទេសថៃ។ នេះជាការលើកឡើងរបស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការសុខាភិបាល ដោយបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ដល់ទី២៥មិថុនា ឆ្នាំ២០២១ កម្ពុជារកមនុស្សចំនួន២២នាក់ហើយ ដែលឆ្លងនូវជំងឺកូវីដ-១៩បំប្លែងថ្មីប្រភេទDelta នេះ។


តាមរយៈសារជាសំឡេងជាង២នាទីរបស់លោកស្រី ឱ វណ្ណឌីន នៅក្នុងប្រព័ន្ធទំនាក់ទំនងសង្គមតេលេក្រាម នារសៀលថ្ងៃទី២៩មិថុនា បានរៀបរាប់ថា ក្រសួងសុខាភិបាលបានប្រកាសរកឃើញជំងឺកូវីដ-១៩បំប្លែងថ្មីប្រភេទ«Delta» ចំនួន៣ករណី នៅថ្ងៃទី៤មិថុនា និងរកឃើញ៧ករណីទៀតនៅថ្ងៃទី១៤មិថុនា។ រហូតដល់ថ្ងៃទី២៥មិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល ក៏បានរកឃើញជំងឺកូវីដ-១៩បំប្លែងថ្មីប្រភេទ«Delta» ចំនួន១២ករណីទៀត។  រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានបញ្ជាក់ថា មនុស្សដែលមានផ្ទុកជំងឺកូវីដ-១៩បំប្លែងថ្មីប្រភេទ«Delta»នេះ គឺសុទ្ធសឹងជាអ្នកមានប្រវត្តិធ្វើដំណើរមកពីប្រទេសថៃ។




 លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ដូច្នេះ៖ «ឥឡូវនៅកម្ពុជារបស់យើង អ្វីដែលយើងត្រូវយកចិត្តទុកដាក់ទាំងអស់គ្នានៅពេលនេះ គឺការរកឃើញជាបណ្តើរៗនូវពពួក[ជំងឺកូវីដ-១៩] បំប្លែងថ្មី ដែលគេហៅថា Delta»។ បើអ្នកជំនាញលើវិស័យសុខាភិបាលរូបនេះ ការចម្លងនៃមេរោគកូវីដ-១៩ប្រភេទ Delta មកពីឥណ្ឌានេះ នៅប្រទេសមួយចំនួនក្នុងពិភពលោក គឺមានភាពសាហាវខ្លាំងជាមេរោគមុនៗរហូតដល់ទៅ១៥ដង។ ពោលការចម្លងមេរោគកូវីដ-១៩ប្រភេទDeltaនេះ គឺខ្លាំងជាងការចម្លងពីពេលកន្លងទៅ ខណៈក្រសួងមិនទាន់ដឹងថាមេរោគកូវីដ-១៩ នេះ មានអត្តចរិកបែបណានៅឡើយ។
 
គិតត្រឹមថ្ងៃទី២៨ ខែមិថុនា កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប  ៤៩ ២៥៥នាក់ ក្នុងនោះ ២៤០៩ នាក់ករណីនាំចូល។ អ្នកជាសះស្បើយមានចំនួន ៤៣ ៤៧៣ នាក់ និងស្លាប់សរុប ៥៧៥នាក់៕
 
 

Tag:
 COVID-19
  Delta
© រក្សាសិទ្ធិដោយ thmeythmey.com