ជាតិ
សេដ្ឋកិច្ច
រដ្ឋ បន្តឧបត្ថម្ភប្រាក់៤០ដុល្លារដល់និយោជិត ក្នុងវិស័យកាត់ដេរនិងទេសចរណ៍ ៣ខែទៀត
30, Jun 2021 , 7:59 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋាភិបាល សម្រេចបន្តផ្តល់ប្រាក់ចំនួន៤០ដុល្លារដល់កម្មករឬនិយោជិតម្នាក់ នៅក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលបាត់បង់ឬព្យួរការងារដោយសារជំងឺកូវីដ-១៩ ក្នុងរយៈពេល៣ខែទៀត ។ ប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលនេះ នឹងផ្តល់ជូននិយោជិតនីមួយៗ ចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាល នៅថ្ងៃទី២៩មិថុនា។

 
រដ្ឋាភិបាល សម្រេចបន្តវិធានការជួយវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ, កាបូប និងវិស័យទេសចរណ៍ ដើម្បីជួយដោះស្រាយផលប៉ះពាល់ និងស្តារសេដ្ឋកិច្ចកម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។  ជាមួយគ្នានេះ រដ្ឋ ក៏បន្តការមិនយកពន្ធដារគ្រប់ប្រភេទ សម្រាប់រយៈពេល៣ខែទៀត ចំពោះអាជីវកម្មក្នុងវិស័យទេសចរណ៍។ 
 
បើតាមសេចក្តីប្រកាសព័ត៌មានរដ្ឋាភិបាល និយោជិតក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ នឹងបន្តទទួលប្រាក់ឧបត្ថម្ភ ៤០ដុល្លារ សម្រាប់រយៈពេល៣ខែទៀត ដោយចាប់ពីខែកក្កដាដល់ខែសីហា ឆ្នាំ២០២១នោះ ។ ក្រៅពីនេះ  និយោជិត ដែលធ្វើការងារ ក្នុងវិស័យទេសចរណ៍ ដូចជា៖ អ្នកធ្វើការតាមសណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងភ្នាក់ងារទេសចរណ៍ ក៏ទទួលបានប្រាក់ឧបត្ថម្ភចំនួន៤០ដុល្លារនេះ ពីរដ្ឋាភិបាលផងដែរ។
 
សម្រាប់រយៈពេល៣ខែនេះ រដ្ឋាភិបាលក៏បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនានា ដែលស្ថិតនៅរាជធានីភ្នំពេញ និងខេត្តគោលដៅមួយចំនួន។ ក្នុងនោះរួមមានទីតាំងនៅខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត, ក្រុងបាវិត(ខេត្តស្វាយវៀង) និងក្រុងប៉ោយប៉ែត (បន្ទាយមានជ័យ)។ ប៉ុន្តែរដ្ឋាភិបាល បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការលើកលែងពន្ធគ្រប់ប្រភេទនេះ  ម្ចាស់អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ។
 
ជាមួយគ្នានេះ រដ្ឋបានបន្តលើកលែងការបង់វិភាគទានរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពនៃបេឡាជាតិសន្តិសុខសង្គម ក្នុងអំឡុងពេលព្យួរអាជីវកម្ម ឬផ្អាកដំណើរការអាជីវកម្ម និងបន្តពន្យារការចាប់ផ្តើមអនុវត្តរបបសន្តិសុខសង្គមផ្នែកសោធនរហូតដល់ដំណាច់ ខែធ្នូ ឆ្នាំ២០២១៕
 

Tag:
 COVID-19
  ទេសចរណ៍
  កាត់ដេរ
  និយោជិត
© រក្សាសិទ្ធិដោយ thmeythmey.com