កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd យល់ព្រមតម្លៃ១០០លានដុល្លារ ដើម្បីទិញយក Sancho ពី Dortmund
01, Jul 2021 , 8:05 am        
រូបភាព

Manchester United ត្រូវរូវគ្នាជាមួយ Borussia Dortmund ក្នុងការទិញយកខ្សែបម្រើ Jadon Sancho ហើយដោយយល់ព្រមក្នុងតម្លៃផ្ទេរ ៧៣លានផោន (១០០ លានដុល្លារអាមេរិក)។ នេះបើតាមការចុះផ្សាយរបស់កាសែត BBC។



ខ្សែបម្រើអន្តរជាតិអង់គ្លេស វ័យ២១ឆ្នាំដែលមិនទាន់យល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួន និងពិនិត្យសុខភាពនៅ Old Trafford នៅឡើយ ត្រូវបានគេរំពឹងថានឹងចុះកិច្ចសន្យារយៈពេល៥ ទៅ៦ឆ្នាំជាមួយក្លិបយក្សអង់គ្លេសមួយនេះ។

តម្លៃខ្លួនរបស់ Sancho ចំនួន ១០០លានដុល្លារ បានកើនដល់ទៅ៥ដងបើធៀបកាលរូបគេផ្លាស់ពី Man City ទៅ Dortmund កាលពីឆ្នាំ២០១៧។ តម្លៃនេះ ក៏បានធ្វើឱ្យរូបគេក្លាយជាកីឡាករអង់គ្លេសថ្លៃជាងគេលំដាប់ទី២ បន្ទាប់ពី Harry Maguire ដែលផ្លាស់ពី Leicester City ទៅ Man Utd ក្នុងតម្លៃ ១១០លានដុល្លារកាលឆ្នាំ ២០១៩។

លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅក្រុមបិសាចក្រហមបានកំណត់យុទ្ធសាស្ត្រសំខាន់ៗចំនួន៤ ដើម្បីបង្កើនភាពខ្លាំងឱ្យក្រុមក្នុងការប្រជែងពានលំដាប់កំពូលៗរដូវកាលក្រោយ។ រដូវកាលមុន Man Utd បានត្រឹមរងជើងឯកលីគកំពូលអង់គ្លេស និង Europa League ប៉ុណ្ណោះ។

Sancho នឹងក្លាយជាកីឡាករដំបូងដែលលោក Solskjaer យកទៅ Old Trafford ដើមរដូវកាល ២០២១-២២ ស្របពេលអ្នកចាត់ការសញ្ជាតិន័រវែស កំពុងស្វែងរកកីឡាករបន្ថែមទៅបំពេញតំបន់បម្រើ និងប្រយុទ្ធ។

Sancho ដែលធ្វើដំណើរជាមួយជម្រើសជាតិអង់គ្លេសប្រជែងពាន Euro 2020 រកបាន៥០គ្រាប់ និបញ្ជូនបាល់ឱ្យដៃគូសម្រេចទី (assist) ដល់ទៅ៥៧លើក ក្នុងការបង្ហាញខ្លួន១៣៧ប្រកួតឱ្យ Dortmund៕



© រក្សាសិទ្ធិដោយ thmeythmey.com