COVID-19
ជាតិ
សម្ដេច ហ៊ុន សែន ៖ ព្រឹត្តិការណ៍២០កុម្ភៈ អូសបន្លាយពេលយូរទៀត ខណៈវីរុស«ដែលតា» ជាគ្រោះថ្នាក់ធំបំផុត
01, Jul 2021 , 9:22 am        
រូបភាព
ភ្នំពេញ៖ ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ នឹងនៅបន្តអូសបន្លាយរយៈពេលយូរទៀត ដោយមិនទាន់អាចបញ្ចប់ភ្លាមៗទេ ខណៈវីរុសបំប្លែងថ្មី «ដែលតា» ដែលមានប្រភពពីឥណ្ឌា កំពុងរាតត្បាតនៅកម្ពុជា គឺជាគ្រោះថ្នាក់ធំបំផុត។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន។


 
ថ្លែងក្នុងកិច្ចប្រជុំតាមអនឡាញជាមួយមន្ត្រីរដ្ឋាភិបាល ដោយមានការផ្សាយបន្តផ្ទាល់ នៅថ្ងៃទី១ កក្កដា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរបន្តការទប់ស្កាត់ការនាំចូលនូវកូវីដ-១៩ បំប្លែងថ្មី ដោយពង្រឹងច្រកចេញចូលតាមព្រំដែន និងទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។ បើតាមសម្ដេច ហ៊ុន សែន ព្រំដែនគោក គឺបានពង្រឹងវិធានការ តាំងពីមានការផ្ទុះកូវីដ-១៩ បំប្លែងថ្មី នៅថៃ និងវៀតណាម។ សម្រាប់ព្រំដែនឡាវ គឺមិនមានការពង្រឹងវិធានការទេ ដោយឡាវ មិនសូវមានករណីផ្ទុះខ្លាំង។
 
«ប៉ុន្តែឥឡូវនេះ គេចាត់ទុកអាគ្រោះថ្នាក់ធំបំផុត «ដែលតា» ដែលមានប្រភពមកពីឥណ្ឌា»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលបញ្ជាឱ្យអាជ្ញាធរតាមពង្រឹងវិធានការតាមព្រំដែនថៃ ឱ្យបានម៉ត់ចត់ដោយសារពលករខ្មែរ សម្រុកចេញពីថៃច្រើនមកកម្ពុជា។ ដោយឡែកការឆ្លងពីវៀតណាមវិញ គឺកើតចេញពីអនិកជនវៀតណាម នាំចូលមកកម្ពុជា។ សម្ដេច ហ៊ុន សែន ក៏បានបញ្ជាឱ្យអាជ្ញាធរតាមព្រំដែនវៀតណាម ពង្រឹង និងហាមការចេញចូលរបស់អនិកជនវៀតណាម បើសិនជាគ្មានភារកិច្ចចាំបាច់។
 
ដ្បិតសម្ដេច លើកឡើងបែបនេះក្តី ក៏បន្តែសម្ដេច ក៏ទទួលស្គាល់ថា ករណីឆ្លងកូវីដ-១៩នេះ មិនអាចចោទប្រកាន់គ្នាទៅវិញទៅមកនោះទេ។ «យើងមិនចោទថា ការឆ្លងនោះមកពីវៀតណាម ។ វៀតណាមមិនអាចចោទការឆ្លងនេះ មកពីកម្ពុជា ហើយកម្ពុជាមិនអាចចោទការឆ្លងនោះមកពីថៃ ហើយថៃក៏មិនអាចចោទថា ការឆ្លងនេះមកពីកម្ពុជានោះដែរ»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលបញ្ជាឱ្យអាជ្ញាធរ និងមន្ត្រីជំនាញតាមព្រំដែន ត្រូវមានឧបករណ៍ធ្វើតេស្តរហ័សរកកូវីដ-១៩ និងម៉ាស៊ីនPCR តេស្ត ដើម្បីងាយស្រួលទប់ស្កាត់ និងគ្រប់គ្រងស្ថានការណ៍។    
 

© រក្សាសិទ្ធិដោយ thmeythmey.com